ភ្នំពេញៈ លោក សេង សុវណ្ណារ៉ា ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ដកតំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​បន្ទាប់ពី​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ដក​ចេញ​ពី​ក្រុម​ការងារ​ចុះ​ជួយ​ខេត្តមណ្ឌលគិរី​ស្រប​ពេលដែល​អភិបាលខេត្ត​នេះ​បាន​ដកហូត​ដី​ពី​គាត់​ប្រហែល​ ១ ៧៥៤ ​ហិកតា ដោយសារ​រំលោភ​លើ​ដែន​អភិរក្ស​នៅ​ស្រុក​អូររាំង និង​ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌលគិរី​។

ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​ ២៤ ខែ​ សីហា​ បាន​បញ្ជាក់ថា​៖ «​បញ្ចប់​មុខតំណែង​ឯកឧត្តម សេង សុវណ្ណារ៉ា ពី​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​។ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួល​បន្ទុក​អនុវត្ត​រាជក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះហស្តលេខា​តទៅ​»​។

កាលពី​ថ្ងៃទី​ ១៣​ ​សីហា​ លោក​​ សេង សុវណ្ណារ៉ា ត្រូវបាន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រកាស​ដកចេញ​ពី​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី​ដែរ​ដោយ​ដាក់​លោក មាស ប្រុស ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ជំនួស​វិញ​។

ការដកតំណែង​ជា​បន្តបន្ទាប់​នេះ​បន្ទាប់ពី​មាន​ការបែកធ្លាយ​លិខិត​ចំនួន​ ៣ ​សន្លឹក​ របស់​លោក សេង សុវណ្ណារ៉ា កាលពី​​ដើម​ខែ​កក្កដា​ដែល​បាន​ស្នើសុំ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ចំនួន​ ៣ ​ទីតាំង​ផ្សេងៗ​គ្នា​សរុប​ចំនួន​ ១ ៧៥៤ ហិកតា ក្នុង​នោះ​មាន​លិខិត​ ២ ត្រូវបាន​លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ចុះ​ហត្ថលេខា​ទទួលស្គាល់ ខណៈ​ទីតាំង​ទាំង​ ៣ ​នោះ​ត្រូវ​បាន​ពលរដ្ឋ​ចេញ​តវ៉ា​ថា ជា​ដី​អភិរក្ស​។

ក្រោយមក​នៅ​ថ្ងៃទី​ ២៤ ខែ​ កក្កដា​ លោក ស្វាយ សំអ៊ាង បានចេញ​លិខិត​សាជាថ្មី​ដកហូត​ដី​ពី​លោក សេង សុវណ្ណារ៉ា ចំនួន​ ៩៩០ ​ហិកតា ​នៅ​ឃុំ​អូរ​បួន​លើ ស្រុក​កោះញែក​វិញ ដោយសារ​ពិនិត្យ​ឃើញ​ថា​ជា​ដី​អភិរក្ស ហើយ​លោក សុក សេរ៉ា មន្ត្រី​នាំពាក្យ​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា មូលហេតុ​លោក ស្វាយ សំអ៊ាង ចុះហត្ថលេខា​ទទួលស្គាល់​ថា​ជា​ដី​លោក សេង សុវណ្ណារ៉ា ពី​ដំបូង​នោះ​គឺ​ដោយសារ​កំហុស​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​មិន​បាន​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ឱ្យបាន​ច្បាស់លាស់​។

លោក សុក សេរ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ដែរ​ថា ដី​ ២ ​កន្លែង​ទៀត​របស់​លោក សេង សុវណ្ណារ៉ា ដែល​រំលោភ​លើដី​អភិរក្ស​គឺ​ចំនួន​ ២៩២ ​ហិកតា​ នៅ​ភូមិ​ពូហ្សាម និង​ដី​ចំនួន​ ៤៧២ ​ហិកតា​ស្ថិត​ក្នុង​ភូមិ​ពូរាំង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង​ក៏​ត្រូវ​បាន​ដកហូត​ដែរ​។

លោក​ថា​៖ «​ត្រូវបាន​ដក​ជា​បន្តបន្ទាប់​គ្នា​អស់​ហើយ​ហើយ​ប្រគល់​ឱ្យ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​គ្រប់គ្រង​»​។

លោក កែវ សុភ័ក្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ដែរ​ថា ដី​ចំនួន​ ៩៩០ ​ហិកតា​នោះ​ ស្ថិត​ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក​ក្នុង​ស្រុក​កោះញែក។ រីឯ​ដី​ចំនួន​ ២៩២ ​ហិកតា និង​ដី​ចំនួន ៤៧២ ​ហិកតា​ ស្ថិត​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ក្នុង​ស្រុក​អូររាំង​។

លោក​ថា​៖ «​ចំណាត់ការ​ក្រោយ​យ៉ាង​ម៉េច​ទៀត​អត់​ទាន់​ដឹង​ទេ ដោយសារ​ធ្លាប់បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ (​ស ខេង​) អស់​ហើយ ហើយ​ការសម្រេច​បែប​ណា​ទៀត​អាហ្នឹង​ជា​របស់​ថ្នាក់លើ​។ អត់​ទាន់​មាន​ឈូសឆាយ អត់​ទាន់​មាន​ព័ទ្ធរបង​អី​ទេ គ្រាន់តែ​គាត់​ធ្វើ​ប្លង់​យក​»​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញប៉ុស្ដិ៍​ មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ជុំវិញ​ការដកតំណែង​លោក សេង សុវណ្ណារ៉ា បាន​ទេ​។ ប៉ុន្តែ​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា រឿង​រំលោភ​យក​ដី​អភិរក្ស​របស់​លោក សេង សុវណ្ណារ៉ា គឺជា​រឿង​បុគ្គល មិន​ពាក់ព័ន្ធ​នឹង​ក្រសួង​ឡើយ ហើយ​លោក​បាន​លើក​ទឹកចិត្ត​ឱ្យ​មាន​ការអនុវត្តតាម​នីតិវិធី​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញប៉ុស្ដិ៍​ ក៏​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​ សេង សុវណ្ណារ៉ា ​បាន​ដែរ​ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនអាច​ទាក់ទង​បាន​។

លោក​ ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​សិទ្ធិមនុស្ស​សិទ្ធិ​ដីធ្លី​អង្គការ​អាដហុក​បាន​លើកឡើង​ថា ការចុះហត្ថលេខា​បោះត្រា​ទទួល​ស្គាល់​ឱ្យ​លោក សេង សុវណ្ណារ៉ា ​រំលោភ​យក​ដី​រដ្ឋ​ចាប់ពី​ថ្នាក់​ភូមិ​ឃុំ រហូត​ដល់​អភិបាលខេត្ត គឺ​ការប្រព្រឹត្ត​ខុសច្បាប់​ដ៏ធ្ងន់ធ្ងរ​ហើយ​ស្ថាប័ន​អយ្យការ​គួរ​តែ​កោះហៅ​មន្ត្រី​ទាំងនេះ​ទៅ​ឆ្លើយ​បំភ្លឺ ដោយ​លោក​បាន​ថ្លែង​ថា​អ្នក​ដែល​អាច​សម្រេច​ធ្វើ​អនុបយោគ​ដី​រដ្ឋ​ទៅ​ជា​ដីឯកជន​បាន​​គឺ​មាន​តែ​អនុក្រឹត្យ​របស់​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ​។

លោក​ថា​៖ «​ប្រសិន​បើ​តាមផ្លូវ​ច្បាប់ ពួកគាត់​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​។ នេះ​ជា​ការតវ៉ា​រកឃើញ​ពី​ប្រជាពលរដ្ឋ ហើយ​បើ​មិន​មាន​ការតវ៉ា​របស់​ប្រជាពលរដ្ឋ អ៊ីចឹង​ដី​សាធារណៈ​របស់​រដ្ឋ​ជាង​ ១ ​ពាន់​​ហិកតា​នឹង​ក្លាយ​ជា​ដីឯកជន ដោយ​​មិន​ឆ្លងកាត់​អនុក្រឹត្យ​អនុបយោគ​ទៅ​ហើយ​។ អ៊ីចឹង​មន្ត្រី​ដែល​ចុះហត្ថលេខា​លើ​លិខិត​របស់​លោក​​ សេង សុវណ្ណារ៉ា ទាំងអស់​ត្រូវ​តែ​មក​ឆ្លើយ​បំភ្លឺ​ហើយ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​»​។

លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង និង​អ្នកនាំពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា តុលាការ​មិន​ទាន់​មាន​គម្រោង​កោះ​ហៅ​មន្ត្រី​​ពាក់ព័ន្ធ​នឹង​ការចុះហត្ថលេខា​ឱ្យ​​លោក​ សេង សុវណ្ណារ៉ា ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​រដ្ឋ​នោះទេ​។

លោក​ថា​៖ «​ខាង​ខ្ញុំ​នេះ​អត់​ទាន់​ទទួល​បាន​ពាក្យបណ្ដឹង​ណាមួយ​ ឬ​ក៏​ការចាត់ការ​ណា​មួយ​ទេ គ្រាន់តែ​ចង់​ជម្រាប​ជូន​ប៉ុណ្ណឹង​»៕