ភ្នំពេញៈ ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ការពិនិត្យ​ផ្តល់យោបល់​លើ​របាយការណ៍​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​លើ​គម្រោង​អគារ​ខុនដូ និង​ផ្ទះល្វែង​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន​កាលពី​សប្តាហ៍​មុន​បាន​សម្រេច​ហាម​ក្រុមហ៊ុន ឬ​ម្ចាស់​គម្រោង​មិនត្រូវ​ប្រើប្រាស់​ការបកប្រែ​តាម​ប្រព័ន្ធ​ហ្គូហ្គល​ឡើយ ដោយ​ត្រូវ​ធ្វើការ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​មុន​នឹង​ធ្វើ​ស្លាកសញ្ញា​ ឬ​យីហោ​ដើម្បីឱ្យ​ស្រប​តាម​លក្ខណៈ​ខេមរភាសា​។

យោងតាម​សេចក្ដី​សម្រេច​នៃ​កិច្ចប្រជុំ​អន្ដរក្រសួង​នៅ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា​ «​ក្រុមហ៊ុន​ម្ចាស់​គម្រោង​មិនត្រូវ​ប្រើប្រាស់​ការបកប្រែ​តាម​ប្រព័ន្ធ​ហ្គូហ្គល សម្រាប់​ស្លាក​សញ្ញា​ ឬ​ស្លាក​យីហោ​ផ្សេងៗ​ហើយ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវ​ពិភាក្សា​ជាមួយ​អ្នកជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​លើ​ការបកប្រែ​ខេមរភាសា​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន ហើយ​ត្រូវដាក់​ស្លាក​សញ្ញា​ជា​អក្សរ​ខ្មែរ​នៅ​ពីលើ​អក្សរ​បរទេស​»​។

អន្តរក្រសួង​ដែល​បានសម្រេច​នេះ​មាន​សមាសភាព​ចូលរួម​ពី​តំណាង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព តំណាង​អន្តរក្រសួង​ពាក់ព័ន្ធ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រដ្ឋបាលខេត្ត​ព្រះសីហនុ មន្ទីរបរិស្ថាន​ខេត្ត​ព្រះសីហនុ នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន តំណាង​ក្រុមហ៊ុន​វិនិយោគ និង​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សា E&A Consultant Co., Ltd. សរុប​ចំនួន ៣២ ​នាក់​ដែល​បាន​ចូលរួម​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុផលប៉ះពាល់​បរិស្ថាន​សម្រេច​ហាមឃាត់ មិន​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ ឬ​គម្រោង​ប្រើប្រាស់ កម្មវិធី​បកប្រែ​ហ្គូហ្គល​សម្រាប់​បកប្រែ​ស្លាក​ឈ្មោះ ស្លាក​សញ្ញា​នេះ ព្រោះ​អន្តរក្រសួង​យល់ថា ចំណុច​នេះ​ជា​ផ្នែក​មួយ​ស្ថិតក្នុង​អនុសាសន៍​នៃ​ការវាយតម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​។

លោក​ថ្លែងថា ដូច្នេះ​មិនមែន​ត្រឹមតែ​ជាការ​ប៉ះពាល់​ត្រឹម​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ប៉ះពាល់​សង្គម​ក្នុងនោះ​មាន​វប្បធម៌ និង​ប្រពៃណីជាតិ​។

លោក​ នេត្រ ភក្ត្រា​ បញ្ជាក់​ថា​៖ «​យើង​ស្នើ​ឲ្យ​ធ្វើ​ម៉េច​ចំពោះ​រឿង​ស្លាក​សញ្ញា​នេះ ពួកគាត់​វិនិយោគិន​បរទេស​ស្នើ​ឲ្យ​ពួកគាត់​ត្រូវតែ​ធ្វើការ​ពិភាក្សា ប្រឹក្សា​យោបល់​ជាមួយ​មន្ដ្រី​ជំនាញ និង​ហាមឃាត់​ការប្រើប្រាស់​ស្លាក​សញ្ញា ឬ​ការណែនាំ​ណាមួយ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បកប្រែ​ហ្គូហ្គល ព្រោះ​កន្លងទៅ​ការប្រើប្រាស់​កម្មវិធី​បកប្រែ​បែបនេះ​មាន​ការខុស​ន័យ និង​មិន​អាច​យក​ប្រើការ​ជា​ផ្លូវការ​បានទេ​»​។

លោក​បន្ដថា ដូច្នេះ​បានជា​អន្តរក្រសួង​តម្រូវ​ឲ្យ​មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​មិនត្រូវ​ប្រើប្រាស់​កម្មវិធី​បកប្រែ​ហ្គូហ្គល​មក​ធ្វើជា​មធ្យោបាយ​ទំនាក់ទំនង​ទេ​។

លោក​ លឹម ភត្រី មន្ត្រី​ប្រតិកម្ម​រហ័ស​សាលាក្រុង​ព្រះសីហនុ​ទទួល​បន្ទុក​រដ្ឋបាល​សាធារណៈ និង​បរិស្ថាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ពីថ្ងៃ​ទី​ ២៧ តុលា ថា បច្ចុប្បន្ន​នៅ​ក្រុងព្រះសីហនុ​មានការ​ថយចុះ​ចំពោះ​ការប្រើប្រាស់​ស្លាក​សញ្ញា​ខុស​។ ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ក្នុង​រយៈពេល​ ៦ ​ខែ​រដ្ឋបាល​ក្រុង​បាន​ចុះ​រុះរើ​ស្លាក​សញ្ញា​ខុស​អក្សរ និង​ន័យ​បាន​ជិត ៤០០ ​ស្លាក ប៉ុន្តែ​បច្ចុប្បន្ន​មាន​ខុស​បន្តិចបន្តួច​។

លោក​ថ្លែងថា​៖ «​យើង​នៅតែ​បន្ដ​ចុះ​រុះរើ​ស្លាក​ដែលមាន​ខុស​អក្សរ និង​ន័យ​ជា​បន្ដបន្ទាប់ ប៉ុន្ដែ​បច្ចុប្បន្ន​មិន​មាន​ស្លាក​ខុស​ច្រើន​ដូច​កាលពី​ដើម​ឆ្នាំ​ទេ​។ ក្នុង​ ១ ​ខែ​យើង​ចុះ​រុះរើ​ស្លាក​សញ្ញា​ដែល​ខុស​អក្សរ និង​ន័យ​នេះ​មិន​ដល់​ ២០ ​ស្លាក​ផង​។ ប៉ុន្ដែ​យើង​នៅតែ​បន្ដ​ចុះ​ត្រួត​ពិនិត្យមើល​ជាប្រចាំ​មិន​ឲ្យ​មាន​ការលើក​ស្លាកសញ្ញា​មិន​ត្រឹមត្រូវ​ទៀត​នោះទេ​»​។

លោក​ ភត្រី ឲ្យ​ដឹងថា​មូលហេតុ​ដែល​ជនបរទេស​ក៏ដូចជា​ជនជាតិ​ចិន​ធ្វើ​ស្លាកសញ្ញា​យីហោ​មិន​ត្រឹមត្រូវ ព្រោះ​ពួកគេ​ទើប​មករក​ស៊ី​នៅ​ស្រុក​ខ្មែរ មិន​សូវ​យល់ដឹង និង​ស្គាល់​ពី​កន្លែង​ធ្វើ​ស្លាក​យីហោ​។ ដូច្នេះ​ពួកគេ​ធ្វើ​ស្លាក​ដោយ​ខ្លួនឯង​យក​មក​ពី​ប្រទេស​ចិន​ ឬ​ភ្នំពេញ ដោយ​ប្រើ​កម្មវិធី​បកប្រែ​ហ្គូហ្គល ទើប​មាន​ការខុសឆ្គង​ជា​បន្តបន្ទាប់​បែបនេះ​៕