The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អនាគត-ការ​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់​របស់​ CNRP ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់




អនាគត-ការ​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់​របស់​ CNRP ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់

Content image - Phnom Penh Post
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​សមាជ​កាលពី​ថ្ងៃ​ទី ២ ខែ​មីនា ឆ្នាំ ២០១៧​​។ ផា លីណា

អនាគត-ការ​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់​របស់​ CNRP ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់

ភ្នំពេញៈ អនាគត​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់​នា​ពេល​ខាង​មុខ​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​ស្ថិត​នៅ​ក្នុង​លក្ខណៈ​មិន​ច្បាស់លាស់​កាលពី​ម្សិលមិញ​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ថា​សមាជ​របស់​គណបក្ស​ដែល​បាន​ធ្វើ​ឡើង​នា​ខែ​នេះ​ដោយ​ជ្រើសរើស​លោក កឹម សុខា ធ្វើ​ជា​ប្រធាន​គណបក្ស​គឺ​ផ្ទុយ​នឹង​លក្ខន្តិកៈ​របស់​គណបក្ស។

មួយ​សប្តាហ៍​បន្ទាប់ពី​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ចោទ​សួរ​អំពី​ការ​ជ្រើសរើស​លោក កឹម សុខា ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​សម្រេច​ថា​គណបក្ស​សង្គ្រោះជាតិ​បាន​បំពាន​លក្ខន្តិកៈ​របស់​ខ្លួន​ដោយ​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី​ពីរ​បី​សប្តាហ៍​បន្ទាប់ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​កាលពី​ខែ​កុម្ភៈ​ដែល​មាន​លក្ខណៈ​ផ្ទុយ​នឹង​លក្ខន្តិកៈ​របស់​ខ្លួន។

លិខិត​របស់​ក្រសួង​ក៏​បាន​សុំ​ឲ្យ​គណបក្ស​ប្តូរ​ពាក្យ​ស្លោក​របស់​ខ្លួន «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្រ្ត» ផង​ដែរ ដោយ​សំអាង​ថា​សារ​ពាក្យ​ស្លោក​នេះ​មិន​គោរព​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត និង​ស្មារតី​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

កាលពី​ថ្ងៃ​ទី ២ មីនា​គណបក្ស​បាន​ធ្វើ​សមាជ​វិសាមញ្ញ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​បាន​ជ្រើសរើស​លោក​ កឹម សុខា ធ្វើ​ជា​ប្រធាន និង​អនុប្រធាន​បី​រូប​ទៀត​គឺ លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង បន្ទាប់ពី​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​ណា​ដែល​មេដឹកនាំ​របស់​គណបក្ស​នោះ​មាន​ទោស។

នៅពេល​ជាមួយ​គ្នា​នេះ​ដែរ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ធ្វើ​វិសោធនកម្ម​មាត្រា ៤៧ នៃ​លក្ខន្តិកៈ​របស់​ខ្លួន​ដោយ​ចែង​ថា​អនុប្រធាន​ចំណាស់​បំផុត​អាច​ក្លាយ​ជា​ប្រធាន​ភ្លាមៗ​ក្នុង​ករណី​មិន​មាន​ប្រធាន​ ខណៈ​កាលពី​ពេល​មុន​ត្រូវការ​រយៈពេល ១៨ ខែ​ចន្លោះ​ពី​ការ​លាលែង​របស់​ប្រធាន​គណបក្ស និង​ការ​ជ្រើសរើស​អ្នក​ថ្មី​ម្នាក់។

ទោះ​យ៉ាង​ណា​ក្តី​លិខិត​របស់​ក្រសួង​សំដៅ​ទៅ​លើ​តែ​លក្ខន្តិកៈ​ឆ្នាំ ២០១៣ របស់​គណបក្ស​ដែល​ដាក់​បន្ទាប់ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ថ្លែង​ថា​លក្ខន្តិកៈ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​គឺ​មិន​បាន​ពិចារណា​ទេ។

លោក សុភ័គ បាន​ថ្លែង​ថា៖ «ជា​ធម្មតា​អ្វី​ដែល​ត្រូវ​បាន​ដាក់​តម្កល់​ និង​ទទួល​ស្គាល់​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​គឺជា​លក្តន្តិកៈ​ដែល​ចូល​ជា​ធរមាន» បើ​ទោះបី​ជា​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​កាលពី​សប្តាហ៍​មុន​ថា​វិសោធនកម្ម​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រសួង​រួច​ហើយ​ក៏ដោយ។

លោក សុភ័គ បាន​បដិសេធ​ឆ្លើយ​សំណួរ​ថា​តើ​ការ​សម្រេច​កាលពី​ម្សិលមិញ​នឹង​មិន​ផ្តល់​សុពលភាព​ដល់​គណបក្ស​សង្គ្រោះជាតិ ឬ​អត់​នោះ​ទេ​គ្រាន់​តែ​ថ្លែង​ជា​ដដែលៗ​ថា​ពួកគេ​បាន​ធ្វើ​ផ្ទុយ​នឹង​លក្ខន្តិកៈ​របស់​ខ្លួន។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ថា​គណបក្ស​បាន​ឆ្លើយតប​នឹង​លិខិត​នេះ​ដោយ​ស្នើសុំ​ជួប​ជាមួយ​លោក ស ខេង ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ។

លោក​បន្ត​ថា៖ «គណបក្ស​បាន​ផ្ញើ​លិខិត​មួយ​ទៅ​ក្រសួង​មហាផ្ទៃ [កាលពី​ម្សិលមិញ] ដោយ​ស្នើសុំ​ឲ្យ​តំណាង​គណបក្ស​សង្គ្រោះជាតិ ៥ រូប​ជួប​សម្តេច​ក្រឡាហោម [ស ខេង]»។ លោក សុវណ្ណ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម។

ទោះ​យ៉ាង​ណា​ក្តី​លោក សុភ័គ បាន​លើក​ឡើង​ថា​សេចក្តី​សម្រេច​ត្រូវ​បាន​ធ្វើ​ឡើង​រួច​ហើយ​ ហើយ​បើ​ទោះបី​ជា​គណបក្ស​សង្គ្រោះជាតិ​ព្យាយាម​បង្ហាញ​ថា​ត្រឹមត្រូវ​ក៏ដោយ​ក៏ «គ្មាន​ប្រយោជន៍» នោះ​ដែរ។

លោក សំ គន្ធាមី ប្រធាន​អង្គការ​ឃ្លំា​មើល​ការ​បោះឆ្នោត NICFEC បាន​ថ្លែង​ថា​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​គួរ​យក​មក​ពិចារណា​ក្នុង​ករណី​នេះ ឬ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​គឺ​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​ហេតុផល​សម្រាប់​ការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​របស់​ខ្លួន។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​បាន​ថ្លែង​ថា​លិខិត​របស់​ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​ដោយសារ​បេក្ខជន​ឈរ​ឈ្មោះ​ឃុំ សង្កាត់​របស់​ពួកគេ​ត្រូវ​បាន​ជ្រើសរើស​រួច​ហើយ​ដោយ​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​ដែល​វា​នឹង​ពិបាក​ក្នុង​ការ​កែប្រែ​វិញ។

លោក​បាន​បន្ថែម​ថា​ទង្វើ​នេះ​ហាក់បី​ដូច​ជា​មាន​គោលបំណង​ធ្វើ​ឲ្យ​មាន​ការិយាល័យ​ធិបតេយ្យ​សម្រាប់​គណបក្ស និង​ធ្វើ​ឲ្យ​គណបក្ស​មាន​ភាព​លំបាក​ក្នុង​ការ​រៀបចំ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃ​ទី ៤ មិថុនា ជា​ជាង​ការ​រំលាយ​គណបក្ស។

លោក​បន្ត​ថា៖ «ខ្ញុំ​គិត​ថា​នេះ​ជា​ការ​យាយី​ឲ្យ​មាន​ការិយាល័យ​ធិបតេយ្យ​ខ្លាំង​ជាង​ចេតនា​រំលាយ​គណបក្ស»៕ PS

អត្ថបទគួរចាប់អារម្មណ៍