មណ្ឌលគិរីៈ ភ្នាក់ងារកាសែតរស្មីកម្ពុជា និងទូរទស្សន៍អប្សរាប្រចាំខេត្តមណ្ឌលគិរី គឺលោក សាត ចាន់បុត្រ កាលពីថ្ងៃចន្ទបានចូលបំភ្លឺតាមដីកាតុលាការ បន្ទាប់ពីលោកត្រូវបានកោះហៅឲ្យចូលបំភ្លឺក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបណ្ដឹងមន្ត្រីយោធាម្នាក់ឈ្មោះ សុផាត សិរីវុទ្ធី មានឋានន្តរស័ក្តិពាក់ស័កិ្ត ៥ ជានាយទាហាននៅខេត្តនេះដែរ។
លោក សាត ចាន់បុត្រ ដែល ជាចុងចោទបញ្ជាក់ថាលោកបានចូលបំភ្លឺនៅតុលាការរួចរាល់ហើយកាលពីថ្ងៃទី ២ ខែធ្នូនេះ។ លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តមណ្ឌលគិរីបានសាកសួរជុំវិញការផ្សាយរបស់លោកកាលពីអំឡុងខែកក្កដានោះតាមរយៈការធ្វើបទសម្ភាសជាមួយពលរដ្ឋជនជាតិដើមភាគតិច។ ពលរដ្ឋជនជាតិដើមបានចោទប្រកាន់លោក សុផាត សិរីវុទ្ធី ថាបានព្យាយាមបោះបង្គោលព្រំដីរំលោភយកដីធ្លីរបស់គ្រួសារពួកគេក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោកបន្តថា ក្នុងឱកាសសាកសួរនោះលោកបានលើកឡើងអំពីវីដេអូខ្លីមួយអមដោយអត្ថាធិប្បាយខ្លះៗរបស់លោក និងកិច្ចសម្ភាសន៍ជាមួយពលរដ្ឋជនជាតិដើមភាគតិច ប៉ុន្ដែតុលាការមិនបានឆ្លើយតបអ្វីទេ ដោយបង្គាប់ឲ្យលោកត្រឡប់មកផ្ទះវិញ។ ការងារបន្ទាប់មកទៀតលោកនឹងរកមេធាវី ដើម្បីជួយប្រឹក្សាផ្នែកច្បាប់ក៏ដូចជាប្រមូលភ័ស្តុតាងបន្ថែមទៀត។
លោក ចាន់បុត្រ បញ្ជាក់ថា៖ «ខ្ញុំយល់ថា តុលាការត្រូវតែស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ដើម្បីរកយុត្តិធម៌សម្រាប់ខ្ញុំ ព្រោះខ្ញុំបានផ្សាយព័ត៌មានពិត ហើយក៏មានប្រភពពីប្រជាពលរដ្ឋច្បាស់លាស់ដែរ»។
លោក ម៉ម វ៉ាន់ដា អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តមណ្ឌលគិរីថ្លែងកាលពីថ្ងៃទី ២ ធ្នូថា លោក សាត ចាន់បុត្រ បានចូលឆ្លើយបំភ្លឺជុំវិញបទចោទរបស់តុលាការរួចរាល់ហើយ។ ការសាកសួរនេះជានីតិវិធីបឋម ដើម្បីប្រមូលភ័ស្តុតាងបន្ថែមដែលមានចោទនៅក្នុងពាក្យបណ្ដឹងនេះ។
លោកបញ្ជាក់ថា៖ «យើងសួរគាត់នេះ គឺចង់ប្រមូលភ័ស្តុតាងពាក់ព័ន្ធនៅក្នុងពាក្យបណ្ដឹងនេះ គឺឲ្យគូភាគីពាក់ព័ន្ធអាចបង្ហាញភ័ស្តុតាង គឺអ្នកដែលត្រូវគេប្ដឹង គាត់អាចបំភ្លឺ ហើយអ្នកដែលប្ដឹងគេ ត្រូវយកភ័ស្តុតាង ដើម្បីដាក់បន្ទុកគូភាគីទំនាស់។ ចំណែកនីតិវិធីរបស់តុលាការកោះហៅនៅពេលណាទៀត គឺតុលាការនឹងកោះហៅម្ដងទៀត។ ប៉ុន្ដែខ្ញុំមិនទាន់ដឹងគេកោះហៅនៅពេលណាទៀតទេ យើងពិនិត្យលើចម្លើយគាត់សិន»។
លោក សុផាត សិរីវុទ្ធី ត្រូវបានគេស្គាល់ថាជាទាហានស័ក្តិ ៥ នោះមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
លោក សេង សឹង្ហហេង មេធាវីការពារក្ដីឲ្យមន្ត្រីយោធារូបនោះប្រាប់ភ្នំពេញប៉ុស្ដិ៍ នាថ្ងៃទី ២ ធ្នូថាកាលពីអំឡុងខែកក្កដាលោក សាត ចាន់បុត្រ បានផ្សាយថាកូនក្តីលោកបានរំលោភយកដីរបស់ពលរដ្ឋជនជាតិដើមភាគតិចដោយការផ្សាយនេះខុសពីការពិតទាំងស្រុង។ កូនក្ដីលោកបានព្យាយាមសម្របសម្រួលឲ្យអ្នកសារព័ត៌មានរូបនេះកែសម្រួល ពាក្យពេចន៍ ឬលុបវីដេអូនោះចោល ប៉ុន្ដែលោក ចាន់បុត្រ មិនបានធ្វើតាមទេទើបកូនក្ដីលោកសម្រេចចិត្តដាក់ពាក្យប្ដឹងទៅតុលាការតែម្ដង។
លោកថា៖ «ខ្ញុំមិនមានមតិយោបល់អ្វីទេ ដោយទុកលទ្ធភាពឲ្យតុលាការជាអ្នកចាត់ចែងតាមច្បាប់ និងនីតិវិធីរបស់តុលាការ ហើយខ្ញុំរំពឹងថាតុលាការនឹងចាត់ចែងតាមនីតិវិធីច្បាប់»។
លោក ម៉ៃ ទិត្យថារ៉ា ស្ថាបនិកសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា (Cambo Ja) ថ្លែងថា ដើមបណ្ដឹងគួរតែជូនដំណឹងទៅស្ថាប័នព័ត៌មានដែលខ្លួនគិតថាអ្នកសារព័ត៌មានបានសរសេរព័ត៌មានមិនពិត ឬដើមបណ្ដឹងអាចប្រកាសបំភ្លឺជាសាធារណៈជុំវិញព័ត៌មានដែលអ្នកសារព័ត៌មានបានផ្សាយនេះ ដោយមិនគួរប្ដឹងអ្នកសារព័ត៌មានទៅតុលាការទេ។
លោកបន្តថា ការប្ដឹងអ្នកសារព័ត៌មានទៅតុលាការបែបនេះគឺជាការគំរាមកំហែងផ្នែកសេរីភាពសារព័ត៌មាន។ លោកនិយាយថា៖ «ក្នុងស្ថានភាពនេះ ខ្ញុំយល់ថាប្រសិនគាត់ជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈត្រូវតែរកឯកសារពាក់ព័ន្ធ ឬប្រភពដែលគាត់សម្ភាសមកដោះបន្ទុក ដោយគួរតែមានពឹងមេធាវីជួយប្រឹក្សាផ្នែកច្បាប់ដែរ»។
តាមដីកាកោះរបស់លោក ម៉ម វ៉ាន់ដា តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីចុះថ្ងៃទី ១៩ វិច្ឆិកា បានអញ្ជើញឈ្មោះ សាត ចាន់បុត្រ ឲ្យចូលនៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៩ ដើម្បីបំភ្លឺ និងសាកសួរ។
ដីកាបញ្ជាក់ថា ការកោះនេះសួរពីដំណើររឿងពាក់ព័ន្ធបណ្ដឹងរបស់ឈ្មោះ សុផាត សិរីវុទី្ធ ប្ដឹងពីបទបរិហារកេរ្ដិ៍ជាសាធារណៈ និងញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ដែលបានប្រព្រឹត្តកាលពីអំឡុងខែកក្កដា-សីហា ឆ្នាំ ២០១៩។ សាមីខ្លួនត្រូវអញ្ជើញតាមដីកានេះឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន»៕