
មន្ត្រីអាជ្ញាធរពេលចុះទៅទីតាំងរំលោភយកដីនៅស្រុកមណ្ឌលសីមាពីម្សិលមិញ។ សហការី
កោះកុងៈ អភិបាលខេត្ដកោះកុងលោកស្រី មិថុនា ភូថង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានអំពាវនាវដល់ពលរដ្ឋមួយចំនួនឲ្យបញ្ឈប់សកម្មភាពកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋក្នុងខេត្តកោះកុង ជាអ្វីដែលលោកស្រីថា ជាការល្មើសច្បាប់ និងជាការធ្វើតាមការញុះញង់របស់ជនខិលខូច ។
ការអំពាវនាវនេះបន្ទាប់ពីមានករណីលួចចូលកាន់កាប់ដីរដ្ឋជាបន្តបន្ទាប់នៅតាមទីកន្លែងផ្សេងគ្នាចាប់ពីចុងឆ្នាំមុនរហូតបច្ចុប្បន្ន ស្របពេលដែលតម្លៃដីក្នុងខេត្តឡើងថ្លៃពិសេសនៅតំបន់មានសក្ដានុពល។
លោកស្រីបានថ្លែងថា៖ «នាងខ្ញុំសូមជម្រាបជូនដំណឹងដល់ពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា កន្លងមកមានជនខិលខូចមួយចំនួនបានលួចចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋក្នុងតំបន់ហាមឃាត់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះគឺជាអំពើល្មើសច្បាប់»។
បើតាមលោកស្រីអភិបាលខេត្ត សកម្មភាពបែបនេះបានកើតឡើងដោយសារមានជនឱកាសនិយមបានបំផុសដើម្បីចង់បានប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថាទីតាំងទាំងនោះនៅកន្លែងណាខ្លះនោះទេ។យ៉ាងណាក្ដី លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្ដកោះកុងប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា សកម្មភាពកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋនេះបានកើតឡើងខ្លាំងកាលពីចុងឆ្នាំ ២០១៨ និងដើមឆ្នាំ ២០១៩ នេះ ដោយសារកត្ដាដីឡើងថ្លៃ។
លោកបានបញ្ជាក់ថា៖ «មានជនខិលខូចមួយចំនួនគាត់ដើរបំផុសទិញដីក្នុងតំបន់ការពារដែលជាដីរបស់ រដ្ឋ បានជាមានចលនាប្រជាជនចេះតែទៅកាប់ទន្ទ្រានជាលក្ខណៈលួចលាក់»។
លោក ផល្លា បានឲ្យដឹងថា ថ្វីដ្បិតមានការកាប់ទន្រ្ទានដីនេះក៏ពិតមែន ប៉ុន្ដែពួកគាត់មិនទទួលបានការកាន់ កាប់ឬក៏ក្លាយជាម្ចាស់កម្មសិទ្ធិលើដីនោះទេ ខណៈកំពុងស្ថិតក្នុងការបង្រ្កាប និងដាក់បណ្ដឹងទៅតុលាការនោះ។
លោកថា៖ «ករណីដាក់បណ្ដឹងរឿងជនខិលខូចទៅតុលាការយើងមានច្រើនបណ្ដឹងណាស់ ប៉ុន្ដែដាក់បណ្ដឹងនេះជាលក្ខណៈអញ្ញត្ដជន (ជនមិនស្គាល់អត្ដសញ្ញាណ)»។
ក៏ប៉ុន្តែលោកផល្លា មិនបានបង្ហាញពីទំហំដីដែលគេទន្ទ្រានកាន់កាប់ក្នុងរយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ ថាមានប៉ុន្មាននោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ករណីនេះមាននៅច្រើនកន្លែងនិងមានទំហំខុសៗគ្នា ខ្លះ ២-៣ ហិកតារហូតដល់ជាង ១០ ហិកតា ពិសេសនៅទីតាំងក្នុងបណ្ដាស្រុកមានសក្ដានុពលដែលមានដីឡើងថ្លៃ។
លោក ផល្លា ថា៖ «កន្លែងខ្លះមានការកាប់ច្រើន កន្លែងខ្លះតិច អាស្រ័យទៅលើតំបន់នោះមានសម្ទុះតម្លៃដីឡើងថ្លៃឬអត់? បើតំបន់ណាមានហាងឆេងតម្លៃដីឡើងថ្លៃចលនាខិលខូចចូលទន្ទ្រានក៏មានការកើនឡើងតំបន់ណាអត់មានហាងឆេងដីក៏មិនសូវមានការទន្រ្ទានដែរ»។
បើតាមលោក ផល្លា កន្លងមកផ្ទៃដីព្រៃលិចទឹកប្រមាណ ១២ ហិកតា តាមតំបន់មាត់សមុទ្រពីមាត់ព្រែកអណ្ដូងទឹក រហូតដល់ឃុំអណ្ដូងទឹក និងឃុំថ្មសក្នុងស្រុកបទុមសាគរក៏កំពុងរងការគំរាមកំហែងកាប់ទន្ទ្រានពីជនមិនស្គាល់មុខដែរ។
លោក មាន ព្រហ្មមុនី មន្រ្តីសម្របសម្រួលផ្នែកសិទ្ធិមនុស្សសមាគមអាដហុក ADHOC ប្រចាំខេត្តកោះកុងបានថ្លែងថា សកម្មភាពកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋនិងការចាក់ដីលុបឆ្នេរសមុទ្រ បឹង ក្នុងខេត្ដកោះកុងនាពេល កន្លងមក គឺភាគច្រើនកើតឡើងដោយសារអ្នកមានអំណាច និងមានប្រាក់ រីឯពលរដ្ឋធម្មតាដូចជាមិនហ៊ានបំពានដីរដ្ឋទេ។
លោកថា៖ «ខ្ញុំមិនទាន់ឃើញមានពលរដ្ឋនៅទីនេះគាត់ហ៊ានទៅទន្រ្ទានដីព្រៃរបស់រដ្ឋទេ ប៉ុន្ដែបើមានខាងសមត្ថកិច្ចនឹងចុះទៅចាប់ និងត្រូវចាត់ការតាមច្បាប់ភ្លាម។ សម្រាប់ខ្ញុំអាជ្ញាធរខេត្ដត្រូវអនុវត្ដច្បាប់ឱ្យបានស្មើភាពគ្នាទាំងពលរដ្ឋធម្មតានិងអ្នកមានអំណាច»។
លោក ព្រហ្មមុនី បានថ្លែងថា បើពលរដ្ឋខុសច្បាប់គឺត្រូវតែអនុវត្ដតាមច្បាប់ ប៉ុន្ដែបើអាជ្ញាធរចុះស៊ើបទៅឃើញថាពលរដ្ឋពិតជាក្រីក្រគ្មានផ្ទះសំបែងដីធ្លីមែនគឺត្រូវផ្ដល់ដីសម្បទានសង្គកិច្ចដល់ពួកគាត៕