ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​កាលពី​ថ្ងៃទី​ ១៥ ​មិថុនា បាន​បើក​កិច្ចប្រជុំ​ជាមួយ​អន្តរក្រសួង និង​អ្នកពាក់ព័ន្ធ​ជា​លើក​ទី​ ៣ ដើម្បី​ពិភាក្សា​ពី​ការកំណត់​អត្តសញ្ញាណកម្ម​ជន​មាន​ពិការភាព​ដែល​មន្ត្រី​អះអាងថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ជន​មាន​ពិការភាព​នៅ​កម្ពុជា​។

លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​ ១៥ មិថុនា​ ថា កិច្ចប្រជុំ​ដែល​ធ្វើឡើង​នា​ទីស្ដីការក្រសួង​នេះ គឺជា​កិច្ចប្រជុំ​លើក​ទី​ ៣ ​ជាមួយ​អន្តរក្រសួង​បន្ទាប់ពី​បាន​ប្រជុំពិភាក្សា​ជា​លក្ខណៈ​មន្ត្រី​បច្ចេកទេស​ចំនួន​ ២ ​លើក​រួចមកហើយ​។

លោក​បន្តថា កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​ក្រសួង​ពាក់ព័ន្ធ ព្រោះ​ករណី​កំណត់​អត្តសញ្ញាណកម្ម​ជន​មាន​ពិការភាព​ត្រូវការ​ការចូលរួម​ពី​ក្រសួង​ផ្សេងៗ​ក្នុង​ការបំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​។

លោក​បាន​បញ្ជាក់ថា​៖ «​ជា​លទ្ធផល​អន្តរក្រសួង​បាន​ផ្តល់​ធាតុ​ចូល​ច្រើន យើង​នឹង​រៀបចំ​របាយការណ៍​ចុងក្រោយ​ដើម្បី​ដាក់​ចូល​ទៅ​ថ្នាក់ដឹកនាំ​ឯកឧត្តម​រដ្ឋមន្ត្រី ហើយ​ និង​ក្រសួង​ពាក់ព័ន្ធ​ដែល​អាច​ពិភាក្សា​គ្នា​ថា តើ​យើង​នឹងត្រូវ​អនុវត្ត​របៀប​ម៉េច​។ ព្រោះ​កិច្ចការងារ​នេះ​មិនមែន​មានតែ​ក្រសួង​សង្គមកិច្ច​ទេ គឺមាន​ក្រសួង​ផ្សេងទៀត​ដែល​មាន​តួនាទី​ចូលរួម​អនុវត្ត​លើ​កិច្ច​ការកំណត់​អត្តសញ្ញាណកម្ម​ជន​មាន​ពិការភាព​នេះ​»​។

លោក​ ញ៉ឹក វណ្ណារ៉ា លើកឡើង​ថា ​ការកំណត់​អត្តសញ្ញាណ​ជន​មាន​ពិការភាព​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ទៅ​ដល់​ជន​មាន​ពិការភាព​ទូទាំង​ប្រទេស​តាមរយៈ​ការចេញ​បណ្ណ​ដល់​ជន​មាន​ពិការភាព ដែល​អាចនឹង​ទទួល​បាន​ផលប្រយោជន៍​ពី​រដ្ឋ និង​វិស័យ​ឯកជន​។

លោក​ថ្លែងថា​៖ «​ដោយសារ​តែ​ពេល​ហ្នឹង​យើង​មាន​ចេញ​បណ្ណ​ជូន​គាត់ ហើយ​បណ្ណ​នេះ គាត់​អាច​ទទួល​បាន​ប្រយោជន៍​ជា​របប​គោលនយោបាយ​តាម​លក្ខណៈវិនិច្ឆ័យ​នៃ​ពិការភាព និង​ភាពក្រីក្រ​របស់គាត់​។ ​គាត់​ក៏​អាច​ទទួល​បាន​ជា​សិទ្ធិ​អាទិភាព​ទទួល​ការងារ​ពី​​រដ្ឋ​ចំនួន​ ២ ​ភាគរយ និង​ពី​វិស័យ​ឯកជន​ ១ ​ភាគរយ​។ ​ម្យ៉ាង​ទៀត​ការធ្វើ​ដំណើរ​លើ​សេវាសាធារណៈ​នឹង​ទទួល​បាន​ដោយ​ឥតគិតថ្លៃ រួមទាំង​ការពិនិត្យ​សុខភាព​នៅ​តាម​មូលដ្ឋាន​សាធារណៈ រួមទាំង​សេវា​ផ្សេងៗ​ទៀត​»​។

បើ​តាម​លោក វណ្ណារ៉ា រដ្ឋាភិបាល​បានកំណត់​ជន​មាន​ពិការភាព​ជា ៣ ​ប្រភេទ គឺ​កម្រិតធ្ងន់ កម្រិត​មធ្យម និង​កម្រិត​ស្រាល​។ អត្ថប្រយោជន៍​នីមួយៗ​នឹង​ផ្តល់​ជូន​ដល់​ជនពិការ​ទៅតាម​កម្រិត​ដែល​ទទួល​បាន ខណៈ​ការស្នើសុំ​បណ្ណ​នេះ អាចធ្វើ​ទៅ​បាន​ដោយ​ជនពិការ​ខ្លួនឯង​ផ្ទាល់ ឬ​អាណាព្យាបាល​របស់​ជនពិការ​នៅពេល​គោលការណ៍​នេះ​ចេញ​ជា​ធរមាន​។

អ្នកស្រី ជាតិ សុខា ជា​ជនពិការ​ជិះ​រទេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ ១៥ មិថុនា​​ ថា កន្លង​ទៅ​សាធារណជន​មួយ​ចំនួន​មិនសូវ​ស្គាល់​ជន​មាន​ពិការភាព​ផ្នែក​សតិបញ្ញា​ទេ ដោយ​បាន​កំណត់​តែ​លើ​ជន​មាន​ពិការភាព​លើ​រូបរាងកាយ​ប៉ុណ្ណោះ​។

អ្នកស្រី​បន្តថា ប្រសិន​បើ​អ្នកស្រី និង​ជន​មាន​ពិការភាព​ដទៃ​ទៀត​ទទួល​បាន​ការកំណត់​អត្តសញ្ញាណ​មួយ​ពី​រដ្ឋ​នោះ​អត្ថប្រយោជន៍​​ផ្សេងៗ​នឹង​អាច​ទទួល​បាន​។ ជាពិសេស​ជន​មាន​ពិការភាព​មិនមែន​លើ​រូបរាង​កាយ​នឹង​មាន​ទំនុកចិត្ត​ជាង​មុន​។

អ្នកស្រី​ថា​៖ «​អ្វី​ដែល​ខ្ញុំ​បាន​ជួប​គឺ​ជនពិការ​មិនទាន់​ទទួល​បាន​នូវ​អ្វី​​ដែល​សមស្រប​តាម​តម្រូវការ​របស់គាត់​នោះទេ​។ ជាពិសេស​ឥរិយាបថ​មិន​សមរម្យ​មួយចំនួន​នៅពេល​ប្រើប្រាស់​សេវា​អ្វី ហើយ​សំណង់​អគារ​​ក៏​មិនទាន់​សមស្រប​សម្រាប់​ជន​មាន​ពិការភាព​ [​សម្រាប់​បំផ្លាស់ទី​]​ដែរ ហើយ​​ពិបាក​ទទួល​យក​។ ​ខ្ញុំ​រំពឹង​ថា គោលការណ៍​នេះ​នឹង​ជួយ​ដល់​ពួកយើង​បាន​ប្រសើរ​ជាង​មុន​»​។

លោក​ ចាន់ សារិន ​នាយក​ប្រតិបត្តិ​អង្គការ​ជំនួយ​នៃ​ក្តីសង្ឃឹម​សម្រាប់​សហគមន៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ ១៥ មិថុនា​ ថា ការកំណត់​អត្តសញ្ញាណ​សម្រាប់​ជន​មាន​ពិការភាព​ក្នុង​នាម​កម្ពុជា​ជា​រដ្ឋ​ភាគី​របស់​អង្គការ​ជនពិការ​អន្តរជាតិ​គឺ​ត្រូវតែ​កំណត់​អំពី​អត្តសញ្ញាណ​របស់​ជនពិការ​ក្នុងប្រទេស ខណៈ​ប្រទេស​ក្នុង​តំបន់ ឬ​អាស៊ាន​បាន​ធ្វើ​កិច្ចការ​នេះ​រួច​អស់​ហើយ​។

លោក​ថ្លែងថា​៖ «​ការកំណត់​អត្តសញ្ញាណ​ជន​មាន​ពិការភាព​អាស្រ័យ​ទៅ​តាម​ប្រទេស​នីមួយៗ​ដែល​មាន​ប្រទេស​ខ្លះ កំណត់​មាន​ ៤ ​ប្រភេទ មាន​ ៦ ​ប្រភេទ និង​មាន​ ៣ ​ប្រភេទ​ជាដើម​អី​។ ​កាលពី​មុន​ជាធម្មតា​នៅពេល​យើង​កំណត់​កម្រិត​បែបនេះ មាន​ន័យ​ថា កម្រិតធ្ងន់​គឺ​គាត់​មិនអាច​ធ្វើការ​បាន​ទេ ដែល​មានន័យ​ថា អត្ថប្រយោជន៍​ដែល​យើង​នឹង​ផ្តល់​ឲ្យ​ជនពិការ​កម្រិតធ្ងន់​គឺ​បាន​ច្រើន​ជាង​ជនពិការ​កម្រិត​ស្រាល​»​។

តាម​ការចុះ​ស្រាវជ្រាវ​របស់​លោក​ ចាន់ សារិន ឲ្យ​ដឹងថា ក្នុង​ពេល​បច្ចុប្បន្ន ជន​មាន​ពិការភាព​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ជាង​ ១០ ​ភាគរយ ​ដោយ​រាប់បញ្ចូល​ទាំង​ជន​មាន​ពិការភាព​ផ្នែក​សតិបញ្ញា និង​ផ្នែក​កាយសម្បទា​ផងដែរ​៕