ភ្នំពេញៈ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​ឱ្យ​សមត្ថកិច្ច​តាម​ស្វែងរក​ចាប់ខ្លួន​អនុប្រធាន​គណបក្ស​ និង​យុវជន​របស់​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ក្រោយពី​តុលាការ​បាន​ចោទប្រកាន់​អ្នក​ទាំង​ ២ ​នាក់​ពី​បទ​ញុះញង់​ និង​ប្រមាថ​។ អ្នក​ទាំង​ ២ ​នាក់​នេះ​ត្រូវបាន​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្ដឹងទៅ​តុលាការ​កាលពី​ប៉ុន្មាន​ខែ​មុន ដោយសារ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់​។

លោក កូយ សៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំនួន​ ២ ​កាលពី​ថ្ងៃទី​ ២០ មេសា​ដើម្បី​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឈ្មោះ ហ៊ាង គឹមស្រឿន អនុប្រធាន​គណបក្ស​មហាសាមគ្គី​ជាតិខ្មែរ និង​ឈ្មោះ ថុល សុផាន់ណា ជា​យុវជន​របស់​គណបក្ស​នេះ​ដែល​អ្នកទាំង​ ២ ​នាក់​ត្រូវបាន​ចោទប្រកាន់​ពី​បទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ និង​បទប្រមាថ​កាលពី​ថ្ងៃទី​ ១០ ខែ​តុលា ឆ្នាំ​ ២០១៩​។

នៅក្នុង​ដីកា​បន្តថា អ្នក​ទាំង​ ២ មាន​លំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌឫស្សីកែវ ប៉ុន្តែ​លោក នង សាបុង នាយប៉ុស្ដិ៍​នគរបាល​សង្កាត់​ទួលសង្កែ​ ១ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ដែរ​ថា តាម​ការស្រាវជ្រាវ​លំនៅ​ជាក់ស្ដែង​របស់​បុគ្គល​ទាំង​ ២ ​នេះ​មិន​ស្ថិត​នៅក្នុង​សង្កាត់​ទួលសង្កែ​ ១ ​ឡើយ​។

លោក សាបុង បាន​ថ្លែង​ថា​៖ «​លំនៅ​ជាក់ស្ដែង អត់​នៅក្នុង​មូលដ្ឋាន​ខ្ញុំ​ទេ អ៊ីចឹង​មិន​ដឹងថា មាន​លំនៅ​នៅឯណា​ទេ​»​។

លោក ស្រស់ ថ្លែង​ថា​៖ «​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​គឺជា​ស្ថាប័ន​កើតឡើង​ពី​ការស្ម័គ្រចិត្ត​របស់​គណបក្ស​នយោបាយ​ទាំងអស់​អត់​មាន​អ្នកណា​មួយ​មក​ចង្អុលបង្ហាញ​ឱ្យ​យើង​ធ្វើ​អី​ទេ​គឺ​យើង​ធ្វើ​តែ​ទៅ​តាម​ឆន្ទៈ​នយោបាយ​របស់​ពួកយើង​ទាំងអស់​គ្នា​។ ប៉ុន្តែ​គាត់​ (​ហ៊ាង គឹមស្រឿន​) មក​បរិហារ​កេរ្តិ៍​ថា ពួកយើង​ជា​ស្ថាប័ន​ស្ដាប់​តាម​ការបង្គាប់បញ្ជា​។ ប៉ុន្តែ​ពួកខ្ញុំ​គឺ​ប្រឹង​ធ្វើការ​ណាស់ ដើម្បី​ប្រយោជន៍​ជាតិ​ និង​ពលរដ្ឋ​»​។

លោក​បន្តថា​៖ «​ចំពោះ​លោក ថុល សុផាន់ណា មិន​ដឹង​ថា គាត់​មាន​ទិន្នន័យ និង​ភ័ស្ដុតាង​មកពី​ណា​ទេ ចោទ​ខ្ញុំ​ថា​ទទួល​លុយ​ ២០ ​ម៉ឺន​ដុល្លារ​ពី​គណបក្ស​កាន់អំណាច​ក្នុង​ការជួយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​គឺជា​ការលាប​ពណ៌​ធ្វើឱ្យ​ខូច​ឈ្មោះ​ខ្លួន​ខ្ញុំ​ផង និង​គណបក្ស​យុវជន​កម្ពុជា​ទាំងមូល​ផង​»​។

លោក ហ៊ាង គឹមស្រឿន មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​៕