ភ្នំពេញៈ អន្តរក្រសួង​កំពុង​ពិនិត្យ និង​ចងក្រង​ឯកសារ​ទីតាំង​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ដែល​ពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យផល​ជាក់ស្តែង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ក្រោយពី​ប្រជុំ​អន្តរក្រសួង តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ដែល​ជំរុញ​ឲ្យ​មាន​ការទប់ស្កាត់​ការទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់ ខណៈ​មាន​ការស្នើសុំ​កាត់​ឆ្វៀល​ដី​ក្នុង​ខេត្ត​នេះ​ជាង ៨ ​ម៉ឺន​ហិកតា​ជូន​ពលរដ្ឋ​។

កាលពី​ថ្ងៃ​ ១១ ខែ​សីហា លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​មួយ​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ដែល​ជំរុញ​ឲ្យ​មាន​ការទប់ស្កាត់ ការកាប់​រានទន្ទ្រាន​យក​ដី ដោយ​ខុស​ច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។ កិច្ចប្រជុំ​មាន​ការចូលរួម​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ជាង​ ២០០ ​នាក់ ក្នុង​នោះ​មាន​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា តំណាង​ក្រុម​ការងារ​ថ្នាក់ជាតិ ក្រសួង​បរិស្ថាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អភិបាល​ខេត្តកោះកុង និង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្ត​នេះ​។

លោក​ សាយ សំអាល់ លើកឡើង​ក្នុង​ឱកាស​នោះ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​គោរព​តាម​អនុសាសន៍ ណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្នុង​ការជំរុញ​ការទប់ស្កាត់ ការកាប់​រានទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ការពារធម្មជាតិ​នៅ​តាម​បណ្តា​ខេត្ត​នានា​។ លើស​ពី​នេះ ក៏​ដើម្បី​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ក្នុង​ការកាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យផល​ក្នុង​តំបន់​អភិរក្ស​តំបន់​សត្វព្រៃ និង​តំបន់ ការពារ​ផ្សេងៗ​របស់​រដ្ឋ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ខេត្ត​កោះកុង​មាន​ក្រុម​ការងារ​អន្តរក្រសួង និង​អនុក្រុម​ការងារ​ចុះ​ទីវាល​ក្រុង​ស្រុក​ទាំង​ ៧ ​នៃ​ខេត្តកោះកុង និង​សេចក្តី​សម្រេច​ស្តីពី​ការបង្កើត​ក្រុម​ការងារ​ពិនិត្យ​សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យផល​ជាក់ស្តែង​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​ជីវចម្រុះ​»​។

កាលពី​ថ្ងៃទី​ ៣ ខែ​កក្កដា ឆ្នាំ​ ២០២០ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រគល់​ភារកិច្ច​ជូនទៅ​ក្រសួង​ទាំង​ ៣ គឺ​ក្រសួង​បរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឲ្យ​ពិនិត្យ​លទ្ធភាព​ក្នុង​ការកាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ១២ សីហា ថា​បន្ទាប់ពី​មាន​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ ក៏មាន​ជន​ខិលខូច​ជាច្រើន​បាន​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​រួម​ទាំង​ខេត្ត​កោះកុង​ផងដែរ​។ លោក​បាន​បន្តថា តាម​របាយការណ៍​ដែល​ទទួល​បាន​ពី​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​គឺ​នៅក្នុង​ខេត្ត​កោះកុង​មាន​ការស្នើ​កាត់ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ជាង ៨ ​ម៉ឺន​ហិកតា​ពី​តំបន់​ការពារ​។

លោក នេត្រ ភក្ត្រា ថា​៖ «​ប៉ុន្តែ​យើង​មិនទាន់​អនុវត្ត​នីតិវិធី​យ៉ាងណា​ទេ ដោយសារ​តែ​យើង​ត្រូវ​ចុះ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​។ បញ្ជាក់ អត្តសញ្ញាណ និង​ក្បាលដី​ឲ្យ​បាន​ច្បាស់លាស់​ថា​ពួកគាត់​កាន់កាប់​ដី​នោះ​យូរ​តាម​អនុសាសន៍​របស់​សម្តេច​តេជោ​ដែរ​ឬ​ក៏​អត់​? ឬ​ក៏​ពួកគាត់​ទើបតែ​កាប់​ [​ដីព្រៃ​] ​ថ្មីៗ ហើយ​មក​ទាមទារ​ដែរ ព្រោះ​អនុសាសន៍​របស់​សម្តេច​តេជោ​គឺ​អត់​យោគយល់​ទេ គឺ​យើង​បង្ក្រាប ទប់ស្កាត់ និង​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ឆ្លៀតឱកាស​»​។

លោក​ ថោង ច័ន្ទដារ៉ា អ្នកសម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម អាដហុក ប្រចាំខេត្ត​កោះកុង​ថ្លែង​ថា ទំហំ​ដី​ជាង​ ៨ ​ម៉ឺន​ហិកតា​ដែល​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​បាន​ស្នើ​កាត់​ឆ្វៀល​នេះ​មិន​ប្រាកដ ថា​ជា​ដី​កាន់កាប់​ដោយ​ពលរដ្ឋ​ដែល​បាន​រស់នៅ​លើ​ដី​ជាយូរ​ឆ្នាំ​នោះទេ​។ ដូច្នេះ​លោក​ថា រដ្ឋាភិបាល​ត្រូវតែ​ពិនិត្យ​ស្រាវជ្រាវ​ករណី​នេះ​ឲ្យ​បាន​ហ្មត់ចត់ ចៀសវាង​មាន​ជន​ឆ្លៀតឱកាស និង​បក្ខពួក​មន្ត្រី​មួយចំនួន​ដែល​មាន​ចេតនា​អាក្រក់​ចង់បាន​ដី​របស់​រដ្ឋ​៕