ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ឃួង ស្រេង ​លើកឡើង​ថា ​មានតែ​ខារ៉ា​អូខេ​ ឬ ​KTV​ ចំនួន​ ២ ​កន្លែង​ប៉ុណ្ណោះ​ មិន​បាន​អនុវត្ត​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ក្នុងការ​ប្រែក្លាយ​ទៅជា​ភោជ​នីយដ្ឋាន ​ក្រៅពី​នេះ ​គឺមិនមាន ​KTV ​និង​ក្លិប​កម្សាន្ត​ណា​ផ្សេង​ទៀត​ហ៊ាន​រំលោភ​លើ​បទបញ្ជា​នេះ​ឡើយ។​

លោក​ ឃួង ស្រេង ​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាលពី​ថ្ងៃទី ១៥​ កក្កដា ​ថា ​មានតែ​ខារ៉ាអូខេ​ចំនួន​ ២ កន្លែង​នៅ​ខណ្ឌ​ចំការ​មន​ ដែល​ត្រូវបាន​អាជ្ញាធរ​រកឃើញ​បើក​ធ្វើ​អាជីវកម្ម​ខារ៉ា​អូខេ​ឡើងវិញ​ រំលោភ​បទបញ្ជា​របស់​រដ្ឋាភិបាល។ ​ប៉ុន្តែ​លោក​ថា​ តាម​ពិត​ម្ចាស់​ខារ៉ា​អូខេ​ទាំង ២ ​នេះ ​គឺ​បើក​ជា​ភោជនីយដ្ឋាន​លក់​បាយ​ប៉ុណ្ណោះ ​និង​មិន​បាន​លួច​បើក​អាជីវកម្ម​ខារ៉ា​អូខេ​ឡើយ ​ហើយ​ការល្មើស​បទបញ្ជា ​គឺ​ដោយសារ​មាន​ភ្ញៀវ​ស្នើសុំ​ចង់​ច្រៀង។​

​លោក​ប្រាប់ថា​៖ «ឃើញ​មានតែ​នៅ​ចំការមន​ទេ ​ហើយ​បានធ្វើ​ការណែនាំ ​និង​ដូច​មិនមាន​ច្រើន​ទេ​។ និយាយ​រួម​ទៅ ប្រជាជន​នៅក្នុង​ស្រុក​ខ្មែរ ​មិន​ហ៊ាន​ល្មើស​បទបញ្ជា​របស់​អាជ្ញាធរ​ ឬ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ទេ»។​

លោក​ ស្រេង​ បញ្ជាក់ថា​៖ «មិនមែន​គាត់​ (ម្ចាស់​ខារ៉ាអូខេ)​ លួច​បើក​ទេ ​ប៉ុន្តែ​នៅពេល​គាត់​បើក​លក់​បាយ ភ្ញៀវ​ដែល​ទៅ​ហ្នឹង ​ចេះតែ​សុំ​ទៅ​ច្រៀង​អ៊ីចឹង​ទៅ​។ អ៊ីចឹង! បាន​យើង​ទៅ​ណែនាំ​ថា​ បើទោះ​បីជា​ភ្ញៀវ​ទទូច​សុំ​ម៉េច​ក៏ដោយ​ គឺ​ត្រូវសុំ​អង្វរ​គាត់​ (ភ្ញៀវ)​ វិញថា​ អាហ្នឹង​គឺជា​បទបញ្ជា​របស់​រដ្ឋាភិបាល ​មិនអាច​ល្មើស​បានទេ»។​

​កាលពី​ថ្ងៃទី​ ៧ ​កក្កដា ​សាលា​រាជធានី​ភ្នំពេញ​បានចេញ​សេចក្ដី​ជូនដំណឹង​មួយ​ថា​ រដ្ឋាភិបាល​បាន​អនុ​ញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត​និង​ខារ៉ាអូខេ​ទាំងអស់​នៅ​ភ្នំពេញ ​អាច​បើក​ដំណើរការ​ឡើង​វិញ។ ប៉ុន្តែ​ត្រូវ​ប្រែ​ក្លាយ​ទៅជា​ភោជ​នីយដ្ឋាន​ និង​ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​វិធានការ​ក្រសួង​សុខាភិបាល ​ដើម្បី​ការពារ​ជំងឺ​ឆ្លង​កូវីដ ១៩។​

​កាលពី​ទី ១៣ កក្កដា ​លោក ​ថេង សុ​ថុល ​អភិបាល​ខណ្ឌ​ចំការមន​បាន​ដឹកនាំ​កម្លាំង​ពាក់ព័ន្ធ​ខណ្ឌ​ចុះ​ទៅ​ពិនិត្យ​ខារ៉ា​អូខេ​ចំនួន​ ២​ កន្លែង​ ស្ថិតនៅ​ផ្លូវ ​៤៨៨ ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ​និង​បាន​រកឃើញ​ថា​ មិនបាន​គោរព​តាម​បទបញ្ជា។ នៅពេល​ចុះ​ត្រួតពិនិត្យ​នោះ ​ទីតាំង​ខារ៉ា​អូខេ​ទាំង ២ ​កំពុងមាន​ភ្ញៀវ​ជាង​ ១២០ ​នាក់ ​និង​អ្នក​បម្រើការ​ប្រហែល​ ៥០០​ នាក់។​

​លោក​ ថេង សុថុល ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​ ទីតាំង​ខារ៉ាអូខេ​ទាំង ២ នេះ​ គឺមាន​ឈ្មោះ​ខារ៉ាអូខេ​ ជេ​ (Karaoke J) ​និង​ឈ្មោះ​ខារ៉ា​អូខេ ​ឡាស៍​ (Karaoke Lush) ​និង​បាន​បើក​ដំណើរការ​ដោយ​មិនបាន​ស្នើសុំ​ការអនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​ជាមុន​ឡើយ​។ លោក​បញ្ជាក់ថា ​ទីតាំង​ខារ៉ាអូខេ​ទាំង ២​ នេះ ​គឺអាច​បើក​ដំណើរការ​វិញ​ លុះត្រាតែ​បានដាក់​លិខិត​ស្នើសុំ​ការអនុញ្ញាត​ពី​សាលា​ក្រុង ​ដើម្បី​ប្រែក្លាយ​ជា​ភោជ​នីយដ្ឋាន​ជាមុន។​

​លោក​ថា​៖ «​តាមពិត​ទៅ ​ពួកគាត់​គឺ​បើក​តែម្ដង ​ដោយ​អត់​ទាន់​បាន​សុំច្បាប់​ ដើម្បី​កែប្រែ​ទៅ​ភោជ​នីយដ្ឋាន​ទេ ​ហើយ​ក្នុង​រយៈពេល ​២​ ថ្ងៃ​មកនេះ​ គាត់​បាន​បើក​ជា​សកម្មភាព​លក្ខណៈ​ខារ៉ា​អូខេ​តែម្ដង​។ អាហ្នឹង​ គឺ​យើង​ចុះ​ទៅ​ពិនិត្យ​និង​ឃើញ​ជាក់ស្ដែង​ ហើយ​ផ្អាក​ដើម្បី​ឱ្យ​គាត់​មក​បំពេញ​និតី​វិធី ​ដើម្បី​កែ​ពី​ KTV​ មក​ភោជ​នីយដ្ឋាន​វិញ»។​

​លោក ​ម៉ម វាសនា ​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹងថា ​នៅក្នុង​រាជធានី​ភ្នំពេញ ​គឺ​មាន​ខារ៉ាអូខេ​ជាង​ ៩០​ ទីតាំង ​និង​ក្លិប​កម្សាន្ត​ជាង​ ២០។ ប៉ុន្តែ​មានតែ​ខារ៉ាអូខេ​ និង​ក្លិប​កម្សាន្ត​ជាង ​១០% ​ប៉ុណ្ណោះ ​បាន​ស្នើសុំ​ដើម្បី​កែប្រែ​បើក​ទៅជា​ភោជ​នីយដ្ឋាន​ក្នុងពេល​កើតមាន​ជំងឺ​កូ​វីដ ​១៩​ នេះ។​

​លោក​ថ្លែងថា​៖ «​មួយចំនួន​ទៀត​ដែល​មិនទាន់​បើក ​គឺ​អាច​ដោយសារ​ពួកគាត់​មិន​ចង់​កែប្រែ​សេវាកម្ម​ KTV ​របស់​ពួក​គាត់»៕