The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អន្តរក្រសួង​ដាក់ចេញ​គម្រោង​ស្ថាបនា​ផ្លូវ​ ៣៨ ​ខ្សែ​ ក្នុង​ក្រុង​សៀមរាប




អន្តរក្រសួង​ដាក់ចេញ​គម្រោង​ស្ថាបនា​ផ្លូវ​ ៣៨ ​ខ្សែ​ ក្នុង​ក្រុង​សៀមរាប

Content image - Phnom Penh Post
ក្រុមមន្ត្រី​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៩ កញ្ញា​។ រូបថត ក្រសួង​សាធារណការ

អន្តរក្រសួង​ដាក់ចេញ​គម្រោង​ស្ថាបនា​ផ្លូវ​ ៣៨ ​ខ្សែ​ ក្នុង​ក្រុង​សៀមរាប

សៀមរាបៈ គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា និង​អនុវត្ដ​គម្រោង​ស្ថាបនា​ផ្លូវ​ចំនួន​ ៣៨ ខ្សែ ប្រវែង​សរុប ៩៨, ៣៤ គីឡូម៉ែត្រ​ នៅ​ក្រុង​សៀមរាប​បានកំណត់​យក​ថ្ងៃទី​ ២៣ ខែកញ្ញា បង្ហាញ​ពី​ការសិក្សា​ប្លង់ និង​ផែនការ​លម្អិត​សម្រាប់​ការអនុវត្ត​គម្រោង ខណៈ​ការស្ថាបនា​ផ្លូវ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២១​។

នេះ​បើ​យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ពីថ្ងៃ​ទី​ ៩ ​កញ្ញា​ នៅ​ក្រសួង​សាធារណការ​ស្តីពី​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ទីក្រុង​សៀមរាប​ដឹកនាំ​ដោយ​លោក ទៀ បាញ់ ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា និង​អនុវត្ដ​គម្រោង​ស្ថាបនា​ផ្លូវ​នេះ​ដោយ​មាន​ការចូលរួម​ពី​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​ទាំង​ ៣ ជាច្រើន​រូប​ទៀត​។

លោក ទៀ បាញ់ បាន​ណែនាំ​ឲ្យ​ក្រុម​ការងារ​បច្ចេកទេស​អន្តរក្រសួង​ដែល​ស្ថាបនា​ផ្លូវ​នេះ​ត្រូវ​ចុះ​ពិនិត្យ សិក្សា និង​ធ្វើការ​វាយតម្លៃ​បញ្ជាក់​ឲ្យ​បាន​ល្អិតល្អន់​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​ផ្លូវ​ទាំង​ ៣៨ ខ្សែ ដែល​នឹងត្រូវ​ស្ថាបនា ដើម្បី​ឈាន​ទៅ​រក​ការឯកភាព​គ្នា​ក្នុង​កម្រិត​បច្ចេកទេស​រួមមួយ​ដោយ​អាច​ធានា​នូវ​ការសាងសង់​ផ្លូវ​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​មាន​និរន្តរភាព​យូរអង្វែង​។

លោក​ថ្លែងថា​៖ «​អង្គប្រជុំ​បានសម្រេច​ឯកភាពគ្នា​ថា ប្លង់​នៃ​ការសិក្សា​លម្អិត និង​ផែនការ​នៃ​ការអនុវត្ត​គម្រោង​នេះ​នឹង​ត្រូវ​បង្ហាញ​ជូន​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្ដរក្រសួង​ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨ ​ខ្សែ​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ក្រុង​សៀមរាប នា​ថ្ងៃទី​ ២៣ ខែកញ្ញា​»​។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ៤ ​ខែកញ្ញា បាន​ប្រកាស​លើ​ហ្វេសប៊ុក​របស់​លោក​អំពី​ការបញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ដែល​រដ្ឋ​សន្សំ​បាន​ចំនួន​ ១៥០ ​លាន​ដុល្លារ ដើម្បី​ស្ថាបនា​ផ្លូវ​ចំនួន​ ៣៨ ​ខ្សែ ​ក្នុង​ក្រុង​សៀមរាប​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​ទោះបី​ពេលនេះ​ប្រទេសជាតិ​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ​១៩​ក៏ដោយ ក៏​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​ឡើយ​។ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូចធំ​ដែល​មាន​ចំនួន​ ៣៨ ​ខ្សែ​ ដែល​គ្រោង​នឹង​សាងសង់​ក្នុង​ទី​រួម​ខេត្ត​នេះ​នឹង​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​​ប្រជាពលរដ្ឋ ហើយ​នឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​នៅ​​ក្រោយ​ជំងឺ​កូវីដ​ ១៩»​។

លោក​បញ្ជាក់ថា លោក​នឹង​ធ្វើជា​អធិបតី​ក្នុង​ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ​នេះ​ដោយ​លោក​រំពឹងថា នៅ​ចុងឆ្នាំ​ ២០២១ នឹងមាន​ផ្លូវ​ស្អាត​ក្នុង​ទឹកដី​អង្គរ​អច្ឆរិយ​របស់​កម្ពុជា​។ លោក​ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ​ការរួមចំណែក​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ដែល​មិន​ខ្ជះខ្ជាយ​ថវិកា ដែល​ធ្វើឲ្យ​រដ្ឋាភិបាល​សន្សំ​បាន​ថវិកា​ប្រមាណ​ជាង​ ៦០០ ​លាន​ដុល្លារ​សម្រាប់​យកមក​អភិវឌ្ឍ​ប្រទេស​។

លោក ទៀ បាញ់ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ដដែល​ថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​​ទីក្រុង​សៀមរាប​នេះ​នឹង​សិក្សា​សាងសង់​នូវ​ប្រព័ន្ធ​លូ ចិញ្ចើមផ្លូវ ផ្លូវ​ថ្មើរជើង ផ្លូវ​ជិះ​កង់ ចំណត​រថយន្ត ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ស្លាក​សញ្ញា និង​គំនូស​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព អាង​ចម្រោះ​ទឹក​កខ្វក់ ការធ្វើ​សួនច្បារ និង​ការដាំ​ដើមឈើ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ មិន​ធ្លាប់មាន​ពីមុន​មក​ក្នុង​ការស្ថាបនា​ផ្លូវ​ទូទាំង​ក្រុង​សៀមរាប​។ នេះ​គឺជា​ការបង្ហាញ​នូវ​ការយក​ចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការប្រែក្លាយ​ទីក្រុង​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏សម្បូរបែប​មួយ​នេះ​ឲ្យ​កាន់តែ​មាន​ភាពទាក់ទាញ​ដល់​ភ្ញៀវទេសចរ និង​ការវិនិយោគ​បន្ថែមទៀត​ស្រប​ទៅ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​»​។

លោក​ ស៊ុន ចាន់ថុល ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះដែរ​ថា​៖ «​យើង​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គម្រោង សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​ ៣៨ ​ខ្សែ​ នៅក្នុង​ក្រុង​សៀមរាប​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​តាម​ការគ្រោងទុក ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង ព្រមទាំង​អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​»​។

លោក ហ៊ាង សុទ្ធាយុត្ដ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ថ្លែង​ពីថ្ងៃ​ម្សិលមិញ​ថា កិច្ចប្រជុំ​នា​ថ្ងៃទី​ ២៣ ខែកញ្ញា ជា​កិច្ចប្រជុំ​រួម​ជាមួយ​គណៈកម្មការ​ទាំងអស់ រួម​នឹង​ភាគី​ពាក់ព័ន្ធ ដើម្បី​លើក​យក​ផែនការ និង​ប្លង់​លម្អិត​មក​ជជែក​គ្នា​។ លោក​បាន​បញ្ជាក់ថា​៖ «​ក្រោយ​ចប់​រដូវ​បុណ្យ​ភ្ជុំ​នេះ​គឺ​ដល់​ថ្ងៃ​ប្រជុំ​រួមជាមួយ​គណៈកម្មការ​អន្តរក្រសួង និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ឆ្លង​គោលការណ៍​ទៅ​ថ្នាក់ដឹកនាំ​ក្នុង​ការរៀបចំ​បើក​ការដ្ឋាន​ក្នុង​ពេល​ឆាប់ៗ​នេះ​»៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។