កណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល បាន​សម្រេច​បន្ត​ផ្អាក​ដំណើរការ អាជីវកម្ម​ផ្សារ​គគីរ​ស្ថិត​ក្នុង​ឃុំ​គគីរ ស្រុកកៀនស្វាយ ជា​បណ្តោះ​អាសន្ន​រយៈពេល ២ សប្តាហ៍ បន្ត​ទៀត គិត​ចាប់​ពី​ថ្ងៃទី​២៧ ខែ​មេសា រហូត​ដល់​ថ្ងៃទី​១០ ខែ​ឧសភា។

លោក​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី២៧ មេសានេះថា ការ​ផ្អាក​នូវ​ដំណើរការ​ផ្សារ​គគីរ​ជា​បន្ត​ទៀត​នេះ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃជំងឺ​កូវីដ១៩ និង​សម្រាប់​ការ​រៀបចំ​ឡើង​វិញ​ឱ្យ​បាន​ល្អ​ប្រសើរ នៅ​ទីតាំង​លក់​ដូរ​ក្នុង​ផ្សារ​នេះ។

លោក គង់ សោភ័ណ្ឌ បាន​លើក​ឡើង​ថា ៖ «ក្នុង​អំឡុង​ពេល​នៃ​ការ​បន្ត​ផ្អាក​ជា​បណ្តោះ​អាសន្ន​នេះ បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ដែលបាន​ពាក់​ព័ន្ធ​ផ្ទាល់ ឬ​ដោយ​ប្រយោល ក្នុង​ព្រឹត្តិការណ៍​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩​ នៅ​ក្នុង​ផ្សារ​នេះ ​ត្រូវ​បន្ត​ចូល​រួម​សហការ និង​យកសំណាក​ទៅ​ធ្វើ​តេស្ត​ជា​បន្ទាន់»។

លោកថា ការ​យក​សំណាក​ធ្វើ​តេស្ត​មាន​នៅ​មន្ទីរពេទ្យ​បង្អែក​កៀន​ស្វាយ ឬ​មណ្ឌល​សុខភាព សំរោងធំ ក្នុង​ស្រុក​កៀនស្វាយ ព្រម​ទាំង​ត្រូវចូលរួម​អនុវត្តន៍​នូវ​វិធានការ​៣ការពារ ៣កុំ និង​វិធានការ​សុខាភិបាល​ជា​ចាំ​បាច់​មួយ​ចំនួន​ទៀត។

ដោយឡែក នៅថ្ងៃអង្គារ ទី២៧ ខែមេសា នេះដែរ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោកអ៊ុ រាត្រី ក៏​បាន​ប្រកាស​ឲ្យ​ផ្អាក​អាជីវកម្ម​កាស៊ីណូទាំងអស់​ជា​បណ្តោះ​អាសន្ន​ផងដែរ។

យោង​តាម​សេចក្តី​សម្រេច លោកអ៊ុ រាត្រី បាន​បញ្ជាក់​ថា អាជីវកម្ម​កាស៊ីណូ​ទាំងអស់​ដែល​មាន​អនុស្សរណៈ​ជាមួយ​នឹង​ក្រសួង​សុខាភិបាលនៅ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​បិទ​ផ្អាក​បណ្តោះ​អាសន្ន ចាប់​ពី​ថ្ងៃ​នេះ​រហូត​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី៕