កណ្ដាលៈ មន្ត្រីនគរបាល និង​ពលរដ្ឋ​ដែល​រស់នៅ​ស្រុក​កោះធំ​ខេត្តកណ្តាល​សុំ​មិន​បញ្ចេញឈ្មោះ​ស្នើ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ស ខេង ​ជួយ​អន្តរាគមន៍​ និង​ពិនិត្យមើល​ការងារ​របស់​លោក ស៊ីម ឃាង អធិការ​នគរបាល​ស្រុក​កោះធំ​ដោយ​មន្ត្រីក្រោមឱវាទ​ចោទ​លោក​អធិការ​ថា ប្រកាន់​បក្ខពួក​ធ្វើឱ្យ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង និង​ប្រព្រឹត្ត​អំពើពុករលួយ​ជាដើម​។

ក្នុង​ពាក្យបណ្តឹង​របស់​មន្ត្រី​នគរបាល និង​ពលរដ្ឋ​នៅ​ស្រុក​កោះធំ​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​ពី​ម្សិលមិញ​បានស្នើ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង លោក​ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ឈឿន សុចិត្រ ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ឱ្យ​អន្តរាគមន៍​លើ​ករណី​​នេះ​។ ​

ក្នុង​ពាក្យបណ្តឹង​បាន​សរសេរ​​ថា​៖ «​ចាប់តាំងពី​លោក​អធិការ ស៊ីម ឃាង បាន​ចូលមក​កាន់​មុខ​​តំណែង​ជា​អធិការនគរបាល​ស្រុក​កោះធំ​ក្នុង​ឆ្នាំ​ ២០១៧ ​មក​គឺ​លោក​បាន​ធ្វើឱ្យ​មន្ត្រីនគរបាល​ជាតិ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ទាំងមូល​មាន​ការបែកបាក់​សាមគី្គភាព​ផ្ទៃក្នុង​ដោយសារ​លោក ស៊ីម ឃាង ប្រកាន់​បក្ខពួកនិយម ហើយ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​...»​។

ជាមួយ​នេះ​ដែរ ក្នុង​ពាក្យបណ្តឹង​បាន​ចោទ​លោក​អធិការ​ថា​ពុំបាន​យកចិត្ត​ទុកដាក់​បំពេញ​តួនាទី​ការងារ​ឡើយ ដែល​នាំឱ្យ​មាន​អំពើចោរកម្ម លួច​ឆក់​អសន្តិសុខ អ្នកលក់ និង​ចែកចាយ​ថ្នាំញៀន​កើតមាន​នៅ​ពេញ​ស្រុក​។

ក៏ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួង​​មហាផ្ទៃ​លោក​ ខៀវ សុភ័គ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា លោក​ពុំទាន់​បានឃើញ​ពាក្យបណ្តឹង​នោះ​នៅឡើយ​ទេ ប៉ុន្តែ​លោក​ថា ក្រសួងមហាផ្ទៃ​មិន​ព្រងើយកន្តើយ​ឡើយ​បើ​មាន​ករណីនេះ​ពិតមែន​។

លោក​ថា​៖ «​យ៉ាងណាក៏ដោយ​ប្រសិនបើ​លិខិត​បានមក​ដល់ដៃ​ក្រសួងមហាផ្ទៃ ក្រសួង​មិន​ព្រងើយកន្តើយ​ទេ ព្រោះ​ពេលខ្លះ យន្តការ​ថ្នាក់ក្រោម ត្រឹម​អភិបាល​ខេត្តកណ្តាល​គេ​ធ្វើបាន​ជួនកាល​គេ​ឃើញ​លិខិត​នោះ​យកទៅ​ដោះស្រាយ​ទៅ ពេលខ្លះ​​មកដល់​រដ្ឋបាល​ (​ក្រសួង​មហាផ្ទៃ​) ​គេ​មាន​មន្ត្រី​ជំនាញ​ដោះស្រាយ​លើកលែងតែ​ការងារ​ធំ​ពេក​បាន​ផ្ញើជូន​សម្តេច​ (​ស ខេង​)»​។

ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក ឆាយ គឹមខឿន បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា លោក​ក៏​ពុំទាន់​ទទួល​បាន​ពាក្យបណ្តឹង​ដែរ ប៉ុន្តែ​លោក​បាន​បញ្ជាក់ដែរថា បើ​មាន​ករណីនេះ​​មែន​មន្ត្រី​ជំនាញ​នឹង​ចុះ​ស្រាវជ្រាវ​។

លោក​ថា​៖ «​ខ្ញុំ​អត់​ទាន់​ដឹង​ទេ​យើង​មាន​សមត្ថកិច្ច​ជំនាញ​មាន​នាយកដ្ឋាន​អង្គភាព​ជំនាញ​គេ​ស្រាវជ្រាវ មិនចាំបាច់​មាន​ដល់​បណ្តឹង​ទេ គ្រាន់តែ​ឃើញ​នៅតាម​ហ្វេសប៊ុក​ក៏​សមត្ថកិច្ច​ស្រាវជ្រាវ​ស៊ើប​បញ្ជាក់​ដែរ​»​។

លោក​ ស៊ីម ឃាង អធិការ​នគរបាល​ស្រុក​កោះធំ​ដែល​រង​ការចោទប្រកាន់​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​មិនមាន​អ្វី​ឆ្លើយតប​ទេ ប៉ុន្តែ​ថ្នាក់លើ​គាត់​បានដឹង​រឿងនេះ​ហើយ បាន​ចុះមក​ស្រាវជ្រាវ​ហើយ​អរគុណ​ច្រើន​ដោយសារ​ខ្ញុំ​កំពុង​ធ្វើ​រឿងនេះ​»​។

ក្នុង​ពាក្យបណ្តឹង​បន្តថា លោក​អធិការនគរបាល ស៊ីម ឃាង បាន​បញ្ជា​ឱ្យ​កូនចៅ​ដើរ​ប្រមូល​លុយ​ពី​កន្លែង​បើក​ល្បែងស៊ីសង​ជា​ថ្នូរ​នឹង​ការបើក​អាជីវកម្ម​។

«​ប្រើ​ឱ្យ​កូនចៅ​ជំនិតៗ​របស់ខ្លួន​ធ្វើ​សកម្មភាព​ដូចជា ជំរិត​ទារ​ប្រាក់​ពី​មន្ត្រី​ណា​ដែល​ចង់​ឡើង​តួនាទី ឡើង​ស័ក្តិ​...​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ហាង​ផឹកស៊ី និង​ម្ចាស់​ផ្ទះសំណាក់​/​ជួល និង​ហាង​ខារ៉ាអូខេ​នានា​នៅ​មូលដ្ឋាន​ឃុំ​សំពៅ​លូន​យកលុយ​បង់​​ថ្លៃ​ការពារ​ទាំងអស់​ជូន​លោក​អធិការ ស៊ីម ឃាង រាល់​ខែ​»​។

ពាក្យបណ្តឹង​ដដែល​ឱ្យដឹងថា ជាក់ស្តែង​លោក​អធិការ ស៊ីម ឃាង តែង​យក​រថយន្ត​ស៊ីរ៉ែន​ជា​អំណោយ​សម្តេច​ក្រឡាហោម​ ស ខេង ទៅប្រើ​ផ្ទាល់ខ្លួន​។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ធ្លាប់​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្ត​ពីថ្ងៃ​ទី​ ១៦ កុម្ភៈ ឆ្នាំនេះ​ដោយបាន​រំឭក​ដល់​ស្នងការ​នគរបាល​រាជធានី ខេត្ត ដែល​ទទួល​រថយន្ត​ត្រូវយក​ទៅប្រើ​ឱ្យចំ​គោលដៅ និង​បំពេញ​តួនាទី​ភារកិច្ច​ដើម្បី​ប្រយោជន៍​សាធារណៈ​មិនមែន​បម្រើ​បុគ្គល​ ឬក៏​យក​​ទៅ​ដឹកទំនិញ​គេចពន្ធ​ឡើយ​៕