ភ្នំពេញៈ សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដែល​នឹង​ចេញ​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន ជំនួស​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​គ្រោង​នឹង​ធ្វើ​វិសោធនកម្ម​ក្នុងពេល​ឆាប់ៗ នឹង​ដំឡើង​ការ​ផាកពិន័យ​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​ដល់​គុណ​នឹង​​ ៣ ​ទៅ​ ៤ ​ដង​ដែល​បទល្មើស​មិន​ពាក់មួក​សុវត្ថិភាព​អាច​នឹង​ឡើង​ដល់​ ៥ ​ម៉ឺន​រៀល​។

កាលពី​ថ្ងៃ​ចន្ទ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការផាកពិន័យ​អន្តរការណ៍ ចំពោះ​អំពើល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ស ខេង បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​តំណាង​ក្រសួង​នានា ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​សមាជិក សមាជិកា​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជិត​ ៧០ ​រូប​។

លោក ប៉ាល់ ចន្ទតារា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ចូន និង​ជា​សមាជិក​គណៈកម្មាធិការជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នេះ​ត្រូវបាន​ឯកភាព​ស្ទើរតែ​ ១០០ ភាគរយ​នៅក្នុង​កិច្ចប្រជុំ ដោយ​រង់ចាំ​តែ​ការកែប្រែ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​នឹង​ត្រូវ​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ជំនួស​ឲ្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាស់​បណ្តោះអាសន្ន​សិន​ក្នុង​អំឡុង​ច្បាប់​នោះ​កំពុង​ត្រូវធ្វើ​វិសោធនកម្ម​។

លោក​បាន​ប្រាប់ថា ក្នុង​នោះ​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​នឹង​ដំឡើង​ការផាកពិន័យ ខ្ពស់​ជាង​មុន​ដល់​ទៅ ៣ ឬ ៤ ដង​នៃ​ការផាកពិន័យ​ពីមុន​ដែល​លោក​រំពឹងថា ការកើនឡើង​នៃ​ការផាកពិន័យ​នេះ​នឹង​អាច​ចូលរួម​រក្សា​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​បាន​ច្រើន ដោយ​ឲ្យ​ពួកគាត់​ងាក​មក​គោរព​ច្បាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

លោក​បញ្ជាក់ថា​៖ «​សំខាន់​គឺមាន​ការផាកពិន័យ​ធ្ងន់​ជាង​មុន ដែល​ចាប់បង្ខំ​ឲ្យ​បងប្អូន​ពលរដ្ឋ​យើង​ឲ្យ​ងាក​មក​គោរព​ច្បាប់ ដោយ​កុំ​ខ្លាច​តែ​ប៉ូលិស​ឲ្យ​គាត់ ខ្លាច​ច្បាប់ ព្រោះ​យើង​មិន​ចង់​បាន​លុយ​គាត់​ទេ​ ប៉ុន្តែ​យើង​ចង់​រក្សា​អាយុជីវិត​គាត់​»​។

លោក​ គង់ សុវណ្ណ ជាទីប្រឹក្សា​ជំនាញ និង​ជា​អនុប្រធាន​ក្រុម​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ជំហាន​ទី​ ២ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅក្នុង​ក្រុម​ការងារ​បច្ចេកទេស​ដែល​កន្លងទៅ នៅពេល​សមត្ថកិច្ច​អនុវត្ត​តែ​ទៅលើ​វិធានការ​អប់រំ តែ​មួយ​មុខ​គត់​នោះ​មិន​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្លាចរអា និង​ចូលរួម​គោរព​ច្បាប់​បាន​ជាប់លាប់​នោះទេ​។

លោក​បន្តថា ទន្ទឹម​នឹង​វិធានការ​អប់រំ ការអនុវត្ត​ច្បាប់ និង​ការផាកពិន័យ​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រព្រឹត្តល្មើស គឺជា​វិធានការ​មួយ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ដែល​រំពឹង​ថា​នឹង​ធ្វើឲ្យ​ពលរដ្ឋ ងាក​មក​គោរព​ច្បាប់​ចរាចរណ៍​បាន​ច្រើនជាង​មុន​។

លោក​លើកឡើង​ថា​៖ «​នៅពេល​ដែល​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​តែមួយ​ប្រជាពលរដ្ឋ​បាន​ត្រឹមតែ​មួយ​ដឹង និង​ជឿជាក់​ថា​ពេល​បើកបរ​ទៅ​មិន​ពាក់មួក ពេល​ដួល​ទៅ​អាច​នឹង​របួស​ក្បាល​ធ្ងន់ធ្ងរ ប៉ុន្តែ​បើ​ពួកគាត់​អនុវត្ត​ពាក់មួក​បាន​ត្រឹមត្រូវ​គ្រប់​ពេលវេលា​ពេល​ធ្វើ​ដំណើរ​សម្រាប់​អ្នកបើកបរ និង​អ្នកជិះ​ពីក្រោយ​ហ្នឹង អត់​បាន​ត្រឹមត្រូវ​ទេ​។ ដូច្នេះ​បើ​យើង​អនុវត្ត​តឹងរឹត​បន្ដឹង​ច្បាប់ បាន​តឹងតែង​នោះ​ការពាក់​មួក​ហ្នឹង​មាន​ការកើនឡើង​ភ្លាម ហើយ​ការផឹក​គ្រឿង​ស្រវឹង​មាន​ការថយចុះ​ភ្លាម​»​។

លោក​បន្ថែមថា​៖ «​ក្នុងនេះ​យើង​គ្រាន់តែ​និយាយថា យើង​ត្រូវ​មើល​ក្នុងការ​ធ្វើយ៉ាងណា​ក្នុង​ការ​ទប់ស្កាត់​ភាពមិនប្រក្រតី និង​ឲ្យ​ការអនុវត្ត​ច្បាប់​នេះ​បាន​ពិតប្រាកដ និង​មាន​ប្រសិទ្ធភាព​។ នៅ​ស្រុក​គេ​មាន​ការផាកពិន័យ​មាន​ការកើនឡើង​ខ្ពស់ និង​ការអនុវត្ត​បាន​ជោគជ័យ ដោយ​ការ​រឹតបន្តឹង​ច្បាប់​ជាក់លាក់ មាំទាំ ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​សង្គ្រោះ​អាយុជីវិត​មនុស្ស​»​។

បើតាម​លោក ប៉ាល់ ចន្ទតារា ក្នុងករណី​ដែល​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ចេញ​ជា​ធរមាន​នោះ​ការផាកពិន័យ​ដែលមាន​ក្នុង​ច្បាប់​ពីមុន​តម្លៃ​ ១៥០០០ ​រៀល​ដោយ​ការមិន​ពាក់មួក​សុវត្ថិភាព​នឹង​ឡើងដល់​ជិត ៥ ​ម៉ឺន​រៀល​ហើយ​ករណី​ការផាកពិន័យ​ដែល​មាន​តម្លៃ​ ២ ម៉ឺន​រៀល​អាច​ឡើងដល់ ៦ ​ម៉ឺន​រៀល​ជាដើម​៕

វីដេអូ៖