
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅក្នុងពិធីមួយកន្លងមក។ រូបថត សហការី
កណ្ដាលៈ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលកំពុងស្រាវជ្រាវរឿងរំលោភយកដីរដ្ឋ ១ កន្លែងនៅក្រុងតាខ្មៅ ខណៈមានសារព័ត៌មានបានចុះផ្សាយថា ដីនោះត្រូវបានលោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាលប្រើប្រាស់តួនាទីរបស់ថ្នាក់ដឹកនាំខេត្ត ដើម្បីគាបសង្កត់ឱ្យអាជ្ញាធរមូលដ្ឋានចុះហត្ថលេខាប្រគល់ដីឱ្យគាត់។
លោក គង់ សោភ័ណ្ឌ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ៨ ខែមីនាថា លោកមិនអនុញ្ញាតឱ្យមានការរំលោភយកដីរដ្ឋឡើយ ហើយលោកកំពុងស្រាវជ្រាវការរំលោភយកដី ១ កន្លែងដែលជាប្រភេទដីលិចទឹក និងត្រូវបានចុះបញ្ជីជាដីរដ្ឋ ដើម្បីចាត់វិធានការទៅតាមច្បាប់។
ទោះជាយ៉ាងណាលោកមិនទាន់បញ្ជាក់ថា ជនរំលោភនោះជាអ្នកណាឡើយ។ លោកថា៖ «ក្នុងកម្រិតអាជ្ញាធរថ្នាក់ក្រោមជាតិ គឺមិនអាចទៅយកដីរដ្ឋបានទេ។ ឥឡូវនេះយើងកំពុងស្រាវជ្រាវ ហើយធ្វើទៅតាមច្បាប់។ ដីនេះចុះបញ្ជីជាដីរដ្ឋហើយខេត្តជាអ្នកគ្រប់គ្រង»។
ការលើកឡើងរបស់អភិបាលខេត្តកណ្ដាលនេះធ្វើឡើងបន្ទាប់ពីសារព័ត៌មាន CPC បានចុះផ្សាយថាកាលពីថ្ងៃទី ២ ខែមីនា នៅក្នុងកម្មវិធីបិទសន្និបាតលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានបញ្ជាឱ្យលោក ឈឿន សុចិត្រ ស្នងការខេត្តកណ្ដាល ធ្វើយ៉ាងណាដកតំណែងលោក ស្រេង សុខា ពីស្នងការរងនគរបាលខេត្ត។ សារព័ត៌មាននេះបន្តថា ការបញ្ជានេះដោយសារលោក ស្រេង សុខា បានយកឈ្មោះ លោក ម៉ៅ ភិរុណ កាលនៅធ្វើជាអភិបាលខេត្ត ដើម្បីបញ្ជាទៅចៅសង្កាត់រកាខ្ពស់ ស៊ីញ៉េកាត់ដីរដ្ឋទំហំ ៤១ ហិកតា ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។
កាលពីថ្ងៃទី ៨ ខែមីនា លោក ឈឿន សុចិត្រ សុំមិនបកស្រាយជុំវិញរឿងនេះទេ ដោយលោកបានបង្វែរឱ្យទៅសួរលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលវិញ ខណៈទូរស័ព្ទលោក ម៉ៅ ភិរុណ មិនមានអ្នកទទួល។
ជុំវិញបញ្ហានេះកាលពីថ្ងៃម្សិលមិញលោក ប៊ុន ទួនស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាលថ្លែងថាលោកមិនអាចបកស្រាយពីបញ្ហានេះបានទេ ដោយសារជាប់រវល់ប្រជុំ។ ចំណែកលោក ឃ្លាំង វណ្ណធុល អនុប្រធានមន្ទីរកសិកម្មខេត្តថ្លែងថា លោកក៏មិនអាចបកស្រាយបញ្ហាដីនេះបានដែរ ដោយសារមិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម។ លោកថា ដីនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងដោយខេត្ត។
យោងតាមគំនូសប្លង់បង្ហាញទីតាំងដីមួយដែលបានចុះហត្ថលេខាទទួលស្គាល់ដោយលោក ស៊ិន យួន មេភូមិកោះគ និងលោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់បានបញ្ជាក់ថា លោក ស្រេង សុខា មានដីចំនួន ៤១ ហិកតាស្ថិតក្នុងភូមិ និងសង្កាត់ទាំងនេះ។
កាលពីដើមឆ្នាំ ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានបើកការស៊ើបអង្កេតទៅលើលោក ស្រេង សុខា ស្នងការរងខេត្តកណ្ដាល ខណៈមានការសង្ស័យពីប្រជាពលរដ្ឋថា មន្ត្រីរូបនេះអាចប្រព្រឹត្តអំពើពុករលួយបន្ទាប់ពីបានសម្ញែងលុយ និងគ្រឿងអលង្កាសម្រាប់ថ្លៃបណ្តាការ និងរថយន្តទំនើបដែលមានតម្លៃរាប់ម៉ឺនដុល្លារនៅក្នុងពិធីភ្ជាប់ពាក្យរបស់មន្ត្រីរូបនេះ។
ក្រោយពីការស៊ើបអង្កេតមួយរយៈលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថ្លែងថា លោក ស្រេង សុខា គឺមិនបានរកឃើញមានប្រព្រឹត្តអំពើពុករលួយឡើយ ហើយរាល់ទ្រព្យសម្បត្តិដែលសម្ញែងតាមរយៈការថតបង្ហោះតាមហ្វេសប៊ុកនោះគឺជាគ្រឿងអលង្កាដាំពេជ្រក្លែងក្លាយ ហើយខ្ចីរថយន្តគេថតប៉ុណ្ណោះ។
មិនអាចទាក់ទងលោក ស្រេង សុខា ដើម្បីសុំការបកស្រាយលើបញ្ហានេះបានទេកាលពីម្សិលមិញ ប៉ុន្តែបើយោងតាមសារព័ត៌មាន ហ្វ្រេសញូវចុះផ្សាយកាលថ្ងៃទី ៦ ខែមីនាថា លោក ស្រេង សុខា បានបដិសេធថា លោកមិនបានយកឈ្មោះ លោក ម៉ៅភិរុណ ទៅគាបសង្កត់ចៅសង្កាត់រកាខ្ពស់ ដើម្បីរំលោភយកដីរដ្ឋនោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា ដីនេះគឺលោកបានទិញតាំងពីលោកនៅធ្វើជាមន្ត្រីតូចតាច និងមិនទាន់ស្គាល់លោក ម៉ៅ ពិរុណ នៅឡើយ។
លោកបញ្ជាក់ថា៖ «តាមពិតខ្ញុំទិញដីនេះគឺតាំងពីខ្ញុំមិនទាន់ឡើងជាស្នងការរង គឺកាលខ្ញុំនៅជាអាចក់អាចែម ហើយខ្ញុំមិនទាន់ស្គាល់គាត់ (លោក ម៉ៅ ភិរុណ) ហើយមកដល់ពេលនេះអត់ទាន់បានធ្វើសកម្មភាពអីនៅលើដីហ្នឹងទេគ្រាន់តែបានទិញទុកតែប៉ុណ្ណឹង ហើយគ្រាន់តែដាក់លិខិតសុំបំពេញបន្ថែមប៉ុណ្ណឹងទេ»។
លោកបន្ថែមថា៖ «ខ្ញុំអត់បានយកតួនាទីគាត់ (លោក ម៉ៅ ពិរុណ) ទៅប្រើទេ ព្រោះខ្ញុំដឹងថា តួនាទីខ្ញុំ ដោយសារតែខ្ញុំម្នាក់ធ្វើឱ្យខូចឈ្មោះអង្គភាពក៏អត់ដែរ។ អ៊ីចឹង! ខ្ញុំយល់ហើយខ្ញុំអត់មានរឿងអីត្រូវធ្វើអ៊ីចឹងទេ»៕