កណ្តាលៈ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ដែនដី​បន្ត​ធ្វើការ​ហាមឃាត់ ចំពោះ​ការសាងសង់​សំណង់​នានា​នៅ​តាម​តំបន់​ព្រំដែន ដែល​ពុំទាន់​មាន​ការបោះបង្គោល​ខណ្ឌ​សីមា​រួចរាល់ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ក្នុង​ករណី​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង ខណៈ​មកដល់​ពេលនេះ​វៀតណាម​នៅ​មិនទាន់​រុះរើ​តង់​ចំនួន ១៧ ​ទៀត ​ដែល​ចូលមក​សង់​នៅ​តំបន់​ព្រំដែន ដែល​មិនទាន់​មាន​ការព្រមព្រៀង​គ្នា​ក្នុង​ខេត្តកណ្តាល​។

ការបញ្ជា​យ៉ាង​ដូច្នេះ​បាន​ធ្វើឡើង​អំឡុងពេល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​សាលា​ខេត្តកណ្ដាល និង​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ជាមួយ​កងការពារ​ព្រំដែន​លេខ​ ៦០១ យោធភូមិភាគ​ពិសេស​នៅ​រសៀល​ថ្ងៃទី​ ២៤ ​ខែ ​មិថុនា ឆ្នាំ​ ២០២០ ស្ថិតក្នុង​ភូមិ​ព្រែកហម ឃុំ​ឈើខ្មៅ ស្រុក​កោះធំ​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្តកណ្តាល​។

លោក គង់ សោភ័ណ្ឌ បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​ត្រូវ​បន្ត​រក្សា និង​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​តាម​បណ្ដោយ​ព្រំដែន​សំដៅ​ធានា​ការគ្រប់គ្រង ការទប់ស្កាត់​ការជួញដូរ ការរត់​គេចពន្ធ​គ្រប់​ប្រភេទ​ព្រមទាំង​ការឆ្លង​ចេញ-ចូល​ព្រំដែន​ខុសច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ជាពិសេស​ត្រូវ​បន្ត​ធ្វើការ​ហាមឃាត់​ចំពោះ​ការសាងសង់​សំណង់​នានា​ទាំង​ខាង​ភាគី​កម្ពុជា និង​ភាគី​ខាង​វៀតណាម​នៅ​តំបន់​ព្រំដែន ដែល​ពុំទាន់​មាន​ការបោះបង្គោល​ខណ្ឌ​សីមា​រួចរាល់​។ ត្រូវមាន​វិធានការ​ទប់ស្កាត់ និង​រាយការណ៍​ជាបន្ទាន់​ក្នុង​ករណី​មាន​ភាពមិន​ប្រក្រតី​ណាមួយ​កើតឡើង ដើម្បី​មាន​វិធានការ​ទាន់​ពេលវេលា​។ ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការប្រែក្លាយ​តំបន់​ព្រំដែន​ឱ្យ​ក្លាយ​ទៅជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ​ល្អ និង​មាន​ការអភិវឌ្ឍ​»​។

លោក សោភ័ណ្ឌ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​បន្ថែម​ពី​ម្សិលមិញ​ថា តាមរយៈ​ការជំរុញ​នេះ​ភាគី​វៀតណាម​ក៏​បាន​រុះរើ​តង់​ដែល​បាន​បោះ​ដោយ​គ្មាន​ការព្រមព្រៀង​ពី​កម្ពុជា​ចាប់​តាំងពី​ព្រំប្រទល់​ក្អម​សំណ​រហូត​ដល់​ព្រំប្រទល់​ខេត្ត​តាកែវ​ចំនួន ៧ ​តង់​បន្ថែមទៀត​។

លោក សោភ័ណ្ឌ ក៏​បន្ត​ជំរុញ​ឲ្យ​ភាគី​វៀតណាម​បន្ត​រុះរើ​តង់​ទាំងអស់​ឲ្យ​អស់ពី​តំបន់​ព្រំដែន​។ លោក​បញ្ជាក់​ថា​៖ «​មកដល់​ម៉ោង​នេះ តង់​នៅ​ចំណុច​ខេត្តកណ្តាល​យើង​នេះ គាត់​ (​វៀតណាម​) ​បាន​រុះរើ​ចំនួន ៧ ​តង់​ទៀតហើយ នៅសល់​តែ​ ១៧ ​តង់​ទៀត​ទេ​ក្នុង​ចំណោម ២៤ តង់​។ ចំនួន​ទាំង ២៤ ​តង់​នេះ គឺ​មាន​ចំណុច​ ២ ដែល ១ ​គឺ​ព្រំដែន​មាន​ការព្រមព្រៀង​គ្នា​បោះបង្គោល​ព្រំសីមា និង​ ១ ​ចំណុច ៦ ​គីឡូ​កន្លះ​ទៀត គឺជា​កន្លែង​ដែល​យើង​មិនទាន់​មាន​ការព្រមព្រៀង​គ្នា​»​។

កាលពី​អំឡុង​ខែ​ឧសភា អាជ្ញាធរ​វៀតណាម​បាន​ពង្រាយ​កម្លាំង​ទាហាន និង​បាន​ចូលមក​បោះតង់​ចំនួន ១១៤ ទីតាំង​ នៅលើ​តំបន់​ដែល​មិនទាន់​មាន​ការព្រមព្រៀង​គ្នា​ (​តំបន់ស​) ​ក្នុង​ការកំណត់​ព្រំដែន​ដែល​ជាប់​នឹង​ខេត្ត​ចំនួន ២ ​របស់​កម្ពុជា​គឺ​ខេត្តកណ្តាល និង​ខេត្តតាកែវ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជាការ​ពិត​ក្នុង​គោលការណ៍​ដែល​បាន​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ ២ កម្ពុជា-វៀតណាម​គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ការសាងសង់ ឬ​ធ្វើ​អ្វី​មួយ​នាំឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ដើម​នៃ​កំណត់​ខ្សែព្រំដែន​ទាំងឡាយ​ណា​ដែល​មិនទាន់​មាន​ការឯកភាព​គ្នា​នោះទេ​។

លោក​បន្តថា ការដែល​មាន​ការធ្វើ​អ្វី​មួយ​ដែល​ខុស​នឹង​គោលការណ៍​គឺជា​ការរំលោភ កិច្ចព្រមព្រៀង ដែល​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម​ត្រូវ​តែ​រុះរើ​តង់​ដែល​បាន​សាងសង់​នោះ​ចេញ​​ដោយ​មិនត្រូវ​ប្រើប្រាស់​លេស​អ្វី​បន្តទៀត​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​ព្រំដែន​នេះ​កម្ពុជា​តែងតែ​គោរព និង​ផ្តល់តម្លៃ​ទៅ​ដល់​ប្រទេស​ជិតខាង និង​ច្បាប់​នានា​។ ប៉ុន្តែ​ប្រទេស​ជិតខាង​មួយចំនួន​មិនសូវ​មាន​ការគោរព​នូវ​អ្វី​នៅក្នុង​កិច្ចព្រមព្រៀង សន្ធិសញ្ញា ដែល​បាន​ចុះ (​ហត្ថលេខា​) ជាមួយ​គ្នា​ទេ​។ អ្វីដែល​វៀតណាម​រុះរើ​តង់​បន្ថែម​នោះ តាមពិត​មិនមែន​បន្ថែម​ទៀត​គឺ​ត្រូវតែ​រុះ​ឲ្យ​អស់​ពី​តំបន់​ហ្នឹង ព្រោះ​នេះ​គឺជា​តំបន់​ព្រំដែន​ដែល​មិនទាន់​មាន​កិច្ចព្រមព្រៀង ហើយ​មិន​គួរ​គប្បី​រង់ចាំ​ដល់​ពេលណា​ទៀត​ទេ​»​។

លោក​សង្កត់ធ្ងន់​បន្ថែម​ថា​៖ «​យើង​មើលឃើញ​កន្លង​មក​នេះ​រដ្ឋាភិបាល​កម្ពុជា លោក​បាន​អនុញ្ញាត​ឲ្យ​មាន​ការចេញចូល​ឡើងវិញ​នៃ​ជនជាតិ​វៀតណាម ដោយ​គ្រាន់តែ​គោរព​នូវ​គោលការណ៍​របស់​ក្រសួង​សុខាភិបាល​។ នេះ​ល្មម​នឹង​អស់​ហេតុផល​អ្វី​ក្នុង​ការបង្ការ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។ វា​មិនមែន​ជា​ការឆ្លើយតប​អ្វី​ជាមួយ​នឹង​ការបោះតង់​នៅ​តំបន់​ដែល​មិនទាន់​ដាច់ស្រេច​នេះ​ទេ បើសិន​ជា​ចង់​បោះតង់​ទៅ​បោះ​នៅ​លើ​ទឹកដី​របស់​ខ្លួនឯង​ទៅ​»៕