កំពង់ស្ពឺៈ អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បានដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាប់ផ្តើម​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​សូម​ឱ្យ​រុះរើ​ចេញ​ជាបន្ទាន់​នូវ​ស្លាក​ប៉ាណូ ដែល​បាន​លើក​តាំង​ផ្សព្វផ្សាយ ផលិតផល​ស្រាបៀរ​ផ្សេងៗ ខណៈ​ការលក់ដូរ​ស្រាបៀរ​គ្រប់​ប្រភេទ នៅ​ទូទាំង​ខេត្ត គឺ​នៅ​បន្តធ្វើ​ការហាមឃាត់​។

កាលពី​ថ្ងៃទី​ ២០ ខែឧសភា លោក វ៉ី សំណាង បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩ ក្នុង​ក្របខ័ណ្ឌ​ខ​​ខេត្តកំពង់ស្ពឺ ដោយ​ក្នុង​នោះ​ថ្នាក់ដឹកនាំ​ខេត្ត ក៏​បាន​ដាក់ចេញ​វិធានការ​នេះ ដោយ​បាន​ចាត់​អភិបាលរង​ខេត្ត​ម្នាក់ ដើម្បី​ដឹកនាំ​ចាត់វិធានការ​លើ​ការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ និង​តម្លាភាព​ហើយ​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​អនុវត្ត​។

លោក វ៉ី សំណាង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សម្តេច​ព្រះសង្ឃរាជ ជួន ណាត ជា​អ្នក​ដើមកំណើត​នៅ​ខេត្តកំពង់ស្ពឺ ហើយ​ត្រូវបាន​ចាត់ជា​អ្នកប្រាជ្ញ ដែល​បាន​ចងក្រង​ស្នាដៃ​និពន្ធ​ជាច្រើន រួមទាំង​វចនានុក្រម​ខ្មែរ​សម្រាប់​កូនចៅ​គ្រប់​ជំនាន់​ក្រោយៗ​ប្រើប្រាស់ ហើយ​ព្រះអង្គ ជា​ឈាមជ័រ​កូន​កសិករ​រស់នៅ​ខេត្ត​កំពង់ស្ពឺ​រហូត​រៀង​មក​។

ដូច្នេះ លោក​បញ្ជាក់​ថា អ្នក​ខេត្តកំពង់ស្ពឺ គឺ​មិនមែន​ជា​អ្នក​ដែល​ខ្ជឹលច្រអូស ដូច​ពាក្យ​គេ​តែង​និយាយ បង្អាប់​ថា (​អ្នក​កំប៊ុងប៊ឺ រលាក់​កងជើង​) ​នោះ​ដូច​មុន​ទៀត​ទេ ហើយ​មួយវិញ​ទៀត ក៏​មិនមែន​ជា​អ្នកផឹកស៊ី​អ៊ួរទីនួរ​នោះដែរ​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ការទទួល​ទាន​ស្រា​គ្រឿង​ស្រវឹង ឬ​ទឹក​ប្តូរ​និស្ស័យ គឺ​ធ្វើឱ្យ​មនុស្ស​ប្រែ​នូវ​អត្តចរិត ប្រែ​និស្ស័យ នាំឱ្យ​មាន​ហិង្សា​ក្នុង​គ្រួសារ និង​នាំឱ្យមាន​ការជួបជុំ​ដែល​ប៉ះពាល់​ដល់​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩»​។

លោក​បញ្ជាក់​ទៀត​ថា​៖ «​ចាប់ពីពេលនេះ​តទៅ សុំ​ឱ្យ​មានការ​រុះរើ​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​ស្រាបៀរ​ទាំងអស់​ចេញពី​ក្របខ័ណ្ឌ​ដែនដី​ខេត្តកំពង់ស្ពឺ ដោយ​ដាក់ជំនួស​មកវិញ​នូវ​ប៉ាណូ​ទាំងឡាយណា ដែល​ជួយ​ដល់​សុខភាព​ពលរដ្ឋ​ទូទៅ ព្រោះ​ប៉ាណូ​ (​ស្រាបៀរ​) ​ទាំងនេះ វា​គ្មាន​ចំណេញ​អ្វី​ដល់​សង្គមជាតិ​នោះទេ​»​។

លោក វ៉ី សំណាង បាន​លើកឡើង​ថា ការដែល​ខេត្ត​ដាក់ចេញ​វិធានការ​នេះ គឺ​សំដៅ​ដល់​ការហាមឃាត់​ការផ្សព្វផ្សាយ​ផលិតផល​ស្រាបៀរ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​សាធារណៈ ពិសេស​ប៉ះពាល់​ដល់​យុទ្ធនាការ​ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

លោក​បន្ថែមថា​៖ «​មិនទាន់​ដឹង​ច្បាស់​ថា វិធានការ​នេះ​យ៉ាងណាទេ ប៉ុន្តែ​ដឹង​តែ​ទម្លាក់​ហើយ ស្លាក​ស្រាបៀរ​នេះ​។ គណៈកម្មការ​យើង កំពុង​ប្រជុំ និង​ដើរ​ត្រួតពិនិត្យ​ជាមុន​សិន ថា​តើ​កន្លែង​ណា ដែល​យើង​ត្រូវធ្វើ​ដូច​ដំបូង គឺ​កន្លែង​ទីសាធារណៈ​»​។

កាលពី​ថ្ងៃទី ១៨ ឧសភា រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បាន​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន​រយៈពេល ១ សប្តាហ៍​បន្តទៀត​រហូត​ដល់​ថ្ងៃទី ២៤ ឧសភា ដោយ​ហាមឃាត់​សកម្មភាព​មួយចំនួន ដូចជា​ការជួបជុំ ប្រមូលផ្តុំ ហូប​គ្រឿង​ស្រវឹង​ជាដើម​។

បន្ថែម​ពីនេះ ចំពោះ​ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារចល័ត គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ឯកជន ផ្សារម៉ាត ហាង​លក់​ភេសជ្ជៈ​ត្រូវ​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ផង​ដែរ​៕