ភ្នំពេញៈ លោក ឈួន វន់ អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អន្តរក្រសួង​បានបញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ស្តីពី​លក្ខខណ្ឌ​នៃ​ការចេញ​បណ្ណ​បើកបរ​សម្រាប់​ជន​មាន​ពិការភាព​នឹង​បញ្ជូន​ទៅ​ថ្នាក់ដឹកនាំ​សម្រេច​ចុងក្រោយ​ដើម្បី​សម្រេច​ប្រកាស​ឱ្យប្រើ​ប្រាស់​ក្នុងពេល​ឆាប់ៗ​។

លោក ឈួន វន់ បាន​ថ្លែងថា កាលពី​ថ្ងៃ​សុក្រ​ទី​ ១៧ ខែ​កក្កដា មន្ដ្រី​ជំនាញ​តំណាង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សុខាភិបាល និង​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​បញ្ចប់​កិច្ចប្រជុំ ពិភាក្សា និង​បាន​ឯកភាពគ្នា​ទាំងស្រុង​លើ​សេចក្ដី​ប្រកាស​ស្តីពី​លក្ខខណ្ឌ​នៃ​ការចេញ​បណ្ណ​បើកបរ​សម្រាប់​ជន​មាន​ពិការភាព​នៅក្នុង​ប្រទេស​។

លោក​បាន​ថ្លែងថា​៖ «​យើង​បាន​ឯកភាព​គ្នា​ហើយ​លើ​សេចក្ដី​ព្រាង​នេះ​រួច​នឹង​ដាក់ជូន​ថ្នាក់ដឹកនាំ​សម្រេច​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ខ្ញុំ​មិនទាន់​អាច​កំណត់ថា នឹងដាក់​សេចក្ដី​ព្រាង​នេះ​ទៅ​ថ្នាក់ដឹកនាំ​ក្នុង​ពេលណា​បាន​ទេ ប៉ុន្តែ​គឺ​នៅក្នុង​ពេល​ឆាប់ៗ​នេះហើយ​»​។

លោក ឈួន វន់ បាន​ឲ្យ​ដឹង​ទៀតថា លក្ខខណ្ឌ​នៃ​ការចេញ​បណ្ណ​បើកបរ​សម្រាប់​ជន​មាន​ពិការភាព​នេះ​មិន​មាន​ភាព​ខុសប្លែក​គ្នា​ពី​បណ្ណ​បើកបរ​ផ្សេងៗ​ទេ គឺ​ជន​មាន​ពិការភាព ពេល​ចង់​ធ្វើ​បណ្ណ​បើកបរ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​មាន​ដូចជា​អត្តសញ្ញាណប័ណ្ណ​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​មើល​ទៅលើ​កាយសម្បទា​របស់គាត់​។ មានន័យ​ថា តើ​ជន​មាន​ពិការភាព​ដែល​ចង់​ធ្វើ​បណ្ណ​បើកបរ​នោះ តើ​គាត់​អាច​បើកបរ​យានយន្ត​ប្រភេទ​ណា​បាន​ជាដើម​»​។

លោក​ថ្លែង​ថា​តាម​សេចក្ដីព្រាង​នៃ​ប្រកាស​នេះ​បញ្ជាក់​ដែរថា បើ​ជន​មាន​ពិការភាព​នោះ​អាច​បើក​យានយន្ត​បាន​ធម្មតា​នោះ​ក្រសួង​នឹង​អនុញ្ញាត​ឱ្យ​ពួកគាត់​ប្រឡង​យក​បណ្ណ​បើកបរ​ដូច​ប្រជាពលរដ្ឋ​ដែរ មិន​មាន​លក្ខខណ្ឌ​អ្វី​ច្រើន​ទេ​។

លោក ឈួន វន់ បាន​ឱ្យ​ដឹងថា សេចក្តី​ព្រាង​ប្រកាស​អន្តរក្រសួង​នេះ​មាន​គោលបំណង​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព​ដែល​មាន​សមត្ថភាព​អាច​បើកបរ​យានយន្ត​នៅក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រកាស​នេះ​មាន​គោលដៅ​កំណត់​លក្ខខណ្ឌ​នៃ​ការចេញ​បណ្ណ​បើកបរ​សម្រាប់​ជន​មាន​ពិការភាព ដែល​អនុញ្ញាត​ឱ្យ​បើកបរ ប្រភេទ​យានយន្ត​សម្រាប់​ជន​មាន​ពិការភាព​បើកបរ​បាន និង​ផ្នែក​នៃ​យានយន្ត​ដែល​ត្រូវ​កែច្នៃ​។

លោកស្រី លឹម សុខជា ទីប្រឹក្សា​ជាន់ខ្ពស់ អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក តែងតែ​ជំរុញ​ដល់​រដ្ឋាភិបាល​ក្នុង​ការលើក​ទឹកចិត្ដ​ដើម្បី​ចេញ​បណ្ណ​បើកបរ​ដល់​ពួកគាត់​ដែរ​នាពេល​កន្លងមក​។

ឥឡូវនេះ បើសិន​ជា​អន្តរក្រសួង​បាន​សម្រេច​អនុញ្ញាត​ចេញ​បណ្ណ​បើកបរ​ដល់​ជន​មាន​ពិការភាព និង​ជន​មិន​ចេះ​អក្សរ​នេះ វា​គឺជា​រឿង​ល្អ​ណាស់ ព្រោះ​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ពិភពលោក គេ​តែងតែ​មាន​ការលើក​ទឹកចិត្ដ​បែបនេះ​។

លោកស្រី​អំពាវនាវ​ដល់​ក្រសួង​គួរ​ធ្វើ​ការកំណត់​លក្ខខណ្ឌ​ក្នុង​ការប្រើប្រាស់​យានយន្ត​ដល់​ជន​មាន​ពិការភាព​ឱ្យ​បាន​ច្បាស់លាស់​។ លោកស្រី​ថ្លែង​ថា​៖​ «​ខ្ញុំ​សូមឱ្យ​យានយន្ត​ដែល​ជនពិការ​ប្រើប្រាស់​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការទទួល​ស្គាល់​ដោយ​ក្រសួង​សាធារណការ​តាម​លក្ខណៈ​ស្ដង់ដា​ជាតិ​របស់គាត់ មិនមែន​គ្រាន់តែ​ចេញ​បណ្ណ​ឱ្យ​គាត់​ហើយ​ចប់​នោះទេ គឺកំណត់​យានយន្ត​ពិសេស​សម្រាប់​ពួកគាត់​ហើយ​ឱ្យ​ពួកគាត់​ប្រឡង​យក​បណ្ណ​បើកបរ​លើ​យានយន្ត​នោះ​»៕