ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងធើ្វកំណត់ហេតុរួម ១ របស់អន្តរស្ថាប័នដាក់ជូនទៅក្រសួងការបរទេសដើម្បីសុំការពិនិត្យសម្រេចតាមផ្លូវការទូតទាក់ទងករណីសណ្ឋាគារ Le Palais Hotel នៅប្រទេសថៃបានយករចនាប័ទ្មប្រាសាទខ្មែរទៅសាងសង់ដោយគ្មានការជូនដំណឹង។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌កម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថាកាលពីរសៀលថ្ងៃទី ៦ ខែតុលា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបើកកិច្ចប្រជុំអន្តរក្រសួង ១ ក្រោមអធិបតីភាពរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់ដែលទាក់ទងនឹងសណ្ឋាគារ Le Palais Hotel របស់ថៃយករចនាប័ទ្មប្រាសាទខ្មែរទៅសាងសង់។
បើតាមមន្ត្រីនាំពាក្យរូបនេះសមាសភាពដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ រួមមានតំណាងមកពីក្រសួងការបរទេសតំណាងពីក្រសួងទេសចរណ៍ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាច្រើនរូបទៀត។
លោកបញ្ជាក់ថា៖ «ជាលទ្ធផលកិច្ចប្រជុំបានសម្រេចធើ្វកំណត់ហេតុរួមអន្តរស្ថាប័ន ១ ជូនទៅក្រសួងការបរទេស ដើម្បីសុំការពិនិត្យសម្រេចតាមផ្លូវការទូតដោយផ្អែកជាគោលទៅលើមាត្រា ៦ ស្ទួន មាត្រា ១០ និងមាត្រា ១០ ស្ទួននៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មចុះថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៨៨៣ និងគោលការណ៍ផ្សេងទៀតដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ»។
ទោះយ៉ាងណាលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានបញ្ជាក់ថា ដោយសារតែករណីនេះត្រូវការធាតុចូលពីអន្តរក្រសួងច្រើនទៀត ដើម្បីពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធកំណត់ហេតុដែលនឹងដាក់ជូនក្រសួងការបរទេស នឹងត្រូវបញ្ជូនក្នុងពេលខាងមុខ។ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពេលវេលាជាក់លាក់ណាមួយថានឹងត្រូវបញ្ជូនកំណត់ហេតុរួមនោះទៅក្រសួងការបរទេស នៅពេលណានោះទេ។
សណ្ឋាគារ Le Palais ស្ថិតនៅកោះផាង៉ាន់ ខេត្តស៊ូរ៉ាតថានី នៃប្រទេសថៃ បានបើកដំណើរការតាំងពីឆ្នាំ ២០០៧ និងបានរចនាសណ្ឋាគារដូចជាប្រាសាទបាយ័ន បន្ទាយស្រី និងប្រាសាទអង្គរវត្តរបស់កម្ពុជានៅអំឡុងឆ្នាំ ២០១៥ ដោយធ្វើជាបន្ទប់សម្រាកអាងហែលទឹក ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើនទៀត។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញ ថាក្រសួងនឹងពិចារណាឱ្យបានល្អិតល្អន់ជុំវិញករណីនេះក្នុងករណីទទួលបានកំណត់ហេតុពីអន្តរក្រសួង។ ប៉ុន្តែដោយសារអង្គហេតុ និងអង្គច្បាប់ មិនទាន់ត្រូវបានបញ្ជូនមកដល់ក្រសួងលោកថា ក្រសួងក៏មិនទាន់ហ៊ានសន្និដ្ឋានយ៉ាងណាដែរ ដោយរង់ចាំការពិនិត្យជាមុនសិនមុននឹងមានប្រតិកម្មតាមផ្លូវការទូតណាមួយ។
លោកបញ្ជាក់ថា៖ «រឿងនេះយើងចង់បានការផ្តល់មតិពីក្រសួងពាក់ព័ន្ធអំពីផ្លូវច្បាប់ ផ្លូវអីសិន ហើយទាល់តែយើងឃើញក្រសួងសាមី ជាពិសេសក្រសួងវប្បធម៌ ដើម្បីដាក់មកបញ្ជាក់ថា រឿងហ្នឹង វាខុសយ៉ាងម៉េច វាត្រូវយ៉ាងម៉េច បានយើងអាចពិចារណាបន្តទៀតបាន»។
កាលពីថ្ងៃទី ៤ តុលា ម្ចាស់សណ្ឋាគារ Le Palais Hotel បានចេញលិខិតចំហ ១ ដោយបង្ហាញពីការសុំទោសរបស់ខ្លួនដែលបានធ្វើការចម្លងយកផ្នែកខ្លះនៃរចនាប័ទ្មប្រាសាទកម្ពុជាមកធ្វើជាសណ្ឋាគារ ដោយគ្មានការជូនដំណឹង។ ការចេញលិខិតនេះបន្ទាប់ពីការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ពលរដ្ឋខ្មែរ។
លោក វង្ស សុធារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្របានថ្លែងនៅលើទំព័រហ្វេសប៊ុករបស់លោកថា ជាតិសាសន៍ណាក៏ដោយ នៅសម័យទំនើបនេះតែងតែការពារ និងលើកតម្កើងអត្តសញ្ញាណជាតិរបស់ខ្លួន។ ពីព្រោះពួកគេសុទ្ធសឹងរស់នៅក្នុង «រដ្ឋប្រជាជាតិ/Nation state» រៀងខ្លួនដែលត្រូវតែមាន «គំនិតជាតិនិយម/Nationalism» ។
លោកបន្តថា ប្រាសាទអង្គរ មានអង្គរវត្ត អង្គរធំ និងប្រាសាទជាច្រើនទៀតរបស់ខ្មែរ គឺជាអត្តសញ្ញាណរបស់ជាតិខ្មែរដែលខ្មែរគ្រប់រូបបាននាំគ្នាលើកតម្កើង គោរព និងការពារ ដើម្បីជាគោលកម្លាំងមោទនភាពជាតិ និងរួបរួមជាតិ។ ដូច្នេះនៅពេលរូបរាងអត្តសញ្ញាណនេះត្រូវគេយកទៅចម្លងដើម្បីគោលដៅធ្វើជំនួញ ប្រាសចាកពីខ្លឹមសារ គោលគំនិត ការចាត់ទុក និងធម្មជាតិដើមបែបនេះ វាជាការប្រមាថដល់ព្រលឹងដូនតាខ្មែរ និងប្រជាជាតិខ្មែរ ដែលគោរពលើកតម្កើងខ្លាំងណាស់។
លោកសង្កត់ធ្ងន់ថា៖ «រដ្ឋាភិបាលថៃ គួរតែចាត់វិធានការចំពោះរឿងនេះដោយយុត្តិធម៌ផង បើថៃពិតជាអារ្យប្រទេសមួយដែលចេះស្រឡាញ់ និងលើកតម្កើងអត្តសញ្ញាណរបស់ជាតិខ្លួនដែរនោះ។ បើពុំនោះទេ ជម្លោះជាតិសាសន៍ និងសម្អប់ជាតិសាសន៍ពិតជាពិបាកចៀសវាងណាស់»។
ក្រៅពីថ្លែងបកស្រាយបែបនេះលោកចាត់ទុកថាការដែលអ្នកជំនួញថៃយកគំរូប្រាសាទជាទីជម្រកអាទិទេពជាទីគោរព និងជាអត្តសញ្ញាណជាតិខ្មែរទៅធ្វើសណ្ឋាគារ និងបន្ទប់ដេកនេះគឺបង្ហាញពីក្តីប្រមាថមើលងាយ និងគ្មានគិតអំពីអារម្មណ៍ និងទឹកចិត្តគោរពស្រឡាញ់កេរដំណែលដូនតារបស់ខ្មែរនោះទេ៕
វីដេអូ៖