កំពង់ស្ពឺៈ លោក វ៉ី សំណាង អភិបាល​ខេត្ដ​កំពង់ស្ពឺ បាន​ចេញ​ដីកា​ប្រកាស​បដិសេធ និង​ដក​ហូត​ដី​ព្រៃ​ឈើ ២​ទីតាំង​ស្ថិត​នៅ​ភូមិ​រមាំង​ស និង​ភូមិ​ខ្ទេះ ឃុំ​តាសាល ស្រុក​ឱរ៉ាល់ មាន​ទំហំ​សរុប​ជាង ២៨១ ហិកតា​បន្ទាប់ពី​ទី​តាំង​ដី​នេះ​ត្រូវ​បាន​ជន​ខិលខូច​ជួល​ពលរដ្ឋ​ទៅ​ទន្ទ្រាន​កាន់​កាប់ និង​ដាំ​ដំណាំ​ក្នុង​គោល​បំណង​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។

យោង​តាម​ដីកា​ស្ដី​ពី​ការ​ប្រកាស​បដិសេធ និង​ដក​ហូត​ដី​ព្រៃ​ឈើ​ទាំង ២ទី​តាំង​នេះ ចុះ​ហត្ថលេខា​ដោយ​លោក វ៉ី សំណាង អភិបាល​ខេត្ដ​កំពង់ស្ពឺ នៅ​ថ្ងៃទី​១០ ខែ​ឧសភា​នេះ បាន​ចេញ​ដីកា​សម្រេច​ប្រកាស​បដិសេធ និង​ដក​ហូត​ដី​ព្រៃ ដែល​ទទួល​រង​នូវ​ការ​កាប់​គាស់ រុករាន ទន្ទ្រាន​យក​ដី​ព្រៃ​របស់​រដ្ឋ ដើម្បី​វាត​យក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​​ខុស​ច្បាប់​លើ​ទីតាំង​ដី​មួយ​កន្លែង ដែល​មាន​ផ្ទៃដី​សរុប ១១០ ហិកតា ២អារ ត្រង់​ចំណុច​ទីតាំង​ដីព្រៃ​ស្ថិត​នៅ​ភូមិ​សាស្ត្រ​ភូមិ​រមាំងស ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រកាស​បដិសេធ និង​ដក​ហូត​ដី​ព្រៃ ដែល​ទទួល​រង​នូវ​ការ​កាប់​គាស់ រុករាន​ទន្ទ្រាន​យក​​ដី​ព្រៃ​របស់​រដ្ឋ ដើម្បី​វាត​យក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​លើ​ទីតាំង​ដី​មួយ​កន្លែង ដែល​មាន​ផ្ទៃដី​សរុប ១៧១​ហិកតា​២៨អារ ត្រង់​ចំណុច ទី​តាំង​ដី​ព្រៃ​ស្ថិត​នៅ​ភូមិ​សាស្ត្រ​ភូមិខ្ទេះ ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ។

លោក​អភិបាល​ខេត្ដ​បញ្ជាក់​ថា៖ «ទីតាំង​ដី​នេះ បាន​ទទួល​រង​នូវ​ការ​កាប់​គាស់​ រុករាន​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ។ ទីតាំង​ដី​ព្រៃឈើ​នេះ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៃ​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ ភូមិសាស្ត​ខេត្ត​កំពង់ស្ពឺ»។

រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ​បាន​កំណត់​រយៈពេល ៣០​ថ្ងៃ នៃ​ថ្ងៃ​ធ្វើ​ការ​សម្រាប់​ទុក​សិទ្ធិ​ដើម្បី​ធ្វើ​ការ​តវ៉ា។ ចំណែក​បទ​ប្បញ្ញត្តិ​ទាំង​ឡាយ​ណា​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ដីកា​នេះ​រដ្ឋបាល​ខេត្ដ​ចាត់​ទុក​ជា​និរាករណ៍។

លោក វ៉ី សំណាង ថ្លែង​ ​ថា រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ រដ្ឋបាល​ស្រុក​ឱរ៉ាល់ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ការិយា​ល័យ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ អនុគណៈកម្មាធិការ​ខេត្ត ក្រុម​ការងារ​ដើម្បី​ទប់​ស្កាត់ លុប​បំបាត់ និង​បង្ក្រាប​ការ​កាប់​គាស់ រុករាន ទន្ទ្រាន​យក​ដី​ព្រៃ​របស់​រដ្ឋ ដើម្បី​វាត​យក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​លើ​តំបន់​ការពារ​ធម្មជាតិ និង​អ្នក​ពាក់​ព័ន្ធ​នានា ត្រូវ​អនុវត្តន៍​ដីកា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​ត​ទៅ។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) បាន​ឱ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្រោយ​ពី​មាន​ដីកា​ដក​ហូត​ដី​ព្រៃ​ដែល​ទន្រ្ទាន​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ និង​ឧទ្យាន​ជាតិ​ហើយ លោក​នឹង​បន្ត​ដាក់​សំណើ​ទៅ​អភិបាល​ខេត្ត​កំពង់ស្ពឺ​បន្ថែម​ទៀត ដើម្បី​បង្កើត​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ចុះ​អនុវត្ត​ដីកា​ដក​ហូត​ដី​នេះ​ឱ្យ​បាន​ច្បាស់​លាស់​តាម​ច្បាប់។

លោក​ថ្លែង​ថា កន្លងមក​រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ បាន​ចេញ​ដីកា​ដក​ហូត​ដី​ព្រៃ​របស់​រដ្ឋ ដែល​ជន​ល្មើស​ចូល​ទៅ កាប់​ទន្រ្ទាន វាត​យក​ជា​កម្មសិទ្ធិ​ជាច្រើន​ទីតាំង ប៉ុន្ដែ​ក្រោយ​ពី​ចេញ​ដីកា គឺ​មិន​មាន​សកម្មភាព​មន្រ្ដី​អនុវត្ដ​ច្បាប់​ចុះ​ទៅ​ដក​ហូត​ដី​នោះ​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់​កំណត់​នៅ​ឡើយ ដែល​នាំ​ឱ្យ​ជន​ល្មើស​ឆ្លៀត​ឱកាស​លួច​កាន់​កាប់​ដី​នោះ​បន្ត​ដដែល។

លោក​បាន​បញ្ជាក់​ថា៖ «បើ​រដ្ឋបាល​ខេត្ដ​ចេញ​ដីកា​ដក​ហូត​ហើយ ប៉ុន្ដែ​មន្រ្ដី​អនុវត្ដ​ច្បាប់​មិន​បាន​ចុះ​អនុវត្ដ​ដីកា​ដក​ហូត ជន​ល្មើស​នៅ​តែ​បន្ត​កាន់​កាប់​ដីព្រៃ​របស់​រដ្ឋ​ដដែល។ ជន​ល្មើស​ប្រើ​រូប​ភាព​ជា​ការ​ដាំ​ដំណាំ​ផ្សេងៗ​ ដូចជា ដាំ​ដើម​ដូង ដើម​ចេក ដែល​ដុះ​លូតលាស់​ដំៗ​ស្រាប់​យក​មក​ដាំ​នៅ​លើ​ដី​របស់​រដ្ឋ។ ការ​ដាំ​បែប​នេះ​រយៈពេលតែ​១​ឆ្នាំ​ទៅ ២​ឆ្នាំ​ ពួកគេ​នឹង​អះអាង​ថា​ ដី​នោះ​ជា​ដី​របស់​ពួក​គេ​រស់​នៅ​យូរ​ឆ្នាំ​ហើយ​ទាមទារ​កាន់​កាប់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់»។

លោក ជា ហ៊ាន សង្កេត​ឃើញ​ថា ស្រប​ពេល​រាជ​រដ្ឋាភិបាល និង​មន្រ្ដី​នៅ​តាម​បណ្ដា​ខេត្ដ​កំពុង​ជាប់​រវល់​លើ​ការ​ទប់​ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ ជន​ល្មើស​បាន​ឆ្លៀត​ឱកាស​នេះ ដើម្បី​ទៅ​កាប់​ទន្រ្ទាន​កាន់​កាប់​ដី​ព្រៃ និង​ដី​ឧទ្យាន​ជាតិ​របស់​រដ្ឋ។

លោក​បាន​ស្នើ​ដល់​អាជ្ញាធរ​តាម​បណ្ដា​ខេត្ដ​នីមួយៗ បន្ត​រឹតបន្ដឹង​វិធានការ​ច្បាប់​ចំពោះ​ជន​ល្មើស កុំ​ឱ្យ​ជន​ល្មើស​យក​លេស​ដែល​រាជរដ្ឋាភិបាល​កំណត់​ឱ្យ​រដ្ឋបាល​ខេត្ដ​នីមួយៗ​កំណត់​អន្តសញ្ញាណ​ប្រជាពលរដ្ឋ​រស់​​នៅ​ជាក់​ស្ដែង​យូរ​ឆ្នាំ​លើ​ដី​ព្រៃ ឬ​​ដី​ឧទ្យាន​ជាតិ​របស់​រដ្ឋ​ដើម្បី​កាត់​ឆ្វៀល ហើយ​លួច​ចូល​ទៅ​ទន្រ្ទាន​ កាន់កាប់ដី​រដ្ឋដោយ​ខុស​ច្បាប់​នៅ​កន្លែង​ផ្សេង​ជា​បន្ត​ទៀត​៕