ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​អះអាង​ថា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ពុំមាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការអន្តរាគមន៍​តាម​សំណើ​របស់​ពលរដ្ឋ​ដែល​តវ៉ា​ប្រឆាំង​នឹង​គម្រោង​លុប​ស្រះ​ទឹក​ទំហំ​ ១០ ​ហិកតា ​ក្នុង​ទីក្រុង​រណប​ហ្គ្រេន​ភ្នំពេញ​ពី​ក្រុមហ៊ុន​ជីបម៉ុងលែន​នោះ​ទេ ដោយសារ​ស្រះ​នោះ​មិនមែន​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​​របស់​រដ្ឋ​។

ការអះអាង​របស់​លោក​យ៉ាង​ដូច្នេះ​ គឺជា​ការឆ្លើយតប​ទៅ​ញត្តិ​របស់​ពលរដ្ឋ​ចំនួន​ ១៤០ ​នាក់​ ដែល​បាន​ដាក់​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ក្រសួង​បរិស្ថាន និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​​ព្រម​ទាំង​មាន​ការប្រមូលផ្តុំ​គ្នា​តវ៉ា​កាលពី​ថ្ងៃទី​ ២៧ ខែ​កញ្ញា ដើម្បី​ឱ្យ​ក្រុមហ៊ុន​​ជីបម៉ុង​ដែល​ទទួល​បាន​សិទ្ធិ​បន្ត​ពី​ក្រុមហ៊ុន​ YLPCIPUTRA រក្សា​បឹង ឬ​ស្រះ​ទឹក​នេះ​ទុក​ឱ្យ​ស្របតាម​ប្លង់​មេ ឆ្នាំ​ ២០០៦ ដល់​ឆ្នាំ​ ២០១៩ របស់​ក្រុមហ៊ុន​។

លោក ឃួង ស្រេង បាន​លើកឡើង​​ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ២៨ កញ្ញា ថា​ បន្ទាប់ពី​បាន​ស្រាវជ្រាវ​ឃើញថា ស្រះ​ទឹក​នេះ​ពុំមែន​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឡើយ​។ ជាមួយ​គ្នា​នេះ​លោក​ថា ស្រះ​ទឹក​នេះ​មាន​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ចុះ​ថ្ងៃទី​​ ២៥ ខែ​ សីហា ឆ្នាំ​ ២០០៩ របស់​មន្ទីរ​រៀបចំ​ដែនដី​រាជធានី​ភ្នំពេញ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ លាង ឃុន និង​លោក លាងម៉េង ដែល​បាន​ទិញ​ពី​ក្រុមហ៊ុន​វ៉ាយអិលភីគ្រុប​។

លោក​បាន​បញ្ជាក់ថា​៖ «​ការអន្តរាគមន៍​រក្សា​ទុក និង​ទប់ស្កាត់​ការលុប​ស្រះ​ទឹក​ខាងលើ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្លាយ​ជា​ទង្វើ​រំលោភ​មាត្រា​ ៨៥ និង​មាត្រា​ ៨៨ នៃ​ច្បាប់​ភូមិបាល​។ ​ហេតុដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពុំមាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការអន្តរាគមន៍រ​ក្សា​ទុក និង​ទប់ស្កាត់​បានឡើយ​»​។

យ៉ាងណាក្ដី បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បាន​បកស្រាយ​រួច​លោក អ៊ិន ចាន់នី ដែល​ជា​អ្នក​តំណាង​ឱ្យ​ពលរដ្ឋ​ចំនួន​ ១៤០ ​នាក់​ ដែល​រស់នៅក្នុង​បុរី​ទីក្រុង​រណប ហ្គ្រេន​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​បាន​បញ្ឈប់​ការតវ៉ា​របស់​ខ្លួន​វិញ​ហើយ​។

លោក​បញ្ជាក់ថា​៖ «​សាលាក្រុង​លោក​បាន​ជូនដំណឹង​ហើយ ហើយ​ពលរដ្ឋ​បានឃើញ​ការជូន​ដំណឹង​នេះ​ទាំងអស់​គ្នា​។ យើង​បាន​បញ្ឈប់​ការតវ៉ា​ព្រោះ​អី​លិខិត​របស់​សាលាក្រុង​គឺ​មាន​អត្ថន័យ​គ្រប់គ្រាន់​ហើយ​ដែល​យើង​ជា​ពលរដ្ឋ​នៅក្នុង​ប្រទេស​អាច​ធ្វើបាន និង​ត្រូវ​ធ្វើតាម​»​។

តាម​ញត្តិ​របស់​ពលរដ្ឋ​ទាំង​ ១៤០ ​នាក់​ ដែល​បាន​ដាក់ជូន​ស្ថាប័ន​ទាំង​ ៣ កាលពី​ថ្ងៃទី​ ២២ កញ្ញា មាន​ខ្លឹមសារ​ដូចគ្នា​ថា ពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​សហគមន៍​នៃ​ទីក្រុង​រណប ហ្គ្រេន​ភ្នំពេញ​បាន​ទិញ​ផ្ទះ​នៅក្នុង​គម្រោង​នេះ​ដោយមាន​ផ្អែក​ទៅ​តាម​ប្លង់​មេ​ឆ្នាំ​ ២០០៦ ដល់​ឆ្នាំ​ ២០១៩​ ដែល​ក្រុមហ៊ុន​ YLP CIPUTRA (​ម្ចាស់​ចាស់​ទីក្រុង​រណប ហ្គ្រេន​ភ្នំពេញ​) ​បាន​ប្រកាស​លក់​ដោយ​ក្នុង​ប្លង់​មេមាន​ស្រះ​ទឹក កន្លែង​វាយ​កូន​ហ្គោល និង​សួនច្បារ​ធំ​ទូលាយ​។

ក្នុង​ញត្តិ​ដដែល​នោះ​បាន​បន្តថា ផ្ទះ​ដែល​បាន​ដាក់​លក់​នៅតាម​ក្បែរ​មាត់​ស្រះ​​ទឹក​នោះ​ទៀតសោត ក៏​មាន​តម្លៃ​ខ្ពស់​ណាស់ ហើយ​ស្រះ ឬ​បឹង​នេះ​គឺ​មិនគួរ​ត្រូវបាន​លុប​ជាដាច់ខាត ព្រោះ​តែ​ខាង​​ក្រុមហ៊ុន​បាន​សន្យាថា គម្រោង​នេះ​នឹង​មាន​បឹង​ ឬ​ស្រះ​ដ៏ធំ និង​ទីលាន​វាយ​កូនហ្គោល​ជា​រៀងរហូត​។

ភ្នំពេញ​ ប៉ុស្តិ៍​ មិន​អាច​សុំ​ការអត្ថាធិប្បាយ​​ពី​ក្រុមហ៊ុន​ជីបម៉ុងលែន ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ ដោយសារ​មិនមាន​អ្នក​ទទួល​ទូរស័ព្ទ​។ ប៉ុន្តែ​បើតាម​ញត្តិ​របស់​ពលរដ្ឋ​បាន​ឱ្យ​ដឹងថា ដំបូង​ឡើយ​ក្រុមហ៊ុន​ប្រកាស​លុប​បឹង​ ឬ​ស្រះ​ទឹក​នេះ ដើម្បី​បង្កើត​ជា​គម្រោង​លំនៅឋាន​ថ្មី ហើយ​ក្រោយមក ក្រុមហ៊ុន​ក៏បាន​ប្រកាស​ប្រាប់​អ្នកសារព័ត៌មាន​ថា នឹង​កែប្រែ​អាង​ស្តុក​ទឹក​បណ្តោះអាសន្ន​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​សួនឧទ្យាន​បៃតង​ចម្រុះ ដោយ​មាន​ដើមឈើ​ជាច្រើន​កន្លែង​ហាត់ប្រាណ កន្លែង​លេង​សម្រាប់​កុមារ និង​ទីតាំង​សម្រាប់​លម្ហែ​អារម្មណ៍​ដោយ​មាន​កន្លែង​បាញ់​ទឹក [​ហៅថា​គម្រោង​ “Central Park”] ជា​ជាង​ការរក្សា​ទុក​អាង​ស្តុក​ទឹក​នេះ​។

កាលពី​ខែ​តុលា ឆ្នាំ​ ២០១៩ ក្រុមហ៊ុន YLP CIPUTRA បាន​លក់​ប្រតិបត្តិការ និង​ទ្រព្យសម្បត្តិ​ទាំងអស់​នៅក្នុង​ទីក្រុង​រណប​ហ្គ្រេន​ភ្នំពេញ​នេះ​ទៅឱ្យ​ក្រុមហ៊ុន​ជីបម៉ុងលែន​ដើម្បី​អភិវឌ្ឍ​បន្ដ​។ ​ប៉ុន្តែ​បើតាម​លិខិត​របស់​លោក ឃួង ស្រេង ចុះ​ថ្ងៃទី​ ២៨ កញ្ញា បង្ហាញ​ថា​ស្រះ​ទឹក​ដែលមាន​ទំហំ​បណ្ដោយ​ ៤២៣ ​ម៉ែត្រ និង​ទទឹង ២៤៥ ​ម៉ែត្រ​បាន​ក្លាយជា​កម្មសិទ្ធិ​របស់​លោក​ លាង ឃុន និង​លោក លាង ម៉េង នៅ​ថ្ងៃទី​ ២៥ ខែ សីហា ឆ្នាំ​ ២០០៩ មក​ម្ល៉េះ​។

លោក​មេធាវី​ជំនាញ​ផ្នែក​ធុរកិច្ច និង​អចលនទ្រព្យ​ជា​យូរឆ្នាំ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា លោក​មិន​អាច​ធ្វើការ​បកស្រាយ​ឱ្យបាន​ស៊ីជម្រៅ​ជុំវិញ​វិវាទ​នេះ​ទេ​។ ប៉ុន្តែ​តាម​ទិដ្ឋភាព​ច្បាប់​លោក​ថា ក្រុមហ៊ុន​ត្រូវ​គោរព​ ឬ​អនុវត្ត​ទៅតាម​អ្វីដែល​មានចែង​ក្នុង​កិច្ចសន្យា​ជាមួយ​អតិថិជន គ្រាន់តែ​ថា ប្រសិន​បើ​មិនបាន​បញ្ជាក់​ក្នុង​កិច្ចសន្យា​នោះទេ ទោះ​ម្ចាស់​ក្រុមហ៊ុន​ថ្មី​ ឬ​ចាស់​ក៏ដោយ ​គឺ​សុទ្ធតែ​អាចធ្វើ​ការកែប្រែ​ផ្នែក​ណាមួយ​នៃ​គម្រោង​ដែល​មិនមាន​ជា​សិទ្ធិ​ឯកជន​របស់​អ្នកទិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន ​គឺ​​លក់​តែ​ប្លង់ដី​ ១ៗ​ឱ្យ​អ្នកទិញ ហើយ​អ្នកទិញ​ក៏​គាត់​មាន​សិទ្ធិ​ទាមទារ​អ្វី​ដែលមាន​ក្នុង​ប្លង់ដី​របស់គាត់​ដែរ ហើយ​អ្វីដែល​នៅក្រៅ​ប្លង់ដី​របស់គាត់ គឺ​អត់​មាន​សិទ្ធិ​ទាមទារ​ទេ​។ សួរថា​គេ​អាច​កែ​បាន​ឬ​អត់​? សម្រាប់​ខ្ញុំ​គឺ​គេ​អាច​កែ​បាន។ យើង​កន្លងមក ដោយសារ​តែ​គោលការណ៍​ច្បាប់ ​ប្លង់ដី​អ្នកណា គឺ​របស់​អ្នក​នោះ​ហើយ​​របស់​ផ្សេងទៀត គឺ​របស់​ម្ចាស់​បុរី ដែល​​ខុសពី​ខុន​ដូ ដែល​គេ​លក់​ទាំងអស់​»​។

បន្ថែម​ពីនេះ​លោក​មេធាវី​បាន​បន្តថា នៅ​កម្ពុជា​គឺមាន​ករណី​លក់ដូរ​ដោយ​ការភូតកុហក​ច្រើន​ដែល​ធ្វើឱ្យ​អ្នកទិញ​​ប្រឈម​នឹង​ហានិភ័យ ព្រោះ​នៅពេល​ប្រកាស​លក់​គម្រោង​ថ្មី​មួយ គឺ​មាន​ប្លង់​​ឡើង​ស្អាតៗ​។ លុះដល់​ពេល​ទិញ​រួច​​ហើយ​វា​មិន​បាន​ស្អាត​ដូច​កាលពី​ប្រកាស​​នោះទេ ប៉ុន្តែ​នេះ​ដោយសារ​តែ​កម្ពុជា នៅ​​មិនទាន់​មាន​ច្បាប់​ស្តី​ការផ្សាយ​ពាណិជ្ជកម្ម​ភូតកុហក​៕

វីដេអូ៖