The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អភិបាលក្រុង​ថា​ ការដោះស្រាយ​បញ្ហា​នៅ​ជ្រោយចង្វារ​នឹង​បញ្ចប់​ឆាប់ៗ




អភិបាលក្រុង​ថា​ ការដោះស្រាយ​បញ្ហា​នៅ​ជ្រោយចង្វារ​នឹង​បញ្ចប់​ឆាប់ៗ

Content image - Phnom Penh Post
លោក ឃួង ស្រេង ពេល​ចែក​បណ្ណកម្មសិទ្ធិ​ដល់​អ្នក​នៅ​ជ្រោយចង្វារ​ថ្មីៗ​នេះ​។ រូប ហ្វេសប៊ុក

អភិបាលក្រុង​ថា​ ការដោះស្រាយ​បញ្ហា​នៅ​ជ្រោយចង្វារ​នឹង​បញ្ចប់​ឆាប់ៗ

ភ្នំពេញៈ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា ការដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ដែល​រងប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន​ OCIC ​នឹងត្រូវ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ ខណៈ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​នៅ​សេសសល់​មាន​ត្រឹមតែ​ជាង​ ៧ ​ភាគរយ​។

កាលពី​ថ្ងៃទី​ ២០ ​មករា​លោក ឃួង ស្រេង បានប្រគល់​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ចំនួន​ ៥១ ​គ្រួសារ ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការអភិវឌ្ឍ​នៅ​ជ្រោយចង្វា​របស់​ក្រុមហ៊ុន​ OCIC​។ លោក​បាន​អះអាង​ថា នេះ​គឺជា​ការចែក​បណ្ណ​កម្មសិទ្ធិ​លើក​ទី​ ៥ ដែល​គិត​សរុប​មាន​ចំនួន​ ៣៤១ ​បណ្ណ ហើយ​អ្នក​នៅសល់​គ្រោង​នឹង​ដោះស្រាយ​បញ្ចប់​ឆាប់ៗ​នេះ​។

លោក​បាន​ថ្លែងថា​៖ «​ការចែក​បណ្ណ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​នេះ​ឆ្លុះបញ្ចាំង​ពី​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​របស់​ប្រមុខ​រដ្ឋាភិបាល​ក្នុង​ការធានា​សិទ្ធិ​កាន់កាប់​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​សំដៅ​លើ​កម្ពស់​ជីវភាព សុខុមាលភាព និង​កាត់បន្ថយ​ភាពក្រីក្រ រួមទាំង​រួមចំណែក​ការពង្រឹង​យុត្តិធម៌ និង​ស្ថិរភាព​សង្គម​»​។

ជាមួយ​គ្នា​នេះ​លោក ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន​នៅ​ OCIC ​បាន​លើក​​ឡើង​នៅក្នុង​កម្មវិធី​នោះដែរ​ថា ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ចំនួន​ ៩២,០៦ ​ភាគរយ​ ទទួល​បាន​ការដោះស្រាយ ខណៈ​ជាង​ ៧ ​ភាគរយ​ ឬ​ស្មើនឹង​ជាង​ ៨០ ​គ្រួសារ​ទៀត​នឹង​ត្រូវ​ដោះស្រាយ​បញ្ចប់​ឆាប់ៗ​នេះ​។

លោក​ថា​៖ «​ក្រុមហ៊ុន​បាននិង​កំពុង​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វារ​ឱ្យក្លាយ​ជា​ទីក្រុង​ទំនើប​នាពេល​ខាង​មុខនេះ​ដោយ​មាន​ទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​រដ្ឋបាល សួនច្បារ ផ្លូវ​គមនាគមន៍​ធំ​ទូលាយ សួន​កម្សាន្ត និង​អគារ​លំនៅឋាន​ប្រណីតៗ ផ្សារ​ទំនើប សម្រាប់​ការរស់នៅ​បែប​ស៊ីវិល័យ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​»​។

លោក ជា សុផាត ជា​ពលរដ្ឋ​ម្នាក់​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​នេះ​បាន​​ថ្លែង​ពី​ម្សិលមិញ​ថា​កាលពី​ឆ្នាំ​ ២០១៣ ក្រុមហ៊ុន OCIC បាន​បូម​ខ្សាច់​ចាក់​ពន្លិច​ដី​អាស្រ័យ​ផល​ និង​ដី​លំនៅឋាន​របស់​ពលរដ្ឋ​ប្រហែល​ ៣០០ ​គ្រួសារ​​ដែលមាន​ផ្ទៃដី ៣៨៧ ​ហិកតា​។

លោក​បន្តថា បច្ចុប្បន្ននេះ​នៅសល់​ពលរដ្ឋ​ជាង​ ៧០ ​គ្រួសារ ​ដែលមាន​ផ្ទៃដី​ជិត​ ៥០ ​ហិកតា​ មិនទាន់​យល់ព្រម​ទទួល​យក​សំណង​នៅឡើយ ដោយសារ​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​គឺ​បាន​សម្រេច​ឱ្យ​ពលរដ្ឋ​ក្នុង​ ១ ​គ្រួសារ​ ទទួលយក​ដី​ ១០ ​ភាគរយ និង​ ៩០ ​ភាគរយ ​ទុក​ប្រគល់​ឱ្យ​សាលារាជធានី​ និង​ក្រុមហ៊ុន​។

លោក ជា សុផាត បន្ថែម​ថា​ដំណោះស្រាយ​ដែល​ពលរដ្ឋ​ជាង​ ៧០ ​គ្រួសារ​ ចង់បាន​គឺ​ស្នើសុំ​វៀល​ដី​លំនៅឋាន​មកវិញ និង​សុំ​ទទួល​យក​ដី​ ៥០ ​ភាគរយ ​នៃ​ដី​អាស្រ័យផល ហើយ​ប្រសិន​បើ​អាជ្ញាធរ​ចង់​ទិញយក​ដី​ទាំងនោះ គឺ​គិត​តាម​តម្លៃ​ដី​ទីផ្សារសេរី​។

លោក​ថា​៖ «​ឱ្យ​ពួកយើង​ទទួល​យក​ដំណោះស្រាយ​យ៉ាង​មេច ហើយ​សួរ​មើលថា តើ​មាន​ច្បាប់​ឯណា​ដែល​ម្ចាស់​ដី​បាន​ ១០ ​ភាគរយ សាលាក្រុង​ ៥០ និង​ក្រុមហ៊ុន​យក​ដី​យើង​ ៤០ ​ភាគរយ​។ ខ្ញុំ​មិនដឹង​ជា​គេ​យក​ច្បាប់​មកពី​ណា​មក​ដោះស្រាយ​ហ្នឹង ហើយ​អ៊ីចឹង​! បាន​ជា​ពួកខ្ញុំ​ចេះតែ​ចេញ​តវ៉ា​កន្លងមក​»​។

លោក ជា សុផាត បញ្ជាក់​ថា​ដី​របស់​​លោក​ដែល​ប៉ះពាល់​គឺ​លោក​ទិញ​ និង​កាន់កាប់​តាំងពី​ឆ្នាំ​ ១៩៩២ ​មក​ដោយមាន​បង្កាន់ដៃ​ដែល​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​តាំងពី​សម័យ​នោះ​ហើយ​ដី​ពលរដ្ឋ​ខ្លះ​មាន​ទាំង​ប្លង់រឹង​ទៀត​។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ការប្រគល់​ដី​ទៅ​ឱ្យ​ពលរដ្ឋ​វិញ​ ១០ ​ភាគរយ គឺ​គោលការណ៍​មួយ​ដែល​ត្រូវបាន​យកមក​ដោះស្រាយ​យូរណាស់​មក​​ហើយ​។ លោក​បន្តថា សាលា​រាជធានី​ភ្នំពេញ​នឹង​ខិតខំ​បន្តទៀត ដើម្បី​ដោះស្រាយ​ដោយ​យក​គោលការណ៍​ដដែល​នេះ​ទៅ​ចរចា​ជាមួយ​ពលរដ្ឋ​ដែល​នៅ​សេសសល់​។

លោក​ថា​៖ «​ប្រជាពលរដ្ឋ​ជាច្រើន​ទៅហើយ​ដែល​ព្រម​ទទួល​យក​គោលការណ៍​ហ្នឹង​។ អ៊ីចឹង​! ពួកគាត់​ធ្លាប់​បាន​ប៉ុណ្ណឹង ហើយ​ដល់​អ្នកផ្សេង​មិនអាច​ទទួល​បាន​លើសពី​ហ្នឹង​បានទេ​។ អ៊ីចឹង​! យើង​នឹង​ខិតខំ​ចរចា​ដោះស្រាយ​បន្តទៀត​»​។

ការអភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វារ​គឺជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ហើយ​ដែល​ក្រុមហ៊ុន OCIC របស់​​លោក ពុង ឃាវសែ ទទួល​បាន​សិទ្ធិវិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ ២ ​ពាន់​លាន​ដុល្លារ ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ​ជា​ ១៥ ​ឆ្នាំ​ ចាប់ផ្ដើម​ពី​ឆ្នាំ​ ២០១១ ដល់​ឆ្នាំ​ ២០២៦ ​លើ​ផ្ទៃដី​ទំហំ ៣៨៧ ​ហិកតា ​ក្នុង​គោលដៅ​ប្រែក្លាយ​តំបន់​នេះ​ឱ្យ​ទៅ​ជា​ទីក្រុង​រណប​រាជធានី​ភ្នំពេញ​៕

អត្ថបទគួរចាប់អារម្មណ៍