The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អនុក្រឹត្យ​ថ្មី​​​នឹង​ផ្អាក​ពិន័យ​ ប្តឹង​ដល់​តុលាការ​​ចំពោះ​អ្នក​ចោល​សម្រាម

អនុក្រឹត្យ​ថ្មី​​​នឹង​ផ្អាក​ពិន័យ​ ប្តឹង​ដល់​តុលាការ​​ចំពោះ​អ្នក​ចោល​សម្រាម

Content image - Phnom Penh Post
បុរសម្នាក់ដើរកាត់គំនរ​សម្រាម​នៅ​ម្តុំ​ផ្សារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ម្សិល​មិញ។

អនុក្រឹត្យ​ថ្មី​​​នឹង​ផ្អាក​ពិន័យ​ ប្តឹង​ដល់​តុលាការ​​ចំពោះ​អ្នក​ចោល​សម្រាម

ភ្នំពេញៈ យោងតាម​​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ សម្រាម និង​សំណល់ ​រឹង ​និង ​រាវ នៅ​ទីប្រជុំជន បាន​កំណត់​ថា ចំពោះ​ជន​ទាំង​ឡាយ​ណា​ ​ដែល​មិន​គោរព​អនុវត្ត​ ការវេច​ខ្ចប់​ ការញែក​ឬ​បែងចែក និង​ទុក​ដាក់សម្រាម​តាម​ដងផ្លូវ មិន​បានសម​ស្រប​តាម​ពេលវេលា​ដែល​បាន​កំណត់ ការ​បោះចោល​សម្រាម​តាម​ទីសាធារណៈ តាមដងផ្លូវ​ ការដុត​សម្រាម​នៅ​ទី​ប្រជុំជន​សាធារណៈ មិន​បាន​ត្រឹមត្រូវ​ នឹង​ត្រូវ​​ផាក​ពិន័យ​ជា​ប្រាក់​ចាប់​ពី​ ១ ​ម៉ឺន​រៀល​ទៅ​ ២០ ​ម៉ឺន​រៀល​ទៅតាម​ប្រភេទ​​សម្រាម​។ ចំពោះ​ម្ចាស់​ឬ​អ្នក​គ្រប់គ្រង​ផ្សារ ទីតាំង​អាជីវកម្ម ក្រុមហ៊ុន​ សហគ្រាស ​ជាដើម ដែល​មិន​រៀប​ចំ​មាន​ធុង​សម្រាម​ត្រឹមត្រូវ ការ​វេច​ខ្ចប់​ដោយ​មាន​លាយ ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម ឬ​សំណល់​រឹង​គ្រោះថ្នាក់ ក៏​នឹង​ត្រូវ​ផាក​ពិន័យ​ដូច​គ្នា​នេះ​ដែរ។

អនុក្រឹត្យ​នោះ​បាន​គូសបញ្ជាក់​ផង​ដែរ​ថា៖ «ក្នុងករណី​បុគ្គល​បង់ប្រាក់​ ពិន័យ​មិន​តាម​ពេល​វេលា​កំណត់​​ ការ​ពិន័យ​នឹង​ត្រូវ​បង់ពិន័យ​កើន​ចំនួន​ពី​ ២ ​ដង ទៅ​ ៣ ​ដង ហើយ​បើ​មិន​បង់​ក្នុង​រយៈពេល​ ៩០ ​ថ្ងៃ អាជ្ញាធរ​នឹង​រៀបចំ​សំណុំ​​ឯកសារ​​​ប្តឹង​ទៅ​តុលាការ»។

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ «អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​សម្រាម និង​សំណល់​រឹង​នៅ​ទីប្រជុំជន» កាល​ពី​ម្សិល​មិញ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​អំពាវនាវ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ពិសេស​អ្នក​ដែល​រស់​នៅ​តាម​តំបន់​ទី​ប្រជុំជន ត្រូវ​បង្កើន​កិច្ច​សហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន ក្នុង​ការ​រៀបចំ​សម្អាត និង ថែរក្សា​ការពារ​បរិស្ថាន​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ខណៈ​ បរិយាកាស​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​ក្នុង​ពិភព​លោក ​កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ ដល់​បរិស្ថាន​និង​ជីវិត​រស់​នៅ​របស់​មនុស្ស។​

លោក ស ខេង ក៏​បាន​ដាក់​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន នៅ​គ្រប់​ក្រុង ​ស្រុក​ ខ័ណ្ឌ និង រាជធានី ​ខេត្ត​ទាំង​អស់ ត្រូវ​កំណត់​គោល​ការណ៍​ណែនាំ​របស់​ខ្លួន​ឲ្យ​សមស្រប​ ដើម្បី​ដាក់​ជូន​ទៅ​ប្រជាពលរដ្ឋ បណ្តា​ម្ចាស់​អាជីវកម្ម និង​សហគ្រាស​នានា​ នៅ​ក្នុង​មូលដ្ឋាន សំដៅ​កំណត់​ ពី​របៀប​គ្រប់គ្រង​ ទុកដាក់ វេច​ខ្ចប់ បែង​ចែក ឬ ញែក​សម្រាម និង​ កាក​សំណល់​រឹង រាវ ឲ្យ​បាន​ត្រឹមត្រូវ និង​សម្របសម្រួល​កិច្ច​ដំណើរ​ការ​សេវា​សម្អាត ប្រមូល​ដឹក​ជញ្ជូន ទុកដាក់​សម្រាម​ឲ្យ​បាន​ល្អ​ប្រសើរ។​

លោក​​បញ្ជាក់​ថា៖ «រដ្ឋបាល​ថ្នាក់ជាតិ នឹង​បង្កើន​ការ​ផ្ទេរ​មុខងារ និង​ ថវិកា​បន្ថែម​ទៀត ​ទៅ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​ ដើម្បី​សម្រេច​គោលដៅ​នៃ​ការ​គ្រប់គ្រង និង អភិវឌ្ឍន៍​​ប្រទេស​ជាតិ ប្រសិន​បើ​ការ​យន្តការ​នៃ​ការ​អនុវត្ត និង គ្រប់​គ្រង​សម្រាម និង​​​ កាក​សំណល់​រឹង​នៅ​ទីប្រជុំជន បាន​សម្រេច​ជោគ​ជ័យ ដោយ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ចូលរួម រក្សា​ការពារ​បរិស្ថាន​ឲ្យ​បាន​ស្រស់​ស្អាត»។

ក្រុម​អ្នក​បរិស្ថាន​ដែល​បាន​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​នោះ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា អនុក្រឹត្យ​នេះ នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​បញ្ឈប់​នូវ​ការ​បោះ​សំរាម ឬ កាកសំណល់​គ្រប់​ប្រភេទ​ ពាសវាល​ពាសកាល ក្នុង​ទី​សាធារណៈ ប៉ុន្តែ​រយៈពេល​នៃ​ការ​ផ្លាស់​ប្ដូរ​នោះ នឹង​ត្រូវ​ចំណាយ​ពេល​វេលា​យូរ​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ការ​អប់​រំ​អំពី​បញ្ហានេះ។

ក្រុម​អ្នក​បរិស្ថាន​ទាំង​នោះ​ ​បាន​និយាយ​ថា៖« ការ​ផាក​ពិន័យ នឹង​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្តិ​កំហុសឆ្គង​មាន​ការចង​ចាំ និង កែ​លម្អ​ឥរិយាបថ​របស់​ខ្លួន​មក​រក​ភាព​ត្រឹម​ត្រូវ​ឡើង​វិញ ក៏​ប៉ុន្តែ​យើង​ចាំ​បាច់​ត្រូវ​ការពេល​វេលា​ដ៏​យូរ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​អប​រំ អំពី​បញ្ហា​អនាម័យ​និង​បរិស្ថាន​ស្អាតនេះ ​ឲ្យ​បាន​ស៊ី​ជម្រៅ​នៅ​ក្នុង​ស្រទាប់​មហាជន»។

នៅ​ក្នុង​ឆ្នាំ​ ២០១៥ នេះ​ ក្រសួងបរិស្ថាន រួមសហការ​ជាមួយ​ក្រសួង​សេដ្ឋ​សេដ្ឋកិច្ច និង​ ក្រសួង​មហា​ផ្ទៃ បាន​សម្រេច​​ចិត្ត​បង្កើត​កញ្ចប់​ថវិកាសេវា​អនាម័យ​បរិស្ថាន និង​បាន​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ​ ៥ ​ពាន់​លាន​រៀល​ ទៅ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក នៅ​ទូទាំង​ប្រទេស សម្រាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ អនុវត្ត​មុខងារ គ្រប់គ្រង​សម្រាម សំណល់​រឹង រាវ​នៅ​ទីប្រជុំជន​ ក្នុង​មូល​ដ្ឋាន​របស់​ពួកគេ៕

អត្ថបទគួរចាប់អារម្មណ៍