បន្ទាយមានជ័យ: អភិបាល​ក្រុង​សិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន តាន់ គីមអេង ត្រូវ​កាយ​អាចម៍ដី​ចេញពី​ស្ទឹង​សិរីសោភ័ណ​ស្ថិតនៅ​ភូមិ​ព្រះពន្លា សង្កាត់​ព្រះពន្លា​វិញ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ដឹក​អាចម៍ដី​យកទៅ​ចាក់​ចូល​ស្ទឹង​ប្រមាណ​ជា​ ១០ ​ម៉ែត្រ ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​។

លោក ហ៊ឹល រ៉ាយ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ទី​ ១ ​កញ្ញា​ ថា លោក​បាន​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​លុប​ចំណី​ស្ទឹង​សិរីសោភ័ណ​ស្ថិតនៅ​ទីតាំង​ខាងលើ ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក តាន់ គឹមហួត ប្រធាន​ក្រុមហ៊ុន​ «​តាន់ គីមអេង​» ​ខូ អិល ធី ឌី និង​អាជ្ញាធរ​ក្រុង​ជាច្រើន​ផងដែរ​។

លោក​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ត្រូវតែ​កាយ​ដី​ដែល​ចាក់​ចូល​មាត់​ស្ទឹង​សិរីសោភ័ណ​ទាំងអស់​វិញ​បន្ទាន់​។ លោក​បន្តថា​លើសពី​នេះ​អាជ្ញាធរ​ត្រូវ​ឃ្លាំមើល​សកម្មភាព​កាយ​ដី​ចេញ​វិញ ដោយ​រក្សា​ស្ថានភាព​ដើម​នៃ​ស្ទឹង​សិរីសោភ័ណ​ឲ្យ​នៅ​ដដែល​។

លោក​អភិបាលក្រុង​ព្រមាន​ថា លោក​នឹង​ចាត់វិធានការ​ទៅលើ​បុគ្គល ឬ​ក្រុមហ៊ុន​ណា​ដែល​ហ៊ាន​ចាក់ដី​រំលោភ​លើដី​ស្ទឹង អូរ បឹង ឬ​ប្រឡាយ​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដោយ​គ្មាន​ការលើកលែង​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​អាជ្ញាធរ​គឺ​យើង​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​កាយ​អាចម៍ដី​ដែល​ចាក់​ចូល​ស្ទឹង​បាន​ប្រមាណ ១០ ​ម៉ែត្រ​នោះ​ចេញ​វិញ ដោយ​រក្សា​ស្ថានភាព​ដើម​នៃ​ស្ទឹង​សិរីសោភ័ណ​ដូចដើម ព្រោះ​យើង​មិន​អនុញ្ញាត​ឲ្យ​មានការ​ចាក់ដី​លុប ឬ​អភិវឌ្ឍ​នៅតាម​មាត់​ស្ទឹង​ហ្នឹង​ទេ​។ កន្លែង​ដែល​ចាក់ដី​ចូល​ហ្នឹង​គឺ​ដី​ពយ​ចូល​ស្ទឹង ហើយ​ក្រុមហ៊ុន​យក​គ្រឿងចក្រ​ទៅ​ឈូស​ដី​ពយ​ហ្នឹង ហើយ​ចាក់ដី​ចូល​ស្ទឹង​ថែម​តិចតួច​ទៀត អ៊ីចឹង​យើង​តម្រូវ​ឲ្យ​កាយ​ដី​ចាក់​ហ្នឹង​មកវិញ​»​។

លោក ហ៊ឹល រ៉ាយ៉ា បន្ថែមថា រាល់​សកម្មភាព​កាយ​ដី​ក្រោមរូបភាព​ស្តារ ឬ​អភិវឌ្ឍ​អ្វីមួយ​ដែល​យកឈ្មោះ​ថ្នាក់ដឹកនាំ​ណា​ម្នាក់​មក​ប្រើ​ដោយ​គ្មាន​លិខិត ឬ​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ លោក​នឹង​មាន​វិធានការ ដោយ​មិន​បណ្តែតបណ្តោយ​ឲ្យ​មាន​សកម្មភាព​កាយ​ដី ឬ​ចាក់ដី​លុប​ប្រភពទឹក​ធម្មជាតិ​បែប​អនាធិបតេយ្យ​នោះទេ​។ រាល់​ការកាយ​ដី​ស្តារ​ស្ទឹង អាងទឹក បឹង ឬ​ត្រពាំង​ត្រូវមាន​ការសុំ​អនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ ទើប​អនុញ្ញាត​ឲ្យ​ដំណើរការ​សកម្មភាព​។

លោក មុំ ប៊ុណ្ណា ចៅសង្កាត់​ព្រះពន្លា បាន​ថ្លែង​ពីថ្ងៃ​ទី​ ១ ​កញ្ញា​ថា ក្រុមហ៊ុន​ «​តាន់ គីមអេង​» ​ខូ អិល ធី ឌី ពិតជា​បាន​ចាក់ដី​លុប​ស្ទឹង​សិរីសោភ័ណ​មែន ដោយ​ក្រុមហ៊ុន​បាន​លុប​ប្រមាណ​ជិត ១០ ​ម៉ែត្រ ប៉ុន្ដែ​អាជ្ញាធរ​បាន​ចុះ​ត្រួតពិនិត្យ និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ត្រូវតែ​កាយ​អាចម៍ដី​ចេញ​មក​វិញ និង​រក្សា​ភាព​ដើម​នៃ​ស្ទឹង​នេះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ជូនដំណឹង​ទៅ​គាត់​ហើយ គឺ​ទីតាំង​ស្ទឹង​នេះ​ជា​របស់​រដ្ឋ អ៊ីចឹង​ពលរដ្ឋ​នៅ​តំបន់​នោះ​អាស្រ័យផល ប្រើប្រាស់​ទឹក និង​កន្លែង​រំដោះ​ទឹក ក៏ដូចជា សម្រាប់​ស្ដុក​ទឹកជា​ដើម​។ ប្រសិនបើ​លុប​ស្ទឹង គឺ​នឹងមាន​ទឹកជំនន់​នៅ​តំបន់​​ហ្នឹង ហើយ​ប្រជាពលរដ្ឋ​ក៏​គ្មាន​ទឹក​​ប្រើប្រាស់​ដែរ​»​។

លោក ហេង វុទ្ធី មេការ​ក្រុមហ៊ុន​ «​តាន់ គីមអេង​» ដែលជា​អ្នកមើលការ​ខុសត្រូវ​ការ​ចាក់ដី​ចូល​ស្ទឹង​សិរីសោភ័ណ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​លោក​បាន​យល់ព្រម​តាម​ការលើកឡើង​របស់​អាជ្ញាធរ​ហើយ ដោយ​លោក​នឹង​យក​គ្រឿងចក្រ​ទៅ​កាយ​ដី​ចេញពី​មាត់​ស្ទឹង​វិញ និង​ធ្វើឲ្យ​ដូច​ស្ថានភាព​ដើម​វិញ​ទៅតាម​ការកំណត់​របស់​អាជ្ញាធរ​ក្រុង​។ លោក​បន្តថា ក្រុមហ៊ុន​លោក​បាន​ឈូសឆាយដី​ចម្ការ​របស់​ខ្លួន ដែល​នៅក្បែរនោះ ប៉ុន្ដែ​អ្នក​បើកបរ​រថយន្ត​ដឹក​ដី​មិន​បានដឹង​ពី​ព្រំដី​ច្បាស់លាស់​ទើប​ពួកគេ​ចាក់ដី​ចូល​ស្ទឹង​នោះ​។

លោក វុទ្ធី បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន នេះ​យើង​កំពុង​កាយ​ចេញ​វិញ​បណ្ដើរៗ​ហើយ តែ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្វើឲ្យ​ពិបាក​ក្នុង​ការកាយ​អាចម៍ដី​ចេញមក​វិញ ព្រោះ​ក្រុមហ៊ុន​បាន​ឯកភាព​ជាមួយ​អាជ្ញាធរ​ហើយ​។ អ៊ីចឹង​ទោះយ៉ាងណា ពួក​ខ្ញុំ​នឹង​កាយ​ចេញ​វិញ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹងថា យើង​កាយ​ដី​ហ្នឹង​អស់​វិញ​នៅពេល​ណា​ទេ ចាំមើល​ស្ថានភាព​ជាក់ស្ដែង​សិន​»៕