ភ្នំពេញៈ អន្តរក្រសួង​បាន​ឯកភាព​កែសម្រួល​លក្ខណ​សម្បត្ដិ ​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ដែល​បាន​អនុវត្ដ​រយៈពេល​ ១០ ​ឆ្នាំកន្លងមក​ដោយ​ជោគជ័យ​ទៅ​ជា​គោលនយោបាយ ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព​វិញ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព និង​បញ្ហា​បច្ចុប្បន្ន ខណៈ​សង្គម​ស៊ីវិល​បានលើក​ឡើង​ពី​ក្តីបារម្ភ​របស់​ពលរដ្ឋ​ពី​ការរីករាលដាល​គ្រឿងញៀន​ដល់​ទីជនបទ​។

ការសម្រេច​កំណត់​លក្ខណសម្បត្ដិ គោលនយោបាយ​ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព​ឡើងវិញ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​លើ​ការកែសម្រួល​លក្ខណសម្បត្តិ​នៃ​គោលនយោបាយ​ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព​ដឹកនាំ​ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ៨ ខែ​មករា នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។

គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ឱ្យ​អនុវត្ដ​កាលពី​អំឡុង​ខែសីហា ឆ្នាំ​ ២០១០ មាន​លក្ខណ​សម្បត្ដិ​ចំនួន​ ៥ គឺ ១ គ្មាន​សកម្មភាព​លួច ឆក់ ប្លន់​គ្រប់​ប្រភេទ ២ គ្មាន​ការផលិត ការចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ៣ គ្មាន​អំពើ​អនាចារ ការជួញដូរ​ស្ត្រី និង​កុមារ និង​អំពើហិង្សា​ក្នុង​គ្រួសារ ៤ គ្មាន​ក្មេង​ទំនើង និង​ ៥ គ្មាន​ការលេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ការប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ​។

ចំណែក​សេចក្ដីព្រាង​គោល​នយោបាយ ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព​ដែល​អន្តរក្រសួង​ទើប​កំណត់​ឡើងវិញ​នេះ​មាន​ ៨ គឺ ១ គ្មាន​បទល្មើស​គ្រប់​ប្រភេទ ពិសេស​សកម្មភាព​​លួច ឆក់ ប្លន់​។ ២ ​គ្មាន​បទល្មើស​​គ្រឿងញៀន​។ ៣ គ្មាន​អំពើ​អានា​ចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ គ្មាន​ក្មេង​ទំនើង​។ ៤ មាន​អនាម័យ​មាន​សោភណភាព​ល្អ និង​បរិស្ថាន​ល្អ​។ ៥ ឆ្លើយតបបាន​ទាន់​ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ ករណី​ប្រធាន​ស័ក្ដិ និង​រាល់​ជំងឺឆ្លង​រាតត្បាត​កាច​សាហាវ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ៦ ផ្ដល់​សេវា​រដ្ឋបាល និង​សេវាសាធារណៈ​ប្រកប​ដោយ​​គុណភាព តម្លាភាព និង​ទទួល​​បាន​ជំនឿ​ទុកចិត្ត​។ ៧ ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព និង ៨ គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។

លោក ស ខេង ថ្លែង​ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ថា គោលនយោបាយ​ភូមិ-ឃុំ មាន​សុវត្ថិភាព​ត្រូវ​បាន​អនុវត្ត​រយៈពេល​ប្រមាណ​ ១០ ​ឆ្នាំ​កន្លង​មក ទទួល​បាន​ការគាំទ្រ និង​ចូលរួម​ច្រើន​ជាពិសេស​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​ពី​គ្រប់​ក្រសួង​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ​។

ចំណែក​ការកែសម្រួល​សេចក្ដី​ព្រាង​គោលនយោបាយ ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព​ឡើងវិញ​នេះ គឺជា​ការធ្វើ​បច្ចុប្បន្នភាព​លើ​គោលនយោបាយ​ដែល​ចាំបាច់​ឱ្យស្រប​ទៅនឹង​បញ្ហា​ថ្មីៗ​ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​រួម​នឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ស្ថាប័ន​នីមួយៗ​។

លោក​ថ្លែងថា​៖ «​ពេលនេះ​យើង​សរសេរ​គោលនយោបាយ​ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព ហើយ​ការថែម​សង្កាត់​នេះ គឺ​ដោយសារ​បណ្ដា​ក្រុង តាម​ខេត្ត​ក៏មាន​សង្កាត់​ដែរ ម្យ៉ាង​នៅ​រាជធានី​ភ្នំពេញ​ក៏​មាន​សង្កាត់​ដូចគ្នា​ដែរ​។ គោលនយោបាយ​នេះ​បាន​សរសេរ​ច្បាស់ៗ គ្មាន​ពាក្យ​បង្ការ លុបបំបាត់ ឬ​កាត់បន្ថយ​អ្វី​ទេ​»​។

លោក ស ខេង ពន្យល់ថា ការដាក់​ច្បាស់ៗ​នូវ​អ្វីដែល​ចង់បាន​ក្នុង​គោលនយោបាយ​នេះ​គឺ​ដើម្បី​បញ្ចប់​ភាពស្រពេចស្រពិល​។ ដូច្នេះ​គោលនយោបាយ​កែសម្រួល​ឡើងវិញ​នេះ​បាន​កំណត់​ឱ្យ​ច្បាស់​តែម្ដង ដូចជា​ពាក្យ​ «​គ្មាន​បទល្មើស​គ្រប់​ប្រភេទ​» ​ជាពិសេស​សកម្មភាព​លួច​ឆក់​ប្លន់ ឬ​ «​គ្មាន​បទល្មើស​គ្រឿងញៀន​» ​ជាដើម​ក្នុង​គោលនយោបាយ​នេះ​ក៏​មាន​ផ្នែក​បន្ទាប់​ពន្យល់​យ៉ាង​លម្អិត​ដែរ​។

លោក អំ សំអាត ​នាយករង​អង្គការ​លីកាដូ​បាន​គាំទ្រ​គោលនយោបាយ​នេះ ដោយ​ថ្លែង​ថា គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​នេះ​ល្អ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ធ្វើឱ្យ​ការរស់នៅ​ប្រកប​ដោយ​ភាពសុខដុមរមនា សន្តិសុខ សុវត្ថិភាព និង​បរិស្ថាន​ល្អ​។ ប៉ុន្តែ​បើ​មើល​ទៅលើ​ការអនុវត្ត​ជាក់ស្តែង​របស់​មន្ត្រី​មូលដ្ឋាន​មួយចំនួន​គឺ​មិនទាន់​ឆ្លើយតប​តាម​គោលនយោបាយ​នេះ​នៅឡើយ​ទេ​។ លោក​ថា​៖ «​ប្រជាពលរដ្ឋ​មួយចំនួន នៅតែ​លើកឡើង​ពី​បញ្ហា​មួយចំនួន​ដូចជា ករណី​គ្រឿងញៀន​ដែល​បច្ចុប្បន្ន​គឺ​រីក​រាលដាល​ដល់​ជនបទ ល្បែងស៊ីសង​មួយចំនួន​នៅ​បន្ត​កើតមាន​ឡើង ចោរកម្ម​មួយចំនួន​នៅ​តែ​កើតមានឡើង​»​។

បើតាម​លោក សំអាត សហគមន៍​ដីធ្លី និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​លើកឡើង​ថា ពេល​ពួកគេ​ចុះ​បំពេញ​ការងារ ឬ​ជួបជុំគ្នា​ដើម្បី​ការងារ​សហគមន៍ គឺ​តែងតែ​មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះទៅ​ដល់ និង​ឃ្លាំមើល​សកម្មភាព​។ ពួកគេ​ចង់ឱ្យ​អាជ្ញាធរ​យក​ពេលវេលា​ទាំងនេះ​ទៅ​យកចិត្ត​ទុកដាក់​ដើម្បី​ការពារ​ផលប្រយោជន៍​មូលដ្ឋាន​ និង​ការពារ​សុវត្ថិភាព​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​វិញ​ដូចជា​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ដែល​កើត​ក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​តាម​គោលនយោបាយ ភូមិ-ឃុំ​មាន​សុវត្ថិភាព​វិញ​ទើប​ជា​ការល្អ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដើម្បីឱ្យ​គោលនយោបាយ​ភូមិ-ឃុំ មាន​សុវត្ថិភាព​មាន​ប្រសិទ្ធភាព​ទាល់តែ​មន្ត្រី​​មូលដ្ឋាន​ចូលរួម​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​មាន​ទំនុកចិត្ត​ពី​ពលរដ្ឋ​»​។

យោងតាម​សេចក្ដីព្រាង​ដែល​ ភ្នំពេញ ​ប៉ុស្ដិ៍​ ទទួល​បាន​ពី​ម្សិលមិញ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព​វិញ​នេះ​មាន​គោលបំណង​បន្ត​កសាង និង​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​លើកកម្ពស់​អនាម័យ បរិស្ថាន សុខុមាលភាព​ប្រជាជន និង​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្ដាលមកពី​គ្រោះ​មហន្តរាយ​ និង​ជំងឺឆ្លង​រាតត្បាត​គ្រប់​កាលៈទេសៈ​ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​មាន​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​មូលដ្ឋាន​ផងដែរ​។

គ្រប់​ចំណុច​នៃ​គោលនយោបាយ​នេះ​គឺ​ដើម្បី​បង្ក​ភាពអនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច​នៅ​មូលដ្ឋាន និង​ឈានទៅ​បង្កើនល្បឿន​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ ព្រម​ទាំង​កសាង​បានជា​កម្លាំង​សរុប វិធានការ​សរុប និង​មធ្យោបាយ​សរុប ដោយ​បំផុស​ឱ្យមាន​កិច្ចសហការ​ចូលរួម​ជាមួយ​សមត្ថកិច្ច​ផ្នែក​សាធារណៈ​ផ្នែក​ឯកជន ផ្នែក​ពាក់ព័ន្ធ និង​ប្រជាជន​ទូទាំង​ប្រទេស​៕