ភ្នំពេញៈ លោក វ៉ី សំណាង អភិបាល​ខេត្ដ​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​គិត​ត្រឹម​ឆ្នាំ​ ២០១៩ ​រដ្ឋបាល​ខេត្ដ​បានទទួល​ពាក្យបណ្ដឹង​វិវាទ​ដីធ្លី​ពី​ថ្នាក់ជាតិ​ដែល​បាន​ទម្លាក់​ទៅ​ឲ្យ​ថ្នាក់​ខេត្ត​ដោះស្រាយ និង​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដោយផ្ទាល់​សរុប ១៥២ ​ករណី​ ក្នុង​នោះ​ដោះស្រាយ​​បាន​ចំនួន ៥២ ​ករណី​ កំពុង​បន្ដ​ដោះស្រាយ​ចំនួន ៥៧ ​ករណី ហើយ​ ៤៣ ​ករណី​ទៀត​នៅ​មិន​បាន​ដោះស្រាយ ច្រានចោល និង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋបាល​ក្រុង ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​។

លោក វ៉ី សំណាង បាន​អះអាង​បែបនេះ​ក្នុង​ពេលធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​បន្ត​របស់​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​។

លោក​ថ្លែងថា ចំពោះ​ការដោះស្រាយ​វិវាទ​ដីធ្លី​តាមរយៈ​គណៈកម្មការ​សុរិយោដី​ខេត្ត​សរុប​ចាប់​ពីថ្ងៃ​ដំណើរការ​មាន​ចំនួន ៣៣០ ករណី ស្មើនឹង ១ ៦៤៦ ​គ្រួសារ ​ផ្ទៃដី​ទំហំ ១២៩ ​ហិកតា​ដោយ​បាន​ដោះស្រាយ​បញ្ចប់ ១៥១ ករណី​កំពុង​ដោះស្រាយ ២៨ ករណី​បាន​ច្រានចោល​បណ្ដឹង ១៥០ ​ករណី ដក​ពាក្យបណ្តឹង ១ ​ករណី​។

លោក សំណាង ថ្លែងថា ការដោះស្រាយ​ពន្លឿន​ករណី​ដែល​នៅ​សេសសល់​នេះ គឺជា​សំណុំរឿង​ដែលមាន​ការពាក់ព័ន្ធ​ច្រើន ពិសេស​មាន​ឯកសារ​ពាក់ព័ន្ធ​ច្រើន​។ រឿង​ខ្លះ​កើតឡើង​តត្រកូល​មាន​រយៈពេល ១០ ​ឆ្នាំ​ក៏មាន​។ ដូច្នេះ​ករណី​បែបនេះ ​គឺ​មាន​ភាពស្មុគស្មាញ​ក្នុង​ការដោះស្រាយ​។

លោក​បញ្ជាក់ថា ករណី​វិវាទ​កើតឡើង​ច្រើន​ឆ្នាំ​បែបនេះ​គឺ​ទាមទារ​ឱ្យមាន​ការស្រាវជ្រាវ​ច្បាស់លាស់​ក្នុង​ការដោះស្រាយ ដើម្បី​កុំឱ្យ​ភាគី​ណាមួយ​រង​ភាពអយុត្ដិធម៌​។ លោក​អភិបាល​បញ្ជាក់ថា បច្ចុប្បន្ន​រដ្ឋបាល​ខេត្ដ​ក៏​កំពុង​ជំរុញ​ការដោះស្រាយ​វិវាទ​ដែល​នៅ​សេសសល់​នេះ តាមរយៈ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​ដែរ​។

លោក​អភិបាល​បានឱ្យ​ដឹង​ដែរ​ថា ការងារ​ចុះបញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ អនុវត្ត​បាន​ចំនួន ៥១៥​ ​ភូមិ​ ក្នុង ៣២ ​ឃុំ-សង្កាត់​នៃ​ក្រុង ស្រុក​ទាំង​ ៨ នៃ​ខេត្ដ​កំពង់ស្ពឺ​។ សរុប​ចាប់​ពីថ្ងៃ​ចាប់ផ្តើម​អនុវត្ត​មកដល់​ខែ​ធ្នូ ឆ្នាំ​ ២០១៩ បញ្ចូល​ទិន្នន័យ​បាន​ចំនួន ៤០៨ ៩៣៨ ​ក្បាលដី និង បាន​ចែក​បណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៣៣ ៥៩២ ​បណ្ណ​។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា ការដោះស្រាយ​វិវាទ​ដីធ្លី​របស់​រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ​គឺ​នៅតែ​សេសសល់​ច្រើន មិនទាន់​បាន​ដោះស្រាយ​បញ្ចប់​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។

លោក ហ៊ាន ថ្លែងថា​៖ «​ខ្ញុំ​ស្នើឱ្យ​រដ្ឋបាល​ខេត្ដ​ជំរុញ​ពន្លឿន​ការដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ចប់​រួចរាល់​ក្នុងពេល​ឆាប់ៗ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ពលរដ្ឋ​ទៅ​អាស្រ័យផល​។ បើ​ពលរដ្ឋ​ដែលមាន​ជីវភាព​ធូរធារ អាជ្ញាធរ​ហាក់បី​ដូចជា​ដោះស្រាយបាន​លឿន​បន្ដិច ព្រោះ​ពួកគេ​បាន​ទាមទារ​។ ចំណែក​ពលរដ្ឋ​ក្រីក្រ​យើង​មិនសូវ​ឃើញ​ទទួល​បាន​ដំណោះស្រាយ​លឿន​នោះ​ទេ​»​។

លោក ជា ហ៊ាន ថ្លែងថា សំណុំរឿង​ដែល​លោក​បានដឹង និង​កំពុង​អង្កេត​មើល​ដែល​រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ​មិនទាន់​ដោះស្រាយ​មាន​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​សរុប​ជាង ៣០ ​ករណី​ ដែល​ករណី​ទាំងនេះ​នៅសល់​ជាច្រើន​ឆ្នាំ​មកហើយ​ដោយ​ករណីខ្លះ​ព្រោះតែ​គ្មាន​ដំណោះស្រាយ ទើប​បញ្ជូន​សំណុំរឿង​ឡើង​ទៅដល់​ថ្នាក់ជាតិ​ដើម្បី​ដោះស្រាយ​។

លោក​ក៏បាន​អំពាវនាវ​ដល់​​រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ​បន្ត​ពន្លឿន​ការដកហូត​ដី​ពី​ក្រុមហ៊ុន​ដីសម្បទាន​ដែល​ត្រូវបាន​តុលាការ​ចេញ​ដីកា​ដកហូត ប៉ុន្ដែ​ដី​ទាំងនោះ​រដ្ឋបាល​ខេត្ដ​មិនទាន់​បាន​អនុវត្ដ​ដីកា​ចុះ​ដកហូត​នៅឡើយ​។ លោក​ថា ករណី​បែប​នេះ​ធ្វើឱ្យ​ជនខិលខូច​បន្ត​កាន់កាប់​ដី​របស់​រដ្ឋ ហើយ​ជាច្រើន​ឆ្នាំ​ទៅ​មុខ​នឹង​បង្ក​ជា​បញ្ហា​ពិបាក​ដោះស្រាយ​៕