សៀមរាបៈ កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​លើ​សេចក្តី​ព្រាង​ស្តីពី​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប ២០២០-២០៣៥ ដែល​ធ្វើ​នា​ថ្ងៃទី​ ៨ ​កក្កដា នៅ​ខេត្តសៀមរាប​បាន​ឯកភាព​ ៥ ​ចំណុច​លើ​សេចក្តី​ព្រាង​ផែនការមេ ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​។ នេះ​បើ​តាម​ក្រសួង​ទេសចរណ៍​។

កិច្ចប្រជុំ​អន្តរក្រសួង​នេះ​មាន​ការចូលរួម​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​អភិបាល​ខេត្ត​សៀមរាប​លោក​ ទៀ សីហា និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

តាម​ការផ្សាយ​របស់​ក្រសួងទេសចរណ៍​ដែល​អន្តរក្រសួង​សម្រេច​ ៥ ​ចំណុច​គឺ ទី​ ១ អង្គប្រជុំ​ឯកភាព​នូវ​ការប្តេជ្ញា​របស់​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប​ជា​ «​គោលដៅ ទេសចរណ៍​ប្រកប​ដោយ​គុណភាព​»​។ ក្នុង​ន័យ​នេះ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​កំណត់​វិសាលភាព​រួម​គឺ​រួមទាំង​ទេសចរណ៍​វប្បធម៌ និង​ទេសចរណ៍​ធម្មជាតិ ខណៈ​បច្ចុប្បន្ន​ការទស្សនា​ប្រាសាទ​អង្គរ​គឺជា​មូលហេតុ​ចម្បង​តែ​ ១ ​របស់​ភ្ញៀវទេសចរ​ដែល​មកកាន់​ខេត្តសៀមរាប​។ ផែនការ​មេនេះ​សិក្សា និង​កំណត់​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ដើម្បី​បង្កើន​ភាពទាក់ទាញ​នៃ​តំបន់ សៀមរាប​ទាំងមូល​ក្រោម​ទស្សនទាន​ «​សៀមរាប​លើស​ពី​ការទស្សនា ប្រាសាទ​» ដោយ​ផ្សារភ្ជាប់​ជាមួយ​សកម្មភាព​កម្សាន្ត​ដ៏សម្បូរបែប​។

ចំណុច​ទី​ ២ អង្គប្រជុំ​ឯកភាព​ថា ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​នេះ​នឹង​ក្លាយ​ជា​យន្តការ​ដ៏មាន​សារៈសំខាន់​ចាំបាច់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​នាពេល​បច្ចុប្បន្ន​ក៏ដូចជា​អនាគត​ដែល​ជា​ផ្នែក​មួយ​សំខាន់​នៃ​ចក្ខុវិស័យ​កម្ពុជា​ដែល​នឹង​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​បំណងប្រាថ្នា​រួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ក្នុង​ចំណុច​ទី​ ២ ​នេះ​អង្គប្រជុំ​បាន​ឯកភាព​នូវ​ ៣ ​ចំណុច​តូចៗ​ទៀត​ដោយ​កំណត់​ថា​ទី​ ១ សៀមរាប គឺជា​ខេត្ត​ទេសចរណ៍​អន្តរជាតិ​ដ៏គួរ​ឱ្យ​ចាប់អារម្មណ៍ និង​មាន​ការទទួល​ស្គាល់​ជា​សកល​លើ​ការអភិរក្ស និង​កិច្ចគាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ ដោយ​ផ្តល់​ជូន​នូវ​ធនធាន​ទេសចរណ៍ និង​ភាពទាក់ទាញ​ជាច្រើន​ទៀត​។

ទី​ ២ ​ធានា​ឲ្យ​បាន​ផលប្រយោជន៍ សេដ្ឋកិច្ច​សង្គម​ជា​អតិបរមា​ពី​វិស័យ​ទេសចរណ៍​ពោល​គឺ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ តំបន់​ទីក្រុង​ដែល​មាន​ស្ទឹង​សៀមរាប តំបន់​ទន្លេសាប ឧទ្យាន​ជាតិ​គូលេន និង តំបន់​ជនបទ​ដែល​ជា​គោលដៅ​ទេសចរណ៍​ត្រូវតែ​ភ្ជាប់​ជាមួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការកាត់បន្ថយ​ភាពក្រីក្រ​។

ទី​ ៣ ​ខេត្ត​សៀមរាប​ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​ពី​គោលដៅ​ទេសចរណ៍​ទ្រង់ទ្រាយ​ធំ​ទៅជា​គោលដៅ​ទេសចរណ៍​មាន​គុណភាព​សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​បាន​ម្តង​ហើយ​ម្តងទៀត និង​ភ្ញៀវទេសចរ​កម្រិត​ខ្ពស់​អាច​បង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​កសាង​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកប​ដោយ​បរិយាបន្ន​។

ចំណុច​ទី​ ៣ អង្គប្រជុំ​ឯកភាព​ថា ការកំណត់​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​ជាក់ស្តែង​ក្នុង​ផែនការ​មេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​សៀមរាប​ ២០២០-២០៣៥ ​ត្រូវតែ​ឈរលើ​បង្គោល​ចរ​ ៤ គឺ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​ ៧ យុទ្ធសាស្ត្រ​ចំនួន​ ៤៦ គម្រោង​ចំនួន​ ៧២ និង​សកម្មភាព​អនុវត្ត​ចំនួន​ ៩៤​។ ក្នុង​នោះ​គម្រោង​វិនិយោគ​ធំៗ​មាន​សរុប​ចំនួន​ ២០ ​គម្រោង​។

ចំណុច​ទី​ ៤ អង្គប្រជុំ​ឯកភាព​ថា​ជម្រើស​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព និង​បរិយាបន្ន​សម្រាប់​ខេត្ត​សៀមរាប​ក្នុង​នោះ​ឆ្ពោះ​ទៅ​ឆ្នាំ​ ២០៣៥ ត្រូវផ្តោត​លើ​អ័ក្ស​ជា​យុទ្ធសាស្ត្រ​ចំនួន​ ៥​។

ចំណុច​ទី​ ៥ ឯកសារ​ផែនការមេ​នេះ​នឹង​ដើរតួនាទី​ជា​ផែនទី​បង្ហាញ​ផ្លូវ​មួយ​ដ៏សំខាន់​ក្នុង​ការឈាន​ទៅ​ដល់​សុខដុម​នីយកម្ម​រវាង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ការលើក​កម្ពស់​ជីវភាព និង​សុខុមាលភាព​របស់​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​។ ឯកសារ​នេះ​នឹង​ចូលរួម​ដល់​វិធានការ​គោលនយោបាយ​នៃ​រដ្ឋាភិបាល​ក្នុង​ការស្តារ​វិស័យ​ទេសចរណ៍ ក្រោយ​វិបត្តិ​ជំងឺ​ Covid-19​។

លោក​ ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា​៖ «​ក្រោយពី​បញ្ហា​ជំងឺ​កូវីដ​ ១៩​ ស្ងប់ស្ងាត់ ការធ្វើ​ផែនការ​នេះ​នឹង​អាចឆ្លើយតប​ទាន់​ពេលវេលា​ចំពោះ​តម្រូវការ​ផ្សេងៗ​លើ​វិស័យ​ទេសចរណ៍​។ ក្នុង​គោលដៅ​ទាក់ទាញ​ទេសចរ​សំខាន់ៗ ផែនការ​ក្នុង​ការទាក់ទាញ​ទេសចរ​ត្រូវតែ​ធ្វើ​»៕