ភ្នំពេញៈ លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ជាថ្មី​ទៅ​ដល់​អាជ្ញាធរ​ខណ្ឌ និង​ក្រុមហ៊ុន​សិនជូរីគ្រុប ហាម​ដេញ​ក្រុម​អាជីវករ​ដែល​បន្ត​លក់ដូរ​តាម​ដងផ្លូវ​ជុំវិញ​ផ្សារ​សិនជូរីផ្លាហ្សា រហូត​ទាល់​តែ​អាច​ស្វែងរក ទីតាំង​ថ្មី​ឲ្យ​ពួកគាត់ បន្ទាប់ពី​មាន​ការតវ៉ា​ពី​ក្រុមអាជីវករ​កាលពី​ថ្ងៃ​អង្គារ ក្រោយពី​មន្ត្រី​ផ្សា​រហាម​មិន​ឲ្យ​លក់ដូរ​។

ការប្រកាស​ដាក់​បញ្ជា​ជាថ្មី​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២៧ វិច្ឆិកា នៅក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​ផ្សារ​ទំនើប​ស៊ិនជូរីផ្លាហ្សា​ដែល​ស្ថិតក្នុង​សង្កាត់​កាកាប​ទី​ ១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។

កាលពី​ថ្ងៃ​អង្គារ​ក្រុម​អាជីវករ​លក់ដូរ​តាម​ចិញ្ចើមថ្នល់ និង​ដងផ្លូវ​នៅ​ម្ដុំ​ផ្សារ​សិនជូរីផ្លាហ្សា (Century Plaza) បាន​នាំគ្នា​តវ៉ា​ដោយសារ​តែ​ទីតាំង​ដាក់​គ្រែ និង​ចត​រទេះ​លក់ដូរ​របស់​ពួកគាត់​ត្រូវបាន​ម្ចាស់​ផ្សារ​ឈូសឆាយ និង​ហាម​ពួកគាត់​មិន​ឲ្យ​លក់ដូរ​។ ប៉ុន្តែ​ការតវ៉ា​នេះ​ក៏​បាន​ស្ងប់ស្ងាត់​ទៅវិញ បន្ទាប់ពី​មាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​។

លោក​ ឃួង ស្រេង បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា ការអភិវឌ្ឍ​ផ្សារ​នេះ​ឲ្យ​ក្លាយជា​ផ្សារ​ទំនើប ដោយសារ​មើលឃើញ​ពី​បញ្ហា​ប្រឈម​មួយចំនួន​របស់​បងប្អូន​អាជីវករ​កំពុង​ជួបប្រទះ​។ ក្នុងនោះ​មាន​ដូចជា​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព អគ្គិភ័យ កង្វះ​អនាម័យ អគារ​ចាស់​ទ្រុឌទ្រោម និង​ទីតាំង​អាជីវកម្ម​មាន​ទំហំ​មិន​សមាមាត្រ​ទៅនឹង​តម្រូវការ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។

ជាមួយ​នឹង​ការបង្ហាញ​អំពី​មោទនភាព និង​ភាពជឿជាក់​ក្នុង​ក្តី​រំពឹងទុក​ថា ផ្សារ​នេះ​មាន​ការវិនិយោគ​ពិតប្រាកដ​ដែល​ចូលរួម​លើក​មុខមាត់​ប្រទេសជាតិ និង​ទទួល​បាន​ការស្វាគមន៍​ពី​ប្រជាពលរដ្ឋ​នោះ លោក ឃួង ស្រេង បាន​បញ្ជា​ជាថ្មី ទៅកាន់​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ហាម​ដេញ​អាជីវករ​។

លោក​បញ្ជាក់ថា​៖ «​សូម​បងប្អូន អាជីវករ​ទាំងអស់​កុំ​មាន​ការព្រួយបារម្ភ​នៅលើ​បញ្ហា​នេះ​។ បញ្ហា​នេះ​ខ្ញុំ​សុំ​រំឭក​ជូនទៅ​ដល់​តំណាង​ក្រុមហ៊ុន​ និង​អាជីវករ​ផ្សារ​របស់​យើង​ដែល​មាន​ការប្រជុំ​ជាមួយ​ខ្ញុំ និង​មាន​កំណត់ហេតុ​ច្បាស់លាស់​។ នៅក្នុង​ផ្សារ​នេះ​មាន​ប្រភេទ​អាជីវករ​ ៣ ​ប្រភេទ​។ ប្រភេទ​ទី​ ១ គឺ អាជីវករ​ដែល​លក់​ក្នុង​ផ្សារ​រដ្ឋ មាន​ ៣៥០ ​តូប​។ ប្រភេទ​ទី​ ២ ផ្សារ​ឯកជន​ដែល​មាន​អាជីវករ​ ៣២៩ ​តូប​ និង​ទី​ ៣ ជា​អ្នក​នៅ​លក់​ជុំវិញ​ផ្សារ​»​។

លោក​បន្ថែមថា​៖ «​កាលពី​ (​ថ្ងៃ​អង្គារ​) ​មាន​បញ្ហា​បន្តិចបន្តួច ដែល​ជា​បញ្ហា​បច្ចេកទេស ហើយ​ក៏​សុំ​ឲ្យ​ក្រុមហ៊ុន​សិនជូរី​គ្រុប​ពិនិត្យ​រឿងនេះ​ឡើងវិញ កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​គាត់​។ ព្រោះ​យើង​បាន​ប្រជុំគ្នា​ហើយ​ក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា អ្នកលក់​នៅលើ​ផ្លូវ​នេះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ដេញ​គាត់​ទេ ល្គឹកណា​រដ្ឋបាល​រាជធានី​ភ្នំពេញ​រក​ទីតាំង​ជូន​គាត់​លក់បាន​ហើយ​ធ្វើការ​ផ្លាស់ប្តូរ​គាត់​។ នេះ​គឺជា​កិច្ចសន្យា​មួយ​ដែល​ធ្វើឲ្យ​គាត់​បាន​ប្រកប​មុខរបរ​អាជីវកម្ម​របស់គាត់​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់គាត់​បន្តទៅទៀត​»​។

ចំណែក​ការផ្លាស់ប្តូរ​អាជីវករ​ផ្សារ​ទៅ​លក់ដូរ​នៅ​សួនច្បារ​ដែល​ជា​ទីតាំង​បណ្តោះអាសន្ន លោក​បញ្ជាក់​ដែរ​ថា កិច្ចការ​រើ​ទាំងអស់​ទាំង​ការសាងសង់​តូប និង​ការតបណ្តាញ​នានា គឺជា​បន្ទុក​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​ទទួលខុសត្រូវ​លើ​កិច្ចការងារ​ទាំងនេះ​ និង​ហាម​ដាច់ខាត​ការយក​លុយ​ពី​ក្រុមអាជីវករ​។

លោក​ ជិន ឌឿន អាជីវករ​ផ្សារ​បង្ហាញ​ការ​សាទរ​ចំពោះ​ការបញ្ជាក់​ជាថ្មី​ទៀត​របស់​លោក​ ឃួង ស្រេង ដែល​បានបង្ហាញ​ពី​ការតាំង​ចិត្ត​ខ្ពស់​ដូច​អ្វីដែល​បាន​សន្យា​កាលពី​មុន​ក្នុង​ការអភិវឌ្ឍ​ផ្សារ​នេះ ដោយ​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​មុខរបរ និង​បណ្តេញ​អាជីវករ​នៅ​ផ្សារ​សិនជូរីផ្លាហ្សា​ដោយ​បង្ខំ​។

លោក​បន្ថែមថា​៖ «​យើង​សង្ឃឹម ទុកចិត្ត​ទាំងស្រុង ព្រោះតែ​យើង​ជា​អាជីវករ​ខ្លះ​សង្ឃឹម​បំផុត​ថ្នាក់ដឹកនាំ​របស់​យើង និង​គោរព​បទបញ្ជា និង​អ្វី​ដែល​គាត់​បាន​មាន​ប្រសាសន៍​ចំពោះ​អាជីវករ​នៅក្នុង​ផ្សារ​ហ្នឹង​ថា នឹង​ជួយ​ដល់​អាជីវករ​យើង​ឲ្យ​រក្សា​ការលក់​ដដែល​។ បើ​ដូច​អ្វីដែល​គាត់​និយាយ​នេះ​គឺ​ពួកយើង​ខ្ញុំ​នឹង​មាន​ទំនុកចិត្ត និង​សប្បាយចិត្ត​»​។

ជាមួយ​នឹង​ការសាទរ​នេះ លោក​ក៏​នៅតែ​មាន​ការព្រួយបារម្ភ​ផងដែរ ដោយ​និយាយ​ថា​៖ «​ដោយសារ​ក្រុមហ៊ុន​ដែល​បាន​សាងសង់​ហ្នឹង​ទាល់តែ​មាន​ការការពារ​ពី​សំណាក់​រាជរដ្ឋាភិបាល (​មន្ត្រី​គ្រប់​ជាន់ថ្នាក់​) ​គាត់​ការពារ គាត់​មក​មើល​ការខុសត្រូវ និង​គ្រប់គ្រង​របៀប​ម៉េចៗ​ដើម្បី​កុំ​ឲ្យ​ប៉ះពារ​ដល់​អាជីវករ​ខាងក្រៅ​ដែល​កំពុង​លក់​ហ្នឹង​។ ពួក​ខ្ញុំ​ក៏​ខ្លាច​ថា នៅពេល​ធ្វើទៅ​អាច​នឹង​ប៉ះពារ មិន​បាន​លក់ដូរ​»​។

មិន​ខុសគ្នា​នេះដែរ​អាជីវករ​ម្នាក់ទៀត​ដែល​គេ​ហៅ ម៉ាក់​អាមី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា​ពួកគាត់​នៅតែ​បារម្ភ ដរាប​ណា​ការផ្តល់​ទីតាំង​ជូន​ដល់​អាជីវករ​នៅ​មិនទាន់​បាន​ចាប់ផ្តើម​ស្រប​ពេល​ផ្សារ​នេះ​ទើប​តែ​ត្រូវបាន​សាងសង់ ឯ​ក្រុមអាជីវករ​មួយ​ចំនួន​មិនទាន់​មាន​កន្លែង​លក់​ថ្មី​នៅឡើយ​។

អ្នកស្រី​បន្តថា​៖ «​ពួក​ខ្ញុំ​ហ្នឹង​ក៏​នៅតែ​តវ៉ា​ទៀត​ដែរ ព្រោះ​អី​អ្នកធ្វើ​ហ្នឹង​ (​ក្រុមហ៊ុន​) ​អត់​មាន​កិច្ចសន្យា​អ្វី​ត្រឹមត្រូវ​ឲ្យ​ទេ​។ និយាយ​តែ​មាត់ទទេ មិន​មាន​កិច្ចសន្យា​ផ្តិតមេដៃ​អ្វី​ច្បាស់លាស់​។ គ្រាន់តែ​និយាយ​ថា ឲ្យ​អាជីវករ​ទាំងអស់​នៅ​លក់​ដដែល​។ ប៉ុន្តែ​ដល់​តែ​ធ្វើ​នាំគ្នា​ឈូសឆាយ​ធ្វើ អត់​ឲ្យ​គ្នា​លក់ ដេញ​គ្នា​ត្រដាបត្រដួស អត់​ដឹង​ជា​ទៅ​លក់​នៅ​កន្លែង​ណា​?»​។

តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ផ្សារ​សិនជូរីផ្លាហ្សា នឹង​ត្រូវ​អភិវឌ្ឍ​ឲ្យ​ក្លាយ​ទៅ​ជា​ផ្សារ​ទំនើប​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ខាងមុខ​ដោយ​មាន​កម្ពស់​ ៧ ​ជាន់​ គឺ​មាន​កម្ពស់​ខាងលើ​ ៥ ​ជាន់ និង​ក្រោម​ដី​ ២​ ​ជាន់​។ បើតាម​លោក​អភិបាល ក្រុង​ឃួង ស្រេង ផ្សារ​នេះ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន សិនជូរីគ្រុប គ្រប់គ្រង​តាំងពី​ឆ្នាំ​ ១៩៩២ មកម្ល៉េះ បន្ទាប់ពី​ត្រូវបាន​ចុះបញ្ជី​ជា​ផ្សារ​របស់​រដ្ឋ នៅ​សាលា​រាជធានី​ភ្នំពេញ​៕