ភ្នំពេញៈ ក្រោយ​កិច្ចប្រជុំ​អន្ដរ​ក្រសួង​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដឹកនាំ​ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​កាល​ពី​ម្សិលមិញ បាន​សម្រេច​ឯកភាពគ្នា​ទៅ​លើ​ជំពូក​ទី ១ ក្នុង​ចំណោម ៩ ជំពូក​នៃ​ច្បាប់​នេះ​ខណៈ​ការ​តាក់​តែង​ធ្វើ​ឡើង​តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ។

សេចក្ដីព្រាងច្បាប់​សិទ្ធិ​ទទួលព័ត៌មាន​ដែលមាន ៩ ជំពូក ចែក​ចេញ​ជា ៣៨ មាត្រា​នេះ ត្រូវ​បាន​ដឹកនាំ​រៀបចំ​តាក់​តែង​ដោយ​ក្រសួង​ព័ត៌មាន​ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​សង្គម​ស៊ីវិល អង្គការ​យូណេស្កូ ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​និង​ក្លិប​អ្នក​កាសែត​កម្ពុជា​ដែល​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ក្រោម​ការ​គាំទ្រ​ថវិកា​ពី​អង្គការ​យូណេស្កូ។

លោក មាស សុ​ភ័​ណ្ឌ អនុ​រដ្ឋលេខាធិ​ការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​គឺ​បាន​ទទួល​លទ្ធផល​ល្អ​និង​បាន​សម្រេច​នូវ​ជំពូក ១ រួច​ហើយ។

លោក​បន្ដថា៖ «យើង​បានសម្រេច​ទៅលើ​ជំពូក ១ រួច​ហើយ គណៈ​កម្មការ​យើង​បាន​កំណត់​នូវ​ថ្ងៃ​ប្រជុំ​ជាបន្ដ​បន្ទាប់​ទៀត នៅ​ក្នុង​ពេលវេលា​មួយ​ដែល​សម​ស្រប»។

លោក​បញ្ជាក់ថា៖ «ព្រឹក​មិញ​នេះ វា​ជាស​ញ្ញា​មួយ​ដែល​ល្អ​ដោយសារ​ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ន្ធ​សំខាន់​បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​នៅ​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​អនុម័ត​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​យើង​នូវ​ជំពូក​ទី ១ រួច​ហើយ»។

បើតាម​លោក មាស សុ​ភ័​ណ្ឌ កិច្ចការងារ​បន្ទាប់​លើ​ការតាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ ក្រសួង​ព័ត៌មាន​បាន​ជ្រើស​រើស​នូវ​នីតិវិធី​ពន្លឿន​ដោយ​ជំហាន​ទី ១ នៅ​ក្នុង​កិច្ច​ពិភាក្សា​អន្ដរ​ក្រសួង​នេះ​គឺ​អញ្ជើញ​ក្រសួង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​ខ្លាំង​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ​មក​ពិភាក្សា​មុន។

ទាក់ទង​នឹង​ការសម្រេច​ជា​ផ្លូវការ​នៃ​ច្បាប់​នេះ​ត្រង់​ជំពូក ១ លោក សុភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា៖ «នៅ​ក្នុង​ជំពូក ១ នេះ យើង​កំណត់​ថា បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​។ដោយ​ច្បាប់​នៅ​ជំពូក​នេះ បាន​ចែង​ពី​ភារកិច្ច​ដែល​ស្ថាប័ន​សាធា​រណៈ​ធានា​ត្រូវ​ផ្ដល់ និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធា​រណៈ​ជាដើម»។

លោក ​ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) បាន​លើក​ឡើង​ថា តាមរយៈ​លទ្ធផល​នៃ​ការ​ប្រជុំ​អន្ដរ​ក្រសួង​បែប​នេះ បាន​បញ្ជាក់​ដំណើរការ​នៃ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ កាន់​តែ​ទៅ​មុខ​លឿន​ហើយ ដោយ​ដំណាក់​កាល​បន្ដ​បន្ទាប់​ទៀត​និង​ឈាន​ដល់​កិច្ច​ប្រជុំ​គណៈរ​ដ្ឋមន្ដ្រី​សម្រេច និង​បញ្ជូន​ទៅ​សភា​ដើម្បី​អនុម័ត។

លោក​បន្ដថា៖ «ជា​សញ្ញា​ល្អ​មួយ​ដែល​យើង​ឃើញថា ច្បាប់​នេះ​បាន​ដំណើរការ​ទៅ​មុខ​ហើយ។​ច្បាប់​នេះ​សំខាន់​សម្រាប់​ប្រជា​ពលដ្ឋ​ទូទៅ​ក៏​ដូចជា​យើង​ជា​អ្នក​សារ​ព័ត៌មាន​ត្រង់​ថា​វា​នឹង​ជា​ច្បាប់​មួយ​ដែល​កំណត់​ឲ្យ​អាជ្ញាធរ​ត្រូវ​ផ្ដល់​ព័ត៌មាន​ទៅ​តាម​ការ​ស្នើ​សុំ និង​ឆ្លើយ​តប​ទៅ​តាម​ការ​កំណត់​មួយ​ដែល​អ្នក​ស្នើសុំ​ចង់​បាន​ដែល​ពី​មុន​យើង​អត់​មាន​ពេល​យើង​សុំ​ព័ត៌មាន គេ​ឲ្យ​មិន​ឲ្យ​ស្រេច​តែ​គេ»។

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារ​ព័ត៌មាន​កម្ពុជា (UJFC) បាន​សាទរ​ចំពោះ​ការ​សម្រេច​បាន​របស់​ក្រសួង​ព័ត៌មាន ជាមួយ​ក្រសួង និង​ស្ថាប័ន្ធ​ពាក់ព័ន្ធ​ជុំវិញ​ការ​អនុម័ត​ការ​តាក់​តែង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ។

លោក​ថា៖ «ក្រសួង​បាន​តាក់តែង​ច្បាប់​មួយ​ដែលមាន​ប្រយោជន៍​ទាំង​សង​ខាង​ជាពិសេស​ធានា​បាន​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៃ​អ្នក​សារ​ព័ត៌មាន ដើម្បី​ធ្វើ​កិច្ច​ការងារ​របស់​ខ្លួន​បម្រើ​ទៅ​មហាជន ប៉ុន្ដែ​ខ្ញុំ​ជឿ​ថា ច្បាប់​មួយ​ហើយ លើស​ពី​ច្បាប់​គឺ​ឆន្ទៈ​នយោបាយ​របស់​ស្ថាប័ន​នីមួយៗ​ក្រោម​ចំណុះ​របស់​រាជ​រដ្ឋាភិបាល គឺ​សំខាន់​បន្ថែម​ទៀត​ជាមួយ​នឹង​ច្បាប់​នេះ»។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន​ថ្លែងថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​ព័ត៌មាន​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៣ កន្លង​មក​ដើម្បី ដឹកនាំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​សារ​ព័ត៌មាន អង្គការ​សង្គម​ស៊ីវិល​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ។

លោក​បាន​បញ្ជាក់ថា​បន្ទា​ប់​មក​នៅក្នុង​ខែ កុម្ភៈ​ ឆ្នាំ ២០១៥ ក្រសួង​ព័ត៌មាន​បាន​សហការ​ជាមួយ អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា​ដោយ​បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ហៅ​កាត់​ថា (TWGA2I) សម្រាប់​កិច្ច​ពិភាក្សា​កែ​សម្រួល​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​ក្រុម​ការងារ​បច្ចេកទេស​នេះ​ទើប​តែ​បញ្ចប់​កាល​ពី​ពេល​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ​ដែរ៕