ភ្នំពេញ: ក្រសួងមហាផ្ទៃ​បាន​រៀបចំ​កិច្ចប្រជុំ​អន្ដរក្រសួង​កាលពី​ថ្ងៃទី​ ១២ មករា ដោយបាន​បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អន្ដោប្រវេសន៍​ថ្មី ត្រង់​មាត្រា​ ១២ នៃ​ជំពូក​ទី​ ៣ បន្ទាប់ពី​អន្តរក្រសួង​បាន​បញ្ចប់​កិច្ចពិភាក្សា​លើ​មាត្រា​ ១១ នៃ​ជំពូក​ទី​ ៣ កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០២០​។

លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​ជា​ប្រធាន​ក្រុមបច្ចេកទេស​អន្ដរក្រសួង​រៀបចំ​តាក់តែង​សេចក្ដី​ព្រាងច្បាប់​នេះ ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា ខ្លឹមសារ​ក្នុង​មាត្រា ១២ ​ដែល​កំពុង​ពិភាក្សា​នេះ​បានចែង​ពី​សិទ្ធិ​ជនបរទេស ដែល​មក​បម្រើ​ការងារ​នៅ​កម្ពុជា​ដោយ​មាត្រា​នេះ​នឹង​កំណត់​អំពី​លក្ខខណ្ឌ​ឱ្យ​ជនបរទេស​គោរព​តាម ហើយ​ជនបរទេស​ត្រូវតែ​អនុវត្ត ដើម្បី​ឱ្យ​ស្របតាម​ច្បាប់​ការងារ និង​ច្បាប់​អន្តោប្រវេសន៍​។

លោក​ថា​៖ «​ក្នុង​កិច្ចប្រជុំ​នេះ យើង​បាន​ពិភាក្សា​លើកឡើង​ពី​បរិបទ​ច្បាប់​នៅ​កម្ពុជា​​ និង​ច្បាប់​បរទេស​ដើម្បី​យើង​ពិនិត្យ​មើលថា តើ​គួររៀបចំ​បញ្ញត្តិ​ឱ្យ​ល្អ​ត្រឹមត្រូវ​បែបណា ដើម្បី​បម្រើឱ្យ​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​យើង​ក៏​ធានា​មិនឱ្យ​ផ្ទុយ​ពី​គោលការ​អន្តរជាតិ​ដែរ ពោល​គឺ​យើង​ត្រូវ​ពិនិត្យ​មើល​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​»​។

បើ​តាម​លោក ប៊ុន ហុន នៅក្នុង​អង្គប្រជុំ​នោះ សមាជិក​សមាជិកា​ភាគច្រើន​បាន​ឯកភាព​នៅក្នុង​ចំណុច​ដែល​បានសម្រេច ប៉ុន្ដែ​ភាគី​មន្ត្រី​ជំនាញ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្នើសុំ​កែសម្រួល​នូវ​ចំណុច​ខ្លះ​។ ដោយឡែក ច្បាប់​ចាស់​ដែល​កំពុង​អនុវត្ត​រាល់​ថ្ងៃនេះ មាន​បញ្ហា​ខ្លះ​ដែល​មិន​សមស្រប​តាម​បរិបទ​សង្គម​បច្ចុប្បន្ន ដោយ​មាន​ចំណុច​ខ្លះ​ត្រូវ​កែសម្រួល​ឡើងវិញ ខ្លះ​ត្រូវបាន​លុបចោល ខ្លះ​ត្រូវ​បន្ថែម​ខ្លឹមសារ និង​ចំណុច​ខ្លះទៀត​គឺ​ត្រូវបាន​តាក់តែង​ថ្មី ទើប​គណៈកម្មការ​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ដើម្បី​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នេះ​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​បញ្ហា​នេះ​បាន​ទេ ពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​បាន​គាំទ្រ​ចំពោះ​ការធ្វើ​សេចក្តីព្រាងច្បាប់​ថ្មី ស្តីពី​អន្តោប្រវេសន៍​នេះ ដើម្បី​ឱ្យ​ឆ្លើយតប​តាម​ស្ថានភាព​បច្ចុប្បន្ន​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​មាន​ច្បាប់​ល្អ ស្រប​នឹង​ការអនុវត្ត​ច្បាប់​ល្អ​ថែមទៀត​នឹង​ធ្វើឱ្យ​ប្រទេសជាតិ​យើង​មាន​សណ្ដាប់ធ្នាប់​ល្អ សន្ដិសុខ​ល្អ​។ ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​នៅ​ព្រួយបារម្ភ គឺ​ត្រង់​ចំណុច​ដែល​អនុវត្ត​ទៅលើ​ជនបរទេស​ដែល​ធ្វើការ​ស្ម័គ្រចិត្ត​នៅតាម​អង្គការ សង្គម​ស៊ីវិល​ដែល​ចូល​មក​ជួយ​ការងារ​អភិវឌ្ឍន៍​សង្គមជាតិ​យើង​។ អ៊ីចឹង​ចំណុច​នេះ​គួរតែ​គិតគូរ​ធ្វើយ៉ាងណា​កុំឱ្យ​ប៉ះពាល់​ពួកគាត់​ច្រើនពេក​»​។

បើ​តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នេះ​មាន​គោលបំណង​គ្រប់គ្រង​ជនបរទេស​គ្រប់រូប​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​កំណត់​អំពី​វិធាន និង​លក្ខខណ្ឌ​សម្រាប់​អនុវត្ត​ចំពោះ​ជនបរទេស​ដែល​ចូល-ចេញ ឆ្លងកាត់ និង​ស្នាក់នៅ​ប្រទេស​កម្ពុជា​។ កិច្ចប្រជុំ​អន្ដរក្រសួង​កាលពី​ថ្ងៃទី​ ១២ ខែមករា គឺជា​កិច្ចប្រជុំ​លើក​ទី​៥ ដោយ​ពិភាក្សា​លើ​ជំពូក​ទី​៣ ​។ បើតាម​ក្រសួង​មហាផ្ទៃ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អន្ដោប្រវេសន៍​ថ្មី​នេះ​មាន​ចំនួន ៩ ​ជំពូក និង​ ៥០ ​មាត្រា​៕