ភ្នំពេញៈ ក្រសួងចំនួន ៣ មានក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានប្រកាសរួមគ្នាពីការចាប់ផ្តើមដំណើរការផែនការសកម្មភាពពហុវិស័យ ដើម្បីប្រយុទ្ធប្រឆាំងបញ្ហាភាពស៊ាំនឹងឱសថប្រឆាំងមេរោគដែលបន្តគំរាមកំហែងនៅកម្ពុជា បើទោះជាប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាអាចសម្រេចបាននូវវឌ្ឍនភាពជាច្រើនជុំវិញបញ្ហានេះក៏ដោយ។
ផែនការសកម្មភាពពហុវិស័យនេះត្រូវបានប្រកាសឲ្យផ្សព្វផ្សាយកាលពីថ្ងៃទី ២៣ ខែធ្នូ នៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញដោយមានមន្ត្រីជាច្រើនរូបមកពីក្រសួងទាំង ៣។ សេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំង ៣ នេះបានឲ្យដឹងថា ផែនការសកម្មភាពពហុវិស័យស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៅកម្ពុជានឹងចាប់ផ្តើមដំណើរការពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ដោយការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៧ ជាអាទិភាព ដើម្បីខិតខំដោះស្រាយការគំរាមកំហែងដោយបញ្ហាភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៅកម្ពុជា។
សេចក្តីប្រកាសដដែលបន្តថា៖ «ផែនការសកម្មភាពនេះនឹងផ្តល់ជាអភិក្រមមួយល្អប្រសើរជាងពេលកន្លងមកដោយវានឹងលើកកម្ពស់ការចូលរួមពីតួអង្គនានាមកពីវិស័យវេជ្ជសាស្ត្រ និងបសុឱសថ វិស័យកសិកម្ម ចំណីអាហារ ហិរញ្ញវត្ថុ បរិស្ថាន និងអ្នកប្រើប្រាស់ទូទៅ»។
តាមសៀវភៅផែនការសកម្មភាពថ្មីដែលបានប្រកាសនាពេលនោះបានទទួលស្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាពជាច្រើនក្នុងការប្រយុទ្ធប្រឆាំងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានថ្លែងភ្ជាប់ជាមួយនឹងផែនការសកម្មភាពនោះថា៖ «ក្នុងនាមក្រសួងពាក់ព័ន្ធតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា យើងប្តេជ្ញាអនុវត្តអភិក្រមចម្រុះគ្រប់ជ្រុងជ្រោយ និងមានការសហការគ្នាយ៉ាងស៊ីចង្វាក់ ដើម្បីឈានទៅបង្ការ និងទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគដែលបណ្តាលមកពីការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្របនៅក្នុងវិស័យវេជ្ជសាស្ត្រ ចំណីអាហារ និងកសិកម្ម»។
តាមរបាយការណ៍នាពេលថ្មីៗរបស់ធនាគារពិភពលោក និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិបានឲ្យដឹងថា ប្រសិនបើមិនមានដំណោះស្រាយណាមួយទេ ភាពស៊ាំនឹងឱសថប្រឆាំងមេរោគអាចនឹងធ្វើឱ្យប្រទេសដែលមានចំណូលទាប បាត់បង់ផលិតផលក្នុងស្រុកសរុបច្រើនជាង ៥ ភាគរយដោយសារតែការចំណាយ និងការខាតបង់ជុំវិញការថែទាំសុខភាព និងផលិតកម្មកសិកម្ម។
របាយការណ៍ដដែលនោះឲ្យដឹងថាមនុស្សប្រមាណ ២៨ លាននាក់នឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងបង្កើនការចំណាយកាន់តែច្រើនទៅលើការថែទាំសុខភាពនៅទូទាំងពិភពលោកពី ៣០០ កោដិ ទៅដល់ជាង ១ ពាន់កោដិដុល្លារក្នុង ១ ឆ្នាំៗចាប់ពីឆ្នាំ ២០៣០ ទៅ។
លោក លី សូវ៉ាន ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលមិនអាចសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ដោយសារតែទូរស័ព្ទមិនមានអ្នកទទួល។
បើយោងតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថា ពិភពលោកកំពុងតែប្រឈមទៅនឹងគ្រោះថ្នាក់នៃការគ្មានឱសថសម្លាប់មេរោគ ដោយសារវាមានភាពស៊ាំដែលបង្កជាបញ្ហាមួយចំនួន ដូចជាការព្យាបាលមិនងាយជាសះស្បើយអស់ថវិកាច្រើនក្នុងការព្យាបាល និងឈានដល់ការបាត់បង់អាយុជីវិតអ្នកជំងឺចំពោះករណីធ្ងន់ធ្ងរ។ ភាគច្រើននៃអ្នកជំងឺដែលមានភាពស៊ាំជាមួយនឹងឱសថគឺមានទំនាក់ទំនងជាមួយនឹងការប្រើប្រាស់ថ្នាំផ្សះសម្លាប់មេរោគអង់ទីប៊ីយ៉ូទិក (Antibiotic)។
លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងដែរថា វិធានការទាំងនេះមិនត្រឹមតែមានវិសាលភាពលើវិស័យសុខាភិបាលទេ ប៉ុន្តែវិស័យផ្សេងៗរួមទាំងវិស័យកសិកម្ម និងបរិស្ថានក៏ទទួលបានវិធានការនេះផងដែរ។ លោកស្រីបន្តថា៖ «វិធានការទាំងនេះដែលមានការបញ្ជាក់ដោយទិន្នន័យ និងភ័ស្តុតាងគ្រប់គ្រាន់គឺជាជំហានឆ្ពោះទៅកាន់ការខិតខំប្រឹងប្រែងរួមគ្នាកាន់តែប្រសើរឡើង»។
លោក ទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងថា ការអនុវត្តមិនល្អលើវិស័យចិញ្ចឹមសត្វ ការអនុវត្តអនាម័យ និងការគ្រប់គ្រងសំណល់កសិកម្មជាកត្តារួមចំណែកបន្ថែមទៀតដែលនាំឱ្យមានការរីករាលដាលនៃបាក់តេរីដែលសុំានឹងឱសថប្រឆាំងមេរោគទៅកាន់ខ្សែចង្វាក់ផលិតកម្មចំណីអាហារ និងបរិស្ថាន។
លោកបានបញ្ជាក់ថា៖ «ប្រការនេះទាមទារឱ្យមានវិភាគទាន និងការចូលរួមខ្លាំងឡើងពីសំណាក់វិស័យផ្សេងៗទៀតរួមទាំងក្រសួងបរិស្ថានផង ដើម្បីគ្រប់គ្រង និងទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ»។
ប្រសិនបើគ្មានការទប់ស្កាត់ និងផ្សព្វផ្សាយពីការកើនឡើងនៃភាពស៊ាំនឹងឱសថប្រឆាំងមេរោគនោះទេ មនុស្សប្រមាណជាង ៧០ ម៉ឺននាក់នឹងស្លាប់ជារៀងរាល់ឆ្នាំ ហើយអាចនឹងកើនឡើងដល់ ១០ លាននាក់ក្នុងឆ្នាំ ២០៥០។ នេះបើយោងតាមឯកសារទស្សនទានដែលរៀបរៀងដោយក្រសួងទាំង ៣ គឺក្រសួងបរិស្ថាន ក្រសួងសុខាភិបាល និងក្រសួងកសិកម្ម ចេញផ្សាយនៅចុងខែឧសភា ឆ្នាំ ២០១៨៕