កែបៈ អភិបាលខេត្ត​កែប​បាន​ដាក់​​បទបញ្ជា​ឱ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ស្រាវជ្រាវ​ស្វែងរក​ជនខិលខូច​ដែល​លួច​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ (​កោងកាង​) ​ចំនួន​ ៣ ​ទីតាំង នៅ​ភូមិ​ទួលសាងាំ ឃុំ​អង្កោល ស្រុក​​ដំណាក់ចង្អើរ លើ​ផ្ទៃដី​ប្រមាណ​ជិត​ ១០ ​ហិកតា និង​ធ្វើ​កំណត់ហេតុ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពីថ្ងៃ​ទី​ ២១ ​កុម្ភៈ​ថា បច្ចុប្បន្ននេះ​អាជ្ញាធរ​ស្រុក​បាន​និង​កំពុង​ឃ្លាំមើល​នៅ​ទីតាំង​ដែលមាន​ការទន្ទ្រាន​នោះ​ដោយមាន​ការចូលរួម​ពី​សំណាក់​ពលរដ្ឋ​នៅ​មូលដ្ឋាន ព្រោះ​មន្ត្រី​មិនអាច​ទៅ​ឈរជើង​នៅ​ទីនោះ​ ២៤ ​ម៉ោង ដើម្បី​ឃ្លាំមើល​បានទេ​។ ​នៅពេល​ទទួល​បាន​ដំណឹង​ហើយ អាជ្ញាធរ​នឹង​ចុះទៅ​បង្ក្រាប​ និង​ស្វែងរក​ជន​ពាក់ព័ន្ធ​នានា ដែល​ពាក់ព័ន្ធ​ករណី​កាប់​ទន្ទ្រាន​ដី​ខុសច្បាប់​នេះ​។

លោក សោម ពិសិដ្ឋ បានឱ្យ​ដឹងថា អាជ្ញាធរ​បាន​ប្រទះឃើញ​មាន​ការលួច​ដាំ​ដើម​ដូង​ចំនួន​ ១៩៥ ​ដើម​នៅ​ទីនោះ​ក្នុង​គោលបំណង​ចង់​កាន់កាប់​ដី​រដ្ឋ​លើ​ផ្ទៃដី​ប្រមាណ​ ៣ ​ហិកតា ប៉ុន្តែ​អាជ្ញាធរ​បាន​ដក​បំផ្លាញ និង​កម្ទេចចោល​នៅ​​ទីកន្លែង ហើយ​បាន​ដក​បង្គោលរបង​បេតុង​ ១១ ​ដើម​ផងដែរ​។

លោក ពិសិដ្ឋ បាន​ថ្លែងថា​៖ «​យើង​ប្រើពាក្យ ជនខិលខូច​ ឬ​ជន​ឆ្លៀតឱកាស​ព្រោះ​វា​មិនទាន់​តុលាការ​ចោទប្រកាន់ ពួកនេះ​មិនដែល​ធ្វើ​នៅពេល​ថ្ងៃ​ទេ គេ​ធ្វើ​នៅពេល​យប់​។ ករណី​នេះ​កើតឡើង​ច្រើនណាស់ មន្ត្រី​យើង​មិនអាច​ទៅ​យាម​ ២៤ ​ម៉ោង​បានទេ​»​។

បើតាម​លោក សោម ពិសិដ្ឋ ជន​ខិលខូច​ដែល​កាប់ឆ្ការ​ព្រៃកោងកាង​រួច​ដាំ​ដើម​ដូង និង​ដើម​ចេក​នៅលើ​ដី​នោះ​គឺ​មិន​ស្របច្បាប់​ទេ ទោះបី​អាជ្ញាធរ​ដឹង​ ឬក៏​មិនដឹង​ពី​ករណីនេះ​ក៏ដោយ ក៏​ដី​នេះ​មិន​​អាចបំពេញ​នីតិសម្បទា​ឱ្យ​ពួកគេ​កាន់កាប់​ដោយ​ស្របច្បាប់​ដែរ ព្រោះ​វា​ជា​ដី​រដ្ឋ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ កុំ​យក​គំរូ​អាក្រក់​តាម​ជន​ឆ្លៀតឱកាស​បែបនេះ​។ សូម​ចូលរួម​ថែរក្សា ការពារ​ធនធាន​ធម្មជាតិ​របស់​ជាតិ​យើង​ឱ្យបាន​គង់វង្ស​យូរអង្វែង​ទាំងអស់​គ្នា​»​។

លោក តូវ សុវណ្ណ អធិការនគរបាល​ស្រុក​ដំណាក់​ចង្អើរ​បានឱ្យដឹង​ថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពី​អភិបាលខេត្ត​កែប​រួចមក លោក​អភិបាលស្រុក​រួម​នឹង​កម្លាំង​នគរបាល​បាន​ចុះទៅ​ស្រាវជ្រាវ ប៉ុន្តែ​មកទល់​ពេល​នេះ​មិនទាន់​បានកំណត់​មុខសញ្ញា​ ឬ​ដោះស្រាយ​យ៉ាងណាទេ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ យើង​កំពុង​ឃ្លាំមើល និង​មិនទាន់​កំណត់​មុខសញ្ញា​បាន​ទេ​។ ​ករណីនេះ អាជ្ញាធរ​ស្រុក​បាននិង​កំពុង​យកចិត្ត​ទុកដាក់​ដោះស្រាយ​ហើយ​»​។

លោក អ៊ុប សុវណ្ណចាន់ថន អ្នក​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំ​ខេត្តកំពត និង​កែប​បាន​ឱ្យ​ដឹងថា លោក​ទទួលបាន​ព័ត៌មាន​ពី​ការកាប់ទន្ទ្រាន​ដី​ព្រៃកោងកាង​ ឬ​ដី​លិច​ទឹក​ក្នុង​ឃុំ​អង្កោល ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នេះ ប៉ុន្តែ​លោក​មិនទាន់​បានដឹង​មុខសញ្ញា​នៃ​ជន​ដែល​ចូលទៅ​ទន្ទ្រាន​នេះ​ទេ​។

លោក អ៊ុប សុវណ្ណចាន់ថន បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​លោក​អភិបាលខេត្ត​កែប​ដែល​បាន​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​នៅ​ពីក្រោយ​នៃ​ការចូល​ទៅ​កាន់កាប់​ដី​ដោយ​ខុសច្បាប់​នេះ ព្រោះ​កន្លងមក​មាន​ករណី​ចាក់ដី​ចូលក្នុង​ដី​រដ្ឋ​ដែរ ប៉ុន្តែ​ដូចជា​ស្ងាត់ស្ងៀម​។

លោក អ៊ុប សុវណ្ណចាន់ថន បាន​​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ឃើញថា ករណី​អ្នក​ដែល​លួច​កាប់​ទន្ទ្រាន​ដីព្រៃ​លិចទឹក​ (​កោងកាង​) ​នៅក្នុង​ឃុំ​អង្កោល​នេះ​មិនមែន​ជា​អ្នកតូច​ទេ គឺ​អ្នកធំ ហើយ​មាន​លុយ ទើប​គេ​អាចមាន​គំនិត​ធ្វើ​អ៊ីចឹង​បាន​។ ​បើ​អ្នកតូចៗ​វិញ​គឺ​មិនអាច​ធ្វើទៅ​រួច​ទេ ដូច្នេះ​បើ​ឯកឧត្តម​អភិបាលខេត្ត​គាត់​មាន​ចំណាត់ការ​ស្វែងរក​ជន​ខិលខូច​​យកមក​ផ្តន្ទាទោស​តាមច្បាប់​យើងខ្ញុំ​សូម​សាទរ ព្រោះ​យើង​មិន​ចង់​ឱ្យ​មាន​ការបាត់បង់​ព្រៃឈើ​កោងកាង​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​នេះ​ទេ​»៕