កំពង់ស្ពឺៈ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ទុកពេល​ ១ ​សប្តាហ៍ ​ឱ្យ​ម្ចាស់​អាជីវកម្ម ដែល​បាន​លើក​តាំង​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅតាម​ទីសាធារណៈ​ត្រូវ​រុះរើ​ចេញ​ជាបន្ទាន់ ជាមួយ​នឹង​ការព្រមាន​ថា បើ​ពុំ​ព្រម​រុះរើ​ចេញ​ទេ អាជ្ញាធរ​ខេត្ត​នឹង​ចាត់វិធានការ​រដ្ឋបាល ហើយ​រាល់​ការចំណាយ​ និង​ការខូចខាត​គឺជា​បន្ទុក​របស់​ម្ចាស់​អាជីវកម្ម​។

សេចក្តី​ជូនដំណឹង​ចុះ​ហត្ថលេខា​ដោយ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី ២៤ ​ឧសភា​ បានឱ្យដឹងថា កន្លងមករដ្ឋបាលខេត្ត​កំពង់ស្ពឺបាន​សង្កេត​ឃើញ​ថា មាន​ការដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​ជាច្រើន​នៅតាម​បណ្ដោយ​ចិញ្ចើមផ្លូវ​សាធារណៈ​នានា​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ដែល​បាន​ធ្វើឱ្យ​បាត់បង់​នូវ​សោភណភាព សេចក្តីថ្លៃថ្នូរ របៀប​រៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​។

ដើម្បី​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អ​ ជាពិសេស​លើកកម្ពស់​សេចក្តី​ថ្លៃថ្នូរ និង​រក្សាបាន​សោភណភាព​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត ស្នើឱ្យ​ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន​ចែកចាយ ស្រាបៀរ​ទាំងអស់ ដែលមាន​ការដាក់​តាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​នៅខាងមុខ​ហាង​ ឬ​ជា​យីហោ​ហាង​គ្រប់​ប្រភេទ ដែល​បាន​ដាក់តាំង​ផ្សព្វផ្សាយ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ ដែល​ច្បាប់​បាន​កំណត់ ត្រូវ​ធ្វើការ​រុះរើ​ចេញ​ជាបន្ទាន់ ដោយ​ទុក​រយៈពេល ១ ​សប្ដាហ៍ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

សេចក្តី​ជូនដំណឹង​ព្រមាន​ថា​៖ «​ក្នុងករណី​ផុត​កាលបរិច្ឆេទ​កំណត់​ខាងលើ​គ្រប់​ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន​ចែកចាយ​ស្រាបៀរ​ទាំងអស់ ដែល​ពុំទាន់​បាន​ធ្វើការរុះរើ រដ្ឋបាលខេត្ត​នឹង​ចាត់​នីតិវិធី​រដ្ឋបាល​ធ្វើការ​រុះរើ​ដោយ​បន្ទុក​ចំណាយ និង​រាល់​ការខូចខាត​គ្រប់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ជា​អ្នកទទួល​ខុសត្រូវ​»​។

កាលពី​ថ្ងៃទី​ ២០ ខែ​ឧសភា លោក វ៉ី សំណាង បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ក្នុង​ក្របខ័ណ្ឌ​ខេត្ត​កំពង់ស្ពឺ​ដោយ​ក្នុងនោះ​ថ្នាក់ដឹកនាំ​ខេត្ត ក៏​បាន​ដាក់ចេញ​វិធានការ​នេះ ដោយ​បាន​ចាត់​អភិបាលរង​ខេត្ត​ម្នាក់​ ដើម្បី​ដឹកនាំ​ការដាក់ចេញ​បទបញ្ជា​ថ្មី ក្នុង​ការហាមឃាត់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​តាម​ស្លាក​ប៉ាណូ​នេះ​។

ជាមួយ​នឹង​ការប្រកាស​នេះ លោក វ៉ី សំណាង បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការចូលរួម​សហការ​ពី​បណ្ដា​ម្ចាស់​អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន និង​ភេសជ្ជៈដ្ឋាន​មួយចំនួន​ក្នុង​ការរុះរើ​ជា​បន្តបន្ទាប់ ដែល​លោក​ចាត់ទុកជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ​ក្នុង​វិធានការ​នេះ​។

លោក​បញ្ជាក់ថា​៖ «​សូម​ថ្លែង​នូវ​ការកោត​សរសើរ ចំពោះ​លោក ស៊ិន ហេងទ្រី ដែល​បាន​ទម្លាក់​ស្លាក​ផ្សាយពាណិជ្ជកម្ម​ស្រាបៀរ​ចេញពី​កន្លែង​ភោជនីយដ្ឋាន និង​ផ្ទះសំណាក់​របស់ខ្លួន​។ នេះ​គឺជា​ការចូលរួម និង ជា​គំរូ សម្រាប់​ប្រជាពលរដ្ឋ​អ្នក​ខេត្តកំពង់ស្ពឺ​របស់​យើង​»​។

លោក​ មុំ គង់ ​នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា​បាន​លើកឡើងថា វិធានការ​ក្នុង​ការរុះរើ​ស្លាក​ប៉ាណូ គ្រឿង​ស្រវឹង​នៅក្នុង​ខេត្ត​នេះ គឺជា​ការចាប់ផ្តើម​ដ៏ល្អ​មួយ​។

លោក បន្ត​ថា​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គឺជា​ការជំរុញ​លើក​ទឹកចិត្ត​មួយ ដែល​នាំឱ្យ​ប្រជាពលរដ្ឋ​ឈាន​ទៅ​ដល់​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ ខណៈ​គ្រឿងស្រវឹង គឺជា​ដើមចម​ដែល​នាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​កើត​ជំងឺមហារីក និង​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​នានា​។

លោក​បញ្ជាក់ថា​៖ «​វិធានការ​នេះ គឺជា​ការចាប់ផ្តើម​ដ៏ល្អ​មួយ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​យើង ក្រេប​គ្រឿង​ស្រវឹង​យ៉ាង​គគ្រឹកគគ្រេង ដែល​ផ្ទុយ​នឹង​វិធានការ ៣កុំ ៣ការពារ របស់​រដ្ឋាភិបាល​យើង​ក្នុង​ពេលនេះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩»​។

យ៉ាងណា លោក មុំ គង់ ថ្លែងថា ដើម្បី​អាច​ទប់ស្កាត់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​គ្រឿង​ស្រវឹង រដ្ឋាភិបាល​គួរតែ​បង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង​បញ្ហា​នេះ ព្រោះ​ការផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​នេះ គឺ​បាន​ធ្វើឡើង​គ្រប់ទិសទី​យ៉ាង​អនាធិបតេយ្យ​៕

វីដេអូ៖