ភ្នំពេញៈ នៅទី​បញ្ចប់​មាន​​​អនុសាសន៍​ចំនួន​ ១៧៦ ​ត្រូវ​បាន​ប្រទេស​ ៧៣​ លើក​ឡើង​សម្រាប់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោយ​​ពី​ប្រជុំ​ពិនិត្យ​សកល​តាម​កាល​កំណត់​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ នៅទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វ៊ីស។ ប៉ុន្តែមន្ត្រី​កម្ពុជា​ថា អនុសាសន៍​ដែល​មាន​ចរិត​នយោបាយ​ទំនង​ជា​មិន​ត្រូវ​បាន​ពិចារណា​ទេ។

នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សុក្រ លោក Farukh Amil តំណាង​អចិន្រៃ្តយ៍​របស់​ប្រទេស​ប៉ាគីស្ថាន​ប្រចាំ​​មន្ទីរ​អង្គការ​​សហ​ប្រជា​ជាតិ​ និង​អង្គការ​អន្តរ​ជាតិ​នានា​ដែលបានកត់ត្រាបាន​រាយការណ៍​ថា មាន​អនុសាសន៍ ១៧៦ ​ត្រូវ​បាន​​លើក​ឡើង ហើយ​តម្រូវ​ឲ្យ​កម្ពុជា​ឆ្លើយ​តប​មុន​ការ​ប្រជុំ​ពេញ​អង្គ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ខែ​កក្កដាខាង​មុខ។ ប៉ុន្តែ​ប្រតិភូ​ដែល​ផ្ដល់​​អនុសាសន៍​​មាន​ពេល​ដល់​ថ្ងៃ​ ១៥ កុម្ភៈ​​ ដើម្បី​​កែប្រែ​ចំណុច​ដែល​គេ​បាន​លើក​ឡើង។

លោក ណី សំអុល ឯកអគ្គរាជទូត​​ និង​ជា​តំណាង​អចិន្រៃ្តយ៍​កម្ពុជា​​ប្រចាំ​មន្ទីរ​អង្គការ​សហ​ប្រជា​ជាតិ​ និង​អង្គការ​អន្តរជាតិ​នានា​​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថ្លែង​ក្នុង​កិច្ច​បូក​សរុប​ចុង​ក្រោយ​ថា កម្ពុជា​នឹង​យក​ចំណុច​ទាំង​ ១៧៦ ​​ទៅ​ពិចារណា​។

លោក​ថ្លែង​ថា៖ «យើង​នឹង​ចាត់​វិធានការ​សម​ស្រប​ដោយ​ផ្អែក​លើរបៀប ​វិធីសាស្ត្រ​ និង​ធន​ធាន​ដែល​យើង​មាន ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចូលរួម​នេះ ហើយ​យើង​នឹង​ឆ្លើយ​តប​លើ​ក្តី​បារម្ភ​ទាំង​នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើ​រឡើង​ កា​រពារ ​និង​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជាដែល​​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​កន្លង​ទៅ ដែល​យើង​មាន​មោទន​ភាព»។

លោក ជិន ​ម៉ាលីន អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​​កិច្ច​ប្រជុំ​ដែរនោះបាន​ថ្លែង​ពី​ម្សិ​ល​មិញ​ថាអនុ​សាស​ន៍​​ដែល​​ពីដំបូង​មាន ២០២ ​ចំណុច ប៉ុន្តែ​​បាន​ធ្លាក់​មក​នៅ​ ១៧៦ ​វិញ​ ក្រោយ​​បូកសរុប​ចុង​ក្រោយ​ដោយ​សារ​អនុ​សាសន៍​ខ្លះ​​​ដូច​គ្នា។

លោក កែវ រ៉េមី ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​​បាន​​ថ្លែង​ក្នុង​សន្និ​សីទ​សារព័​ត៌មាន​កាល​ពី​យប់​ថ្ងៃសុក្រ​ពេល​មក​ដល់​កម្ពុជា​វិញដោយ​លោក​ថា បេស​កកម្ម​នេះ​​បាន​ «ជោគ​ជ័យ»។

លោក​​ថ្លែង​​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថា៖ «ហេតុ​អ្វីបាន​ខ្ញុំ​ថា ​ជោគ​ជ័យ ពីព្រោះ​យើង​បា​នការពារ​ និង​បង្ហាញ​អ្នក​ចូលរួម​។ ខ្ញុំ​ថា យើង​បាន​រួម​គ្នា​ដើម្បី​ការពារ​មុខ​មាត់​ជាតិ នៅអង្គការ​សហប្រជាជាតិ​​មិន​ឲ្យ​កម្ពុជា​បាក់​មុខ​ទេ។យើង​បាន​ប្ដេជ្ញា​​មុន​រួច​ហើយ​មុន​ពេល​ប្រជុំ ហើយ​យើង​ធ្វើ​បាន»។

លោក​កែវ ​រ៉េមី​ ថ្លែងថា ការពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) នេះ គឺជា​ឱកាស​មាស​សម្រាប់​កម្ពុជា​​បង្ហាញ​អន្តរជាតិ​ថា​ លទ្ធិ​ប្រជាធិប​តេយ្យ​ សិទ្ធិ​មនុស្ស​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​​កើនហើយ​ធ្វើឱ្យ​ពួកគេ​យល់​បន្ថែម​ពីកម្ពុជា។

លោក​ថា៖ «យើងបាន​គន់គូ​​រមើលថា​ តើ​មាន​ប៉ុន្មាន​ប្រទេស​ដែល​បាន​និយាយ​ថា​យើង​ខ្មៅ ​ហើយ​តើ​មាន​ប្រទេស​ប៉ុន្មាន​ថា​យើង​ស ហើយ​​គាំទ្រ​យើង។ ប្រទេស​ភាគ​ច្រើន​គឺ​បាន​គាំទ្រ​យើង។ ពួកគេ​បាន​អបអរសាទរ​យើង​និង​រដ្ឋាភិ​បាលរ​បស់​យើង»។

យ៉ាង​ណាក្ដី ​លោក ​រ៉េ​មី បាន​ថ្លែងថា​នៅមាន​ប្រទេស១​ចំនួន​តូច​​នៅ​ប្រកាន់​​​ជំហរ​អវិជ្ជ​មាន​មក​លើ​កម្ពុជា។

លោក​ថា៖ «គាត់​នៅ​តែ​ប្រកាន់​របៀប​អវិជ្ជមាន​ជា​មួយ​យើង ហើយ​ប្រទេស​ណា​ខ្លះ​បង​ប្អូន​ដឹង​ហើយ មាន​ប្រទេស​ណា​ខ្លះ​នៅ​អឺរ៉ុប ហើយ​អាមេរិក​គាត់​លើក​ដដែល​ៗ​រឿង​នយោបា​យ ប្រជាធិប​​តេយ្យ...។ អ្នក​ខ្លះ​បងប្អូន​យើង​សង្កេត​ អ្នក​ខ្លះ​មុខ​ឡើង​ក្រហម​ទៅៗ​ដូច​រងើក​ភ្លើង​អ៊ីចឹង! គាត់​ឈឺ​ដែរ យើង​ដាក់​ឡើង​ស្ពឹក​មុខ​នៅ​កណ្ដាល​អង្គប្រជុំ»។

លោក​បន្ថែម​ទៀត​ថា ​គ្រប់​ប្រទេស​គឺ​សុទ្ធ​តែ​មាន​បញ្ហា​សិ​ទិ្ធ​មនុស្ស​។

លោក​ ជិន ម៉ា​លីន ​ថ្លែងថា ​អនុសា​សន៍​ទាំងនោះ​នឹងត្រូវ​ពិនិត្យ​ឡើងវិញ​ជា​មួយ​ភាគី​​ពាក់​ព័ន្ធ​ដើម្បី​ពិនិត្យ​មើល​ថា​ តើ​អនុសាសន៍​ណា​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នៅកម្ពុជា​ឬ​ប្រ​ឆាំងនឹង​ច្បាប់​កម្ពុជា​មុនពេ​ល​យើង​ឆ្លើយតប​ទៅ​អង្គការ UNHRC នៅ​ក្នុង​ខែក​ក្កដា។

លោក​បន្ថែមថា ​អនុ​សាសន៍​ទាំ​ងអស់​នោះ​គ្រប​ដណ្តប់​លើ​វិស័យជា​ច្រើន​ ក្នុងនោះ​មានដូ​​ចជា ​សិទ្ធិ​សេ​ដ្ឋកិច្ច​ សង្គម​វប្បធម៌​ និង​សង្គម​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​ជាដើម។

លោក​បន្ថែមថា៖ «ប៉ុន្តែ​អនុសា​សន៍​មួយចំនួន​ទាក់ទង​នឹង​នយោ​បាយ​ដែល​បង្កប់​របៀប​វារៈន​យោ​បាយ​ និង​មិន​ស្របតាម​ច្បាប់​ជាតិ​ ឬ​ច្បាប់​អន្តរជាតិ​ជាពិសេស​ច្បាប់​របស់​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​ និង​ឯករាជភាព​របស់​តុលាការ​ ការជ្រៀតជ្រែក​ល​ទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ និង​នីតិរដ្ឋ​របស់​យើង​គឺយើង​​នឹងមិន​ទទួលយក​នោះទេ​ពីព្រោះ​វា​ខុសច្បាប់»។

លោក​ សឹង​ សា​រឿន​ នាយក​ប្រតិ​បត្តិអង្គ​ការ​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​ដើម្បី​កម្ពុជា ​(CCC) យល់​ថា​ អនុ​សាសន៍​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ស្ថាន​ការណ៍​ជាក់​ស្តែង​នៅ​កម្ពុជា​។

លោក​ថា៖ ​«ខ្ញុំ​​ជឿ​ជាក់​​ថា​ រដ្ឋា​ភិបាល​មិ​ន​​ត្រឹមតែ​បង្ហាញ​ការ​ប្ដេជ្ញា​ខ្ពស់​ទេ​ ថែម​ទាំង​មាន​សកម្ម​ភាព​សម​ស្រប»៕