ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ដឹកនាំ​កិច្ចប្រជុំ អន្តរក្រសួង​ស្ដីពី​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង និង​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី​ ៨ ​ឧសភា​។ កិច្ចប្រជុំ​នេះ​បាន​ស្នើឡើង​ដោយ​លោក​ កើត រិទ្ធ រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ ដើម្បី​ស្វែងរក​ការគាំទ្រ និង​កិច្ចសហការ​ពី​ក្រសួងមហាផ្ទៃ​ក្នុង​ការអនុវត្ដ​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ដែល​គ្រោង​ប្រកាស​អនុវត្ដ​នៅ​ចុង​សប្ដាហ៍​នេះ​ផងដែរ​។

កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​ ចាន់ គីមសេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ព្រមទាំង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក​នៃ​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌​ជាច្រើនរូប​ទៀត​។

លោក ស ខេង ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​នោះ​ថ្លែង​ក្នុងពេល​បើក​កិច្ចប្រជុំ​ថា​៖ «​កិច្ចប្រជុំ​អន្តរក្រសួង​នា​ថ្ងៃនេះ​គឺ​ឆ្លើយតប​តាម​សំណើ​ពី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ការកកស្ទះ​សំណុំរឿង​។ ក្នុងស្ថានភាព​នៃ​ការប្រឈមមុខ​នឹង​វិបត្តិ​កូវីដ​១៩ ថ្វី​ដ្បិត​ថា​មាន​បណ្ដា​ប្រទេស​មួយ​ចំនួន​បានសម្រេច​ដោះលែង អ្នកទោស​ខ្លះ​ប៉ុន្តែ​នៅ​កម្ពុជា​ស្ថានភាព​មិនទាន់​ឈានដល់​ដំណាក់កាល​នេះ​នៅឡើយ​ទេ​»​។

លោក​បន្តថា​៖ «​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ និង​ភាពចង្អៀតណែន​ក្នុង​ពន្ធនាគារ​គឺជា​កិច្ចការ​សំខាន់បំផុត​មួយ​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ទន្ទឹមនឹង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បទល្មើស​គ្រឿងញៀន​បាន​ស្ថិត​ក្នុង​ភាគរយ​ខ្ពស់​ជាងគេ​ធៀប​នឹង​បទល្មើស​ផ្សេងៗ ដែល​បាន​បញ្ជូនមក​តុលាការ ខណៈ​បទល្មើស​នេះ​ក៏​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្នើសុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ដែរ​»​។

លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​ថ្លែង​ថ្ងៃទី​ ១០ ឧសភា ថា​កិច្ចប្រជុំ​ជាមួយ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​សុក្រ​គឺ​ដើម្បី​ស្វែងរក​ការគាំទ្រ និង​ការសហការ​ពី​ក្រសួង​មហាផ្ទៃ​ក្នុង​ការអនុវត្ដ​យុទ្ធនាការ​ស្ដីពី​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង និង​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។

លោក​ថ្លែងថា​៖ «​យុទ្ធនាការ​នេះ​នឹងដាក់​ចេញ​ប្រកាស​ជា​សាធារណៈ​នៅ​ចុង​សប្ដាហ៍​នេះ​។ អ៊ីចឹង​មុន​នឹង​ដាក់ចេញ​ឲ្យ​អនុវត្ដ​ទូទាំង​ប្រទេស​គឺ​ក្រសួង​យុត្ដិធម៌​បាន​ជួប​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​គណៈមេធាវី មេធាវី​សម្ដេច​តេជោ តុលាការ​ទូទាំង​ប្រទេស និង​គ្រប់​ជាន់ថ្នាក់​រួម​នឹង​តុលាការ​កំពូល ដើម្បី​សុំ​ការគាំទ្រ និង​កិច្ចសហការ​»​។

លោក​ ជិន ម៉ាលីន ​បញ្ជាក់ថា នៅពេល​ដែល​យុទ្ធនាការ​នេះ​ប្រកាស​ជា​សាធារណៈ​នឹង​បង្ហាញ​តែម្ដង​ថា​តើ​យុទ្ធនាការ​នេះ​ត្រូវការ​រយៈពេល​ប៉ុន្មាន មាន​វិធានការ និង​យន្តការ​អ្វីខ្លះ​ ផែនការ​អ្វីខ្លះ អ្នកណាខ្លះ​ជា​អ្នកអនុវត្ត​ហើយ​ត្រូវការ​ការចូលរួម​ពី​ភាគី​ណាខ្លះ​ និង​លទ្ធផល​រំពឹងទុក​យ៉ាង​ដូចម្ដេច​ខ្លះ​ជាដើម​។

លោក​ ចាន់ គីមសេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​រឿងនេះ​កាលពី​ថ្ងៃទី​ ១០ ឧសភា ដោយ​ប្រាប់​ឲ្យ​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក​ ខៀវ សុភ័គ ដែល​មិន​អាច​ទាក់ទង​បាន​ដោយ​ទូរស័ព្ទ​គ្មាន​អ្នកទទួល​។

លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​សប្ដាហ៍​មុន​ថា បច្ចុប្បន្ន​ទណ្ឌិត​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​ជិត​ ៤ ​ម៉ឺន​នាក់ ដែល​ទណ្ឌិត​ភាគច្រើន​ជាប់ឃុំ​ក្នុង​បទល្មើស​គ្រឿងញៀន​។ ​

លោក​ថ្លែងថា ក្នុង​ការដោះស្រាយ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ តុលាការ​គួរ​ពន្លឿន​ការកាត់ទោស និង​ជម្រះក្ដី​ក្នុងចំណោម​ជន​ជាប់ឃុំ​នេះ​ឲ្យ​មាន​សាលក្រម​ស្ថាពរ​យ៉ាងតិច​ ៥០ ​ភាគរយ​នោះ វិស័យ ការអប់រំ​កែប្រែ​នឹង​មាន​ការប្រែប្រួល​ជាង​មុន លែង​មាន​ភាព​កកស្ទះ​ក្នុង​ពន្ធនាគារ​ទៀតហើយ​។

លោក​ ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ សិទ្ធិមនុស្ស​អាដហុក​នៅ​តែ​លើកឡើង​ថា បើ​ពិនិត្យមើល​ទៅលើ​នីតិវិធី​ច្បាប់​ចាប់តាំងពី​មន្ដ្រី​យុត្ដិធម៌​ចាប់ផ្ដើម​អនុវត្ដ​ច្បាប់​តែម្ដង​គឺ​រាល់​បទល្មើស​ដែល​ស្រាលៗ​មិនគួរ​ជ្រើសរើស​យក​មធ្យោបាយ​ឃុំខ្លួន​នោះទេ ព្រោះ​សំណុំរឿង​និង ពន្ធនាគារ​កំពុង​មាន​ការកកស្ទះ​។

លោក​ ករុណា ​ថ្លែង​ថា​៖ «​មួយទៀត​នោះ គឺ​គួរតែ​មាន​ការពិនិត្យ​នៅ​ក្នុង​ពន្ធនាគារ​ផងដែរ​ថា​តើ​ឥរិយាបថ​អ្នកទោស​ដែល​ពួកគាត់​មាន​ការកែប្រែ​ខ្លួន មាន​ឆន្ទៈ​ខ្លួន​គាត់​ដោយ​យល់​ពី​កំហុស​ខ្លួន គួរតែ​មាន​ការពិចារណា​ឲ្យ​ពួកគាត់​ទទួល​បាន​ឱកាស​ក្នុង​ការលើកលែងទោស និង​បន្ធូរបន្ថយទោស​ផងដែរ​»៕