ភ្នំពេញៈ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ និង​បិទ​អាជីវកម្ម ពេទ្យធ្មេញ​ជាង​ធ្មេញ គ្លីនិក និង​ឱសថស្ថាន​គ្មាន​ច្បាប់​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ជាបន្ទាន់ ដើម្បី​កុំឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ខណៈ​លោក​បារម្ភ​ពី​ការចម្លង​ជំងឺ​កូវីដ​១៩ កាន់តែ​ខ្ពស់ ប្រសិន​បើ​ពេទ្យ​ទាំងនោះ​គ្មាន​វិជ្ជាជីវៈ​។

ការបញ្ជា​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស «​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល​ស្ថិត​ក្រោម​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី-ភ្នំពេញ​» កាលពី​រសៀល​ថ្ងៃទី​ ១២ ខែ​មិថុនា ដោយ​មាន​មន្ត្រី​គ្រប់​ខណ្ឌ​ចូលរួម​។ នេះ​បើ​យោង​​តាម​ការចុះផ្សាយ​របស់ FRESH NEWS​។

លោក ​ឃួង ស្រេង បាន​ថ្លែងថា​បច្ចុប្បន្ន​លោក​សង្កេត​ឃើញ​ថា អាជីវកម្ម​មួយចំនួន​កំពុង​ដំណើរការ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ក្នុងនោះ​អាច​មាន​មួយចំនួន​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​ត្រូវ​ពិនិត្យ​ចាត់វិធានការ​ជាបន្ទាន់​។

លោក​បាន​បញ្ជាក់ថា មន្ទីរ​សុខាភិបាល​ត្រូវធ្វើ​កិច្ចការងារ​នេះ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ធានាថា ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​កុំឲ្យ​មាន​បទល្មើស​កើតឡើង​។ ចំណែក​អភិបាលខណ្ឌ​ទាំង​ ១៤ ក៏ត្រូវ​ដឹង​ច្បាស់​ថា នៅក្នុង​ដែន​សមត្ថកិច្ច​មាន​គ្លីនិក​ប៉ុន្មាន ផ្នែក​អ្វីខ្លះ​មាន​ច្បាប់ ឬ​គ្មាន​ច្បាប់ ហើយ​មិនអាច​បណ្តោយ​ស្រេច​នឹង​ចិត្ត​ឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពេទ្យធ្មេញ ឬ​ជាង​ធ្មេញ​ខ្លះ​មិន​បាន​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ មន្ទីរ​សុខាភិបាល​ត្រូវ​បិទ​ឲ្យ​អស់​ចំណុច​នេះ​។ ឥឡូវនេះ​កូវីដ​ ១៩ បើ​យក​ពេទ្យធ្មេញ​គ្មាន​វិជ្ជាជីវៈ​ទៅ​មើល​ធ្មេញ​ទៀត រឹតតែ​មាន​បញ្ហា ដូច្នេះ​មន្ទីរ​សុខាភិបាល​ត្រូវ​លុបបំបាត់​ឲ្យ​ខាង​តែបាន​។ ​ក្នុង​នោះ​ខណ្ឌ​ទាំង​ ១៤ ត្រូវ​មើល​បញ្ហា​នេះ មិនមែន​តែ​បញ្ហា​ពេទ្យធ្មេញ​មួយ​នោះ​ទេ គ្លីនិក​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ត្រូវ​បិទ​»​។

លោក ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ទូទាំង​រាជធានី​ភ្នំពេញ​មិន​សូវ​មាន​ករណី​ទាំងនោះ​ទេ ព្រោះ​មន្ត្រី​ពាក់ព័ន្ធ​មាន​កិច្ចសហការ​ដូច​ភ្លៀងរលឹម​ក្នុង​ការចុះ​អប់រំ ណែនាំ និង​ផាកពិន័យ​រាល់​ទីតាំង​ល្មើស​ផងដែរ​។

លោក​បន្តថា ក្នុង​ ១ ​ខែៗ​មាន​ទីតាំង​ល្មើស​តិចតួច គឺ​មិន​ដល់​ ១០ ​ករណី​ផង ខណៈ​ភាគច្រើន​ពួកគេ​ទាំងនោះ​មាន​ទម្លាប់​បើក​អាជីវកម្ម​មុន ទើប​សុំច្បាប់​អនុញ្ញាត​ជា​ក្រោយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ជាទូទៅ​គាត់​សុំច្បាប់ ក៏ប៉ុន្តែ​អ្នក​ដែល​បើក​ថ្មី​គឺ​ទម្លាប់​ស្រុក​យើង​គឺ​បើក​ថ្មី​គាត់​មិន​សូវ​ដឹងអី ហើយ​គាត់​បើក​មុន​ហើយ​បានមក​សុំច្បាប់​តាម​ក្រោយ​។ ​នេះហើយ​ជា​មូលហេតុ​ដែល​យើង​តែងតែ​ចុះ​អប់រំ​គាត់ ហើយ​យើង​មិនមែន​ថា ឲ្យ​តែ​ខុស​ភ្លាម​យើង​អនុវត្ត​ការពិន័យ​ភ្លាម​ទេ​គឺ​យើង​អប់រំ​សិន​បើ​នៅតែ​មិន​ស្តាប់ ទើប​យើង​មាន​ពិន័យ​»​។

បើតាម​លោក ងី មានហេង រាល់​ការបើក​អាជីវកម្ម​ពេទ្យធ្មេញ​ជាង​ធ្មេញ​គ្លីនិក និង​ឱសថស្ថាន​នានា ម្ចាស់​អាជីវកម្ម​ត្រូវ​តែ​សុំច្បាប់​អនុញ្ញាត​ជាមុន​។ ​បើ​មិន​ដូច្នេះ​ទេ​ម្ចាស់​អាជីវកម្ម​នឹង​ប្រឈម​នឹង​ការពិន័យ​ជា​ប្រាក់​រហូត​មាន​ការដាក់​ទោសទណ្ឌ​ផងដែរ​។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ដោយ​មាន​ការយក​ចិត្តទុកដាក់​ពី​មន្ត្រី​នៅក្នុង​មូលដ្ឋាន ករណី​បើក​អាជីវកម្ម​ពេទ្យធ្មេញ ជាង​ធ្មេញ គ្លីនិក និង​ឱសថស្ថាន​ផ្សេង​គឺ​មិនមាន​នោះឡើយ​។

លោក​បន្តថា ការដែល​មិនមាន​បែបនេះ ព្រោះតែ​មន្ត្រី​តាម​មូលដ្ឋាន​មាន​ការត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង ហើយ​ក៏​តែងតែ​ចុះ​អប់រំ​ដល់​ពលរដ្ឋ​ផងដែរ ខណៈ​លោក​ក៏​អះអាង​ថា ក្នុង​ពេល​បច្ចុប្បន្ន​ពលរដ្ឋ​មាន​ការយល់ដឹង​ខ្ពស់ ហើយ​ក៏​មិន​គាំទ្រ​ចំពោះ​អាជីវកម្ម ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​នោះដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​មិនមាន​ទៀត​ទេ​មកទល់​ពេល​នេះ​យើង​មិនមាន​ទៀត​ទេ​។ ការងារ​ទាំងនេះ​ ( បញ្ជា​របស់​លោក​ ឃួង ស្រេង​) ​យើង​បាន​អនុវត្ត​ជាប្រចាំ​ហើយ​តាមរយៈ​ច្រក​ចេញចូល​តែមួយ​ដែល​ងាយ​ដល់​ការស្នើសុំ​ច្បាប់​ផ្សេងៗ ហើយ​យើង​មាន​ភ្នាក់ងារ​ត្រួតពិនិត្យ​ទាំងអស់​នៅ​ទូទាំង​ខណ្ឌ បើ​មាន​កន្លែង​ណា​អត់​ច្បាប់ យើង​ជំរុញ​ភ្លាម​ឲ្យ​គាត់​សុំច្បាប់​ត្រឹមត្រូវ​»៕

វីដេអូ៖