ភ្នំពេញ៖ បុគ្គល​ណា​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល ត្រូវ​ដាក់​ទណ្ឌកម្ម​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១ លាន​រៀល ទៅ ៥ លាន​រៀល ដោយ​មិន​គិត​ដល់​បទល្មើស​ព្រហ្មទណ្ឌ​ដទៃ ដែល​ការ​ពិន័យ​នេះ ជា​សមត្ថកិច្ច​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ នេះ​បើ​យោង​តាម​ប្រកាស​អន្តរ​ក្រសួង​រវាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

សេចក្តី​ប្រកាស​នេះ បាន​ចេញ​នៅ​ថ្ងៃ​សុក្រ ទី ០៩ ខែ​មេសា​នេះ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លិខិត​នេះ បាន​លើក​ឡើង​ថា កម្រិត​ទឹក​ប្រាក់​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​ពិន័យ​អន្តរការណ៍​ទៅ​តាម​វិធានការ​រដ្ឋបាល​នីមួយៗ ចំពោះ​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល ត្រូវ​សម្រេច​ដោយ​រដ្ឋបាល​រាជធានី-ខេត្ត​នីមួយៗ។

សេចក្តី​ប្រកាស​នេះ​ថា៖ «រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មាន​សមត្ថកិច្ច​ចេញ​បង្កាន់​ដៃ​ពិន័យ​អន្តរការណ៍ ដើម្បី​បង្គាប់​ឱ្យ​បុគ្គល​ដែល​មិន​គោរព​វិធានការ​រដ្ឋបាល​ត្រូវ​បង់​ប្រាក់​ពិន័យ​អន្តរការណ៍​ទៅ​តាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត»។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ចំណូល​ដែល​ប្រមូល​បាន​ពី​ការ​ពិន័យ​ចំពោះ​អំពើ​មិន​គោរព​វិធានការ​រដ្ឋបាល ត្រូវ​កត់ត្រា​ជា​ចំណូល​របស់​រដ្ឋបាល​រាជធានី-ខេត្ត ហើយ​រដ្ឋបាល​រាជធានី-ខេត្ត ត្រូវ​រៀបចំ​គម្រោង​ចំណូល​ពី​ការ​ពិន័យ​ចំពោះ​អំពើ​មិន​គោរព​វិធានការ​រដ្ឋបាល​នេះ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​គម្រោង​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។

ក្នុង​ករណី​ទទួល​បាន​ប្រាក់​ពិន័យ​អន្តរការណ៍​ដោយ​ផ្ទាល់​ជា​សាច់​ប្រាក់ ឬ​ជា​មួលប្បទានបត្រ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ប្រើប្រាស់​បង្កាន់​ដៃ​បង់​ប្រាក់​ដែល​បោះ​ពុម្ព និង​បើក​ផ្តល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ៕