ភ្នំពេញៈ លោក អ៊ុំ រាត្រី អភិបាលខេត្ដ​បន្ទាយមានជ័យ​នៅ​ថ្ងៃទី ៩ ខែឧសភា​នេះ ​បាន​ម្រេច​កំណត់​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ជា «តំបន់​ក្រហម» បន្ទាប់ពី​មាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ ១៩។

យោងតាម​សេចក្ដី​សម្រេច​រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ​នា​ថ្ងៃនេះ​បានកំណត់​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ជា «តំបន់​ក្រហម» ដែលល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ធ្ងន់ធ្ងរ ខណៈ​ក្នុង​ថ្ងៃទី ៨ ខែឧសភា​ តាមរយៈ​លទ្ធផល​តេស្ត​រហ័ស (Rapid Test) បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ដែលជា​ករណី​ឆ្លង​នៅក្នុង​សហគមន៍ ២០ កុម្ភៈ ២០២១ លើ​បុរស​ស្ត្រី​ជនជាតិ​ខ្មែរ និង​ជនបរទេស​ចំនួន ៨៥ នាក់ នៅ​ក្រុង​ប៉ោយប៉ែត។

រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ បាន​កំណត់​ទីតាំង​ជា «តំបន់​ក្រហម» ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ធ្ងន់ធ្ងរ​ក្នុង​គោលបំណង ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​សេចក្ដី​សម្រេច​លេខ ១០៩/២១ សសរ ចុះ​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ របស់​រដ្ឋបាល ខេត្ត​បន្ទាយមានជ័យ ស្តីពី​ការបិទខ្ទប់​ការធ្វើដំណើរ​ចេញ-ចូល​ជា​បណ្តោះអាសន្ន​លើ​ទីតាំង​ទាំងស្រុង​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ប៉ោយប៉ែត និង​ទីតាំង​មួយផ្នែក​នៃ​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត។

យោងតាម​រដ្ឋបាល​ខេត្ដ​ទីតាំង​គោលដៅ​តំបន់​ក្រហម​ទាំងនោះ​រួមមាន អគារ​ស្នាក់នៅ​រួម​ហ្គោលឌិន​ស្ទូចត្រី ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ។ អគារ​កាស៊ីណូ អ៊ីសតាណា ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន។ កំណាត់​ផ្លូវ​ចូល​ទីតាំង​ខារ៉ាអូខេ ខេន្តែ ចាប់ពី​ផ្លូវ​ព្រហ្មនិមិត្ត ឆ្ពោះទៅ​ទិស​ខាងលិច​ទល់នឹង​ផ្លូវ​អភិវឌ្ឍន៍ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន។ កំណាត់​ផ្លូវ​ចូល​ទីតាំង​កាស៊ីណូ​ និង​សណ្ឋាគារ​ប៉ោយប៉ែត​ជា​លេស​ផ្ញើ ចាប់ពី​ផ្លូវ​សាមគ្គី ឆ្ពោះ​ទៅ​ទិស។

ខាងលិច​ទល់នឹង​ផ្លូវ​អភិវឌ្ឍន៍ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន។ កំណាត់​ផ្លូវ​ខាងជើង​ផ្សារត្រី ចាប់​ផ្លូវបត់​ឆ្ពោះទៅ​ទិស​ខាងលិច​ទល់​ផ្លូវ​ផ្សារអគ្គៈ (ផ្សារ​ប៉ោយប៉ែត​ថ្មី) ស្ថិតក្នុង ភូមិ​បាលិលេយ្យ១ - តំបន់​កាស៊ីណូ​ដែល​ស្ថិត​ក្នុង​ភូមិ​ប៉ោយប៉ែត, ភូមិ​ក្បាលស្ពាន១ និង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ដែលមាន​ព្រំប្រទល់ ខាងកើត​ទល់នឹង​ផ្លូវ​ទំបន់​ក៥ និង​ព្រំប្រទល់​ផ្សារ​មង្គល ខាងលិច​ទល់នឹង​អូរ​ព្រំដែន​កម្ពុជា-ថៃ ខាង​ជើង​ទល់នឹង​ស្រះ​ទឹក​ក្រុមហ៊ុន​ស្កាវីលេក ស្ថិត​ក្នុងភូមិ​សាមគ្គី​បានជ័យ ខាងត្បូង​ទល់នឹង​អូរព្រំដែន​កម្ពុជា-ថៃ។

រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា​បុគ្គល​ ឬ​នីតិបុគ្គល​ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ «តំបន់​ក្រហម» ត្រូវអនុវត្ត​វិធានការ​រឹតបន្តឹង ដូចជា បុគ្គល​គ្រប់រូប​ត្រូវ​អនុវត្តតាម​វិធានការ «៣ការពារ និង៣កុំ» និង​វិធានការ​សុខាភិបាល​ដែលមាន​ចែង​ក្នុង អនុក្រឹត្យ​លេខ ៣៧ អនក្រ.បក ចុះ​ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២១។

រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់ខ្លួន ដោយ​រួមទាំង​ការមិន​អនុញ្ញាត​ធ្វើ​សកម្មភាព​កីឡា​នៅ​ខាងក្រៅ​លំនៅឋាន ឬ​ទី​សំណាក់​របស់ខ្លួន លើកលែងតែ​ការធ្វើដំណើរ​ទៅ​ជួប​មន្ត្រី​សុខាភិបាល ដើម្បី​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូវីដ១៩ ឬ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូវីដ១៩​នៅ​ទីតាំង​ជិត​បំផុត​ក្នុង​តំបន់​ក្រហម អាជ្ញាធរ​មាន​សមត្ថកិច្ច តាម​ការកំណត់ និង​ដោយមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

រដ្ឋបាល​ខេត្ដ​កំណត់ថា ផ្សារ និង​ទីកន្លែង​លក់​ម្ហូបអាហារ គ្រឿងឧបភោគ បរិភោគ ព្រមទាំង​សកម្មភាព​ការងារ មុខរបរ និង អាជីវកម្ម​ទាំងអស់​ក្នុង «តំបន់​ក្រហម» ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន លើកលែងតែ​សកម្មភាព​ដូចជា ១ សេវា​ពន្លត់ អគ្គិភ័យ សេវា​ផ្គត់ផ្គង់​អគ្គិសនី ទឹកស្អាត ២ សេវា​សង្គ្រោះបន្ទាន់ និង​សេវា​សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន ដោយ​រួមទាំង​ឱសថស្ថាន និង​សេវា​ផ្គត់ផ្គង់​បរិក្ខារ​ពេទ្យ ៣ ទីតាំង​ផលិត និង​ផ្គត់ផ្គង់​អាល់កុល អុកស៊ីហ្សែន ៤ សេវា​ផ្គត់ផ្គង់​ស្បៀង​របស់​រដ្ឋ និង​ជំនួយ​សង្គ្រោះបន្ទាន់ ៥ សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម-សំណល់​រឹង។

រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយណា ដែល​មិន​អនុវត្តតាម​ខ្លឹមសារ​នៃ​ប្រការ ២ ខាងលើ នឹងត្រូវ​អនុវត្ត​វិធានការ​ច្បាប់ យ៉ាង​ម៉ឺងម៉ាត់​ដោយ​រួមទាំង​ការឃាត់​ទុកជា​បណ្តោះអាសន្ន​នូវ​មធ្យោបាយ​ធ្វើដំណើរ និង​ទណ្ឌកម្ម​រដ្ឋបាល ដោយ​អនុលោម តាម​បទប្បញ្ញតិ និង​នីតិវិធី​ជា​ធរមាន៕