
ភ្នំពេញៈ នៅក្រោមកម្តៅថ្ងៃត្រង់កំពុងក្តៅឡើងៗកម្មករកាត់ដេរដែលពាក់អាវដៃវែងនិងពាក់មួកបាននាំគ្នាឈរជាជួរនៅតាមផ្លូវជាតិលេខ៤។
កម្មករជាច្រើនបាននាំគ្នាចេញពីរោងចក្រនិងបាននាំគ្នាទៅចោមរោមទិញម្ហូបអាហារពីឡានលក់ម្ហូបមួយ។ អ្នកខ្លះទៀតនាំគ្នាដើរតាមផ្លូវទៅរកកន្លែងលក់អាហារថ្ងៃត្រង់ ដែលល្អជាងនេះបន្តិច។
អ្នកនាង ធី ប៊ុនធឿនកម្មករម្នាក់ក្នុងចំណោមកម្មករជាច្រើនដែលចេញពីរោងចក្រ Evergreen Industrial ក្នុងពេលសម្រាកបានទៅរកមើលអាហារថ្ងៃត្រង់ ។នៅរោងលក់អាហារនៅចំហៀងរោងចក្រនេះ។ អ្នកលក់អាហារត្រូវបង់ប្រាក់ឲ្យអ្នកគ្រប់គ្រងរោងចក្រ ដើម្បីបានសិទ្ធិលក់ទីនេះ។
អ្នកនាង ប៊ុនធឿន និយាយថា៖ «ខ្ញុំមិនគិតថាពួកគេចម្អិនអាហារមានអនាម័យណាស់ណានោះទេព្រោះពួកគេត្រូវចម្អិនលឿនៗ»។ នាងបន្តថា៖ «ប៉ុន្តែខ្ញុំគ្មានជម្រើសដូច្នេះខ្ញុំត្រូវទិញអាហារនៅទីនេះជារៀងរាល់ថ្ងៃហើយខ្ញុំចំណាយតែ៥០០ទៅ១ពាន់រៀល សម្រាប់អាហារថ្ងៃត្រង់»។ ការឈឺពោះពេលខ្លះកើតមានដែរ ប៉ុន្តែប្រសិនបើអ្នកនាងចង់រកជម្រើសផ្សេងពីនេះ គឺមានតែយកម្ហូបអាហារមកពីផ្ទះដោយខ្លួនឯង។
ការរស់នៅពឹងផ្អែកលើប្រាក់ឈ្នួលត្រឹម៦១ដុល្លារក្នុងមួយខែដែលនៅខែក្រោយនឹងឡើងដល់៧៥ដុល្លារ ប៊ុនធឿន ប្រាប់ថា ការចម្អិនអាហារដោយខ្លួនឯង នាងពុំមានលទ្ធភាពនោះទេព្រោះថា៖ «ខ្ញុំចំណាយយ៉ាងហោចក៏ ៥ពាន់ទៅ៦ពាន់ដូច្នេះវាថោកជាងប្រសិនបើទិញស្រាប់នោះ»។
តាមទ្រឹស្តីការដំឡើងប្រាក់ខែអប្បបរមាចំនួន១៤ដុល្លារនឹងធ្វើឲ្យជីវិតប្រសើរមួយកម្រិតសម្រាប់កម្មករកាត់ដេរនេះដែលគេស្គាល់ជាទូទៅថា កម្មករទទួលទាហានមិនគ្រប់គ្រាន់ ខ្វះអាហារូបត្ថម្ភ និងមានករណីដួលសន្លប់ច្រើន។
បើយោងតាមក្រុមការពារសិទ្ធិការងារដូចជាមជ្ឈមណ្ឌលអាមេរិកដើម្បីសាមគ្គីភាពការងារអន្តរជាតិ (ACILS) បានឲ្យដឹងថា នៅពេលប្រាក់ឈ្នួលរបស់កម្មករត្រូវបានដំឡើងថ្លៃម្ហូបអាហារនៅជុំវិញរោងចក្រក៏ឡើងថ្លៃដែរ។ នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលACILS និងអង្គការដទៃៗទៀតជំរុញឲ្យអ្នកបញ្ជាទិញម៉ាកល្បីៗ ដែលទិញពីកម្ពុជាផ្តល់ថវិកាសម្រាប់កម្មវិធីអាហារូបត្ថម្ភដល់កម្មករទាំងអស់នៅក្នុងឧស្សាហកម្មនេះដែលមានការផ្តល់អាហារតាមពេលនិងអាហារសម្រន់ជាទៀងទាត់ផង។ នេះជាអ្វីដែលបានអនុវត្តខ្លះហើយនៅរោងចក្រមួយចំនួនតាមរយៈការចំណាយផ្ទាល់របស់រោងចក្រ។
លោកស្រី Jill Tucker ប្រធានទីប្រឹក្សាបច្ចេកទេសនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ថ្លែងថា កម្មវិធីអាហារូបត្ថម្ភនេះត្រូវឧបត្ថម្ភជូនកម្មករទាំងអស់នៅក្នុងឧស្សាហកម្មនេះ។ ប៉ុន្តែ ថា«វាមិនមែនអ្នករាល់គ្នាអាចយល់ព្រមថាតើអ្នកណាគួរជាអ្នកចំណាយថវិកានោះទេ»។
លោកស្រីបន្តថា តាមពិសោធកម្មវិធីនេះផ្តល់អត្ថប្រយោជន៍ដល់រោងចក្រ និងអ្នកបញ្ជាទិញ ក៏ដូចជាកម្មករដែរ។
បទពិសោធគឺថា កម្មវិធីបែបនេះធ្វើឲ្យរោងចក្រទទួលភាពទាក់ទាញដល់អ្នកបញ្ជាទិញច្រើនទៀតបន្ទាប់ពីរោងចក្រផ្តល់កម្មវិធីអាហារជាពិសេសខណៈកម្មករកំពុងមានការខ្វះខាតហើយការផ្តល់អាហារសម្រន់ដល់ពួកគេពេលព្រឹកនឹងធ្វើឲ្យកម្មករ មកធ្វើការទាន់ពេល ហើយចំនួនកម្មករឈឺនឹងមានចំនួនតិចជាងមុន។
លោក ស្រីបានថ្លែងបន្តថា អង្គការរបស់លោកស្រីនិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) កំពុងធ្វើផែនការសម្រាប់ការងារសិក្សាលើផលប៉ះពាល់នៃកម្មវិធីផ្តល់អាហារូបត្ថម្ភនេះ។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានថ្លែងថា សមាគមក៏គាំទ្រកម្មវិធីទាំងនេះដែរប៉ុន្តែថា នាពេលថ្មីៗវាមិនទាន់មានវឌ្ឍនភាពទេពាក់ព័ន្ធនឹងការជជែកគ្នាអំពីការអនុវត្តកម្មវិធីគំនិតផ្តួចផ្តើមសម្រាប់កម្មករទាំងអស់ក្នុងឧស្សាហកម្មនេះ។
លោកបន្តថា ៖ «យើងតែងមានសង្ឃឹមថា អ្នកបញ្ជាទិញនឹងផ្តល់ថវិកាសម្រាប់ការចំណាយ។ ប៉ុន្តែសមាជិករបស់យើងមានមន្ទិលថាទីបំផុតការចំណាយសម្រាប់កម្មវិធីនេះ នឹងក្លាយជាការទទួលខុសត្រូវរបស់ខ្លួនទៅវិញ»។
នៅក្នុងរោងលក់ម្ហូបអាហារនៅរោងចក្រ Evergreen អ្នកលក់ឈ្មោះ សំ អេង អាយុ២៧ឆ្នាំ លក់ម្ហូបអាហារសម្រាប់កម្មករ១៦០នាក់តាមការបង់ប្រាក់១០ដុល្លារម្នាក់ក្នុងមួយខែដែលបានលក់នៅទីនេះជាង២ឆ្នាំមកហើយនោះប្រាប់ថាឥឡូវនេះគាត់លក់នៅទីនេះមិនបាច់បង់ប្រាក់ទៀតទេព្រោះកន្លែងនេះ គាត់បានចំណាយប្រាក់ចំនួន២៨០ដុល្លារ។
អ្នកស្រី សំ អេង ឲ្យដឹងទៀតថាលក្ខខណ្ឌមួយដែលអាចលក់នៅក្នុងបរិវេណរោងចក្របានគឺថា គាត់ត្រូវតែលក់ក្នុងតម្លៃថោក។
អ្នកស្រីថា៖ «ខ្ញុំមិនអាចលក់បាយនិងម្ហូបលើសពី ៥០០ រៀលទេពីព្រោះរោងចក្រកំណត់តម្លៃឲ្យអ្នកលក់នៅក្នុងរោងចក្រហើយកម្មករអាចទិញអ្នកលក់ណាក៏បានតាមតែពួកគេចង់»។
ប៉ុន្តែលោក ស រិទ្ធី អ្នកគ្រប់គ្រងធនធានមនុស្សនៅក្នុងរោងចក្រ Evergreen Industrial បានថ្លែងថា ប្រហែលជាប្រព័ន្ធដ៏ល្អមួយដែលបានរៀបចំឡើងដើម្បីកាត់បន្ថយការចំណាយរបស់កម្មករនិងជួយពួកគេឲ្យចៀសផុតពីអាហារនាំឲ្យពួកគេឈឺ។
លោក រិទ្ធី បន្តថា៖ «ខ្ញុំចង់ឲ្យកម្មករចំណាយតិចតួចលើម្ហូបអាហារនិងធ្វើឲ្យអាហារនោះមានស្តង់ដារមានអនាម័យ។ ខ្ញុំជួបប្រជុំជាមួយកម្មករនិងអ្នកលក់ម្ហូបអាហារមួយខែម្តងដើម្បីសួរពួកគេអំពីម្ហូបអាហារនោះ ហើយកម្មករអាចលើកពីបញ្ហាផ្សេងៗបាន»។
លោកថា នៅមុនប្រាក់ឈ្នួលអប្បបរមាដែលនឹងដំឡើងថែម មិនទាន់ទទួលបានអ្នកលក់ម្ហូបអាហារនៅរោងចក្រ Evergreen ខ្លះ បានសួរថាតើពួកគេអាចដំឡើងថ្លៃអាហារបានឬអត់?
លោកបញ្ជាក់ថា៖ «ខ្ញុំបានពិភាក្សាជាមួយប្រធានក្រុម និងសហជីព។ យើងសម្រេចថា យើងនឹងនិយាយជាមួយកម្មករបន្ទាប់ពីទទួលបានប្រាក់ដំឡើងនោះប៉ុន្តែនៅពេលនេះ ខ្ញុំបានសុំឲ្យអ្នកលក់ម្ហូបអាហារទាំងអស់រក្សាតម្លៃរបស់ខ្លួននៅដដែលសិន»។
នៅផ្សារមួយនៅជិតរោងចក្រកម្មករអាចមានជម្រើសច្រើនសម្រាប់អាហារប្រសើរប៉ុន្តែតម្លៃមានលក្ខណៈខុសគ្នា។
អ្នកស្រី ម៉ី សឿន អាយុ៤៨ ជាអ្នកលក់ម្ហូបអាហារម្នាក់បានថ្លែងថា អ្នកស្រីដឹងថាកម្មករនឹងទទួលបានប្រាក់ខែច្រើនជាងមុនចាប់ពីខែ ក្រោយដូច្នេះជាអ្នកលក់ម្ហូបអាហារខ្ញុំនឹងមិនធ្វើឲ្យឱកាសនេះបាត់បង់នោះទេ។
អ្នកស្រីបានថ្លែង បន្តថា៖ «ខ្ញុំនឹងមិនដំឡើងថ្លៃអាហារទេ ប៉ុន្តែខ្ញុំនឹងកាត់បន្ថយបរិមាណអាហារដែលវេចខ្ចប់នៅពេលដែលកម្មករទទួលបានប្រាក់ឈ្នួលថ្មី»៕ PS
រាយការណ៍បន្ថែមៈDanson Cheong