កំពង់ស្ពឺៈ ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក​ វ៉ី សំណាង​បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​ថា អាជ្ញាធរខេត្ត​នឹង​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ឱរ៉ាល់ និង​ក្រុមហ៊ុន​ស្ករស​អំពៅ​ភ្នំពេញ​ឲ្យ​បាន​ឆាប់​ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​។

ការ​ថ្លែង​របស់​អភិបាលខេត្ត​កំពង់ស្ពឺ​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​កាលពី​សប្តាហ៍​មុន​ក្រុមមន្ត្រី​ពី​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា (OHCHR) បាន​ចុះទៅ​ជួប​អ្នកភូមិ​សួរនាំ​ពី​បញ្ហា​វិវាទ​ដីធ្លី​នេះ​។

ប្រជាពលរដ្ឋ​ជាង ១៥០០ គ្រួសារ​នៅ​ក្នុង​ស្រុក​ឱរ៉ាល់​បាន​កើតមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​ ២០១០ ដែល​បើ​តាម​អ្នកភូមិ ជម្លោះ​ដីធ្លី​នេះ​បាន​កើតឡើង​នៅពេល​ដែល​ក្រុមហ៊ុន​បាន​ប្រើ​គ្រឿងចក្រ​ចូល​ទៅ​ឈូសឆាយ​ដី​ចម្ការ​របស់​ពួកគាត់​ដើម្បី​ដាំ​អំពៅ​ដោយ​ពុំ​មាន​ផ្តល់​សំណង​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​បាន​បញ្ចប់​ការចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​គាត់​បាន​អះអាង​ថា​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កាលពី​ខែ​មុន​។

លោក​បញ្ជាក់​ថា​៖ «​ឥឡូវ​ហ្នឹង​យើង​កំពុង​តែ​ត្រួត​ពិនិត្យថា តើ​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ដែល​ជា​ប្រជាពលរដ្ឋ​ពិតប្រាកដ​នៅក្នុង​មូលដ្ឋាន​នោះ​? ហើយ​ប៉ុន្មាន​គ្រួសារ​ដែល​ជា​ប្រជាពលរដ្ឋ​ក្លែងក្លាយ​មក​តាមរយៈ​អង្គការ​សង្គម​ស៊ីវិល​? ​យើង​សង្ឃឹម​ថា យើង​នឹង​ធ្វើ​រឿង​នេះ​ឲ្យ​បាន​ឆាប់​ចប់​។ យើង​មិន​ទុក​យូរ​ទេ​»​។

លោក Simon Walker តំណាង​ (OHCHR) ​បាន​បញ្ជាក់​នៅក្នុង​អ៊ីមែល​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា ការិយាល័យ​បាន​ធ្វើការ​ពិនិត្យ​តាមដាន​មើល​ដំណើរការ​ដោះស្រាយ​សម្រាប់​សហគមន៍​ដែល​រង​ផលប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​ផលិត​ស្ករស​នៅ​ក្នុង​ខេត្ត​ព្រះវិហារ កោះកុង កំពង់ស្ពឺ និង​ខេត្ត​ឧត្តរមានជ័យ​។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​អំឡុង​ពេល​ដែល​ការិយាល័យ OHCHR ធ្វើ​ទស្សនកិច្ច​ទៅកាន់​ខេត្ត​កំពង់ស្ពឺ OHCHR បាន​ទទួល​ព័ត៌មាន​អំពី​ការផ្តួចផ្តើម​ដំណោះស្រាយ​ស្រប​គ្នា​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​»​។

លោក Simon ថ្លែង​ថា​៖ «​ការិយាល័យ​របស់​ខ្ញុំ​នឹង​បន្ត​តាមដាន​មើល​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ហើយ​ក៏​នឹង​បន្ត​ការសន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​លើក​ទឹកចិត្ត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធានា​ថា​ដំណើរការ​ស្វែងរក​ដំណោះស្រាយ​នេះ​គឺ​មាន​តម្លាភាព យុត្តិធម៌ និង​មាន​ប្រសិទ្ធភាព​»​។

អ្នកស្រី ខន កន អាយុ ៦២ ឆ្នាំ​រស់នៅ​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់​គឺជា​អ្នកភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នកភូមិ​ដែល​បាន​ជួប​ជាមួយ​មន្ត្រី OHCHR កាលពី​សប្តាហ៍​មុន​។ អ្នកស្រី​បាន​ថ្លែង​ដោយ​សង្ឃឹម​ថា​ការចុះ​ទៅ​របស់​មន្ត្រី​ទាំងនោះ​នឹង​ជួយ​សហគមន៍​របស់​អ្នកស្រី​ក្នុង​ការដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ដែល​អូសបន្លាយ​ជាយូរ​មក​ហើយ​ជាមួយ​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ​។

អ្នកស្រី កន អាយុ ៦២ ឆ្នាំ​ថ្លែង​ថា​មន្ត្រី OHCHR បាន​ជួប​សួរនាំ​ប្រជាពលរដ្ឋ​អស់​រយៈពេល​កន្លះ​ព្រឹក​។ ពួកគេ​សួរ​អ្នកភូមិ​អំពី​ដំណោះស្រាយ​ និង​សំណង​។ ​«​ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​ចុះ​មក​ជួប​យើង​ពេលនេះ​អាច​ផ្តល់​ក្តីសង្ឃឹម​ដល់​យើង​។ អាជ្ញាធរ​ឃុំ​បាន​ប្រាប់​យើង​ថា ក្រោយ​ការបោះឆ្នោត​ពួកគេ​នឹង​ដោះស្រាយ​ឲ្យ​យើង​។ បន្ទាប់ពី​ពួកគេ​បណ្តេញ​យើង​ចេញ​ខ្ញុំ​មិន​ដែល​ទទួល​បាន​សំណង​ណា​មួយ​ពី​ពួកគេ​ទេ សូម្បី​តែ​ ១ ​កាក់​ ១ ​សេន​»​។

អ្នកស្រី​បន្ត​ថា​៖ «​យើង​បាន​ប្រាប់​ពួកគេ​ថា​មិន​មាន​ក្រសួង​ណា​មក​និយាយ​ជាមួយ​យើង ផ្តល់​ដំណោះស្រាយ​ដល់​យើង​នៅ​ឡើយ​ទេ​។ វា​ស្ងាត់​ខ្លាំង​ណាស់​។ ខ្ញុំ​រីករាយ​ណាស់​នៅ​ពេល​ខ្ញុំ​ឃើញ​ពួកគេ​ចុះមក​។ ខ្ញុំ​សង្ឃឹម​ថា ពួកគេ​អាច​ជួយ​ធ្វើឲ្យ​មាន​ដំណោះស្រាយ​ឆាប់ៗ​»​។ អ្នកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​ធ្លាប់​ទៅ​ភ្នំពេញ​ជាច្រើន​លើក​។ ក្រសួង​ដែនដី​សន្យា​ថា​ជួយ​យើង សន្យា​ថា​ពួកគេ​នឹង​ស្វែងរក​ដំណោះស្រាយ​បន្ទាប់ពី​ការបោះឆ្នោត ប៉ុន្តែ​ឥឡូវ​នេះ​យើង​មិន​ទាន់​បាន​ឃើញ​នរណា​ម្នាក់​ចុះ​មក​នោះ​ទេ​»​។

អ្នកស្រី កន បាន​បាត់បង់​ដី​ ៣ ហិកតា​ទៅ​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ​ក្នុង​ឆ្នាំ​ ២០១០ ហើយ​កូន​អ្នកស្រី​បាន​បាត់បង់​ដី​ ៤ ​ហិកតា​។ អ្នកស្រី​បន្ត​ថា​៖ «​ដំបូង​ពួកគេ​ឈូសឆាយ​ដី​ចម្ការពោត​របស់​យើង និង​ចម្ការ​សណ្តែកដី ហើយ​បន្ទាប់​មក​ទៀត​ពួកគេ​បាន​ដុត​កម្ទេច​ផ្ទះ​របស់​យើង​។ ខ្ញុំ​បាន​រស់នៅ​ទីនោះ​តាំងពី​ខ្ញុំ​នៅ​ពី​ក្មេង​។ ក្រុមហ៊ុន​ស្ករស​បាន​យក​ដី​របស់​យើង​»​។

អ្នកស្រី កន បាន​ទាមទារ​សំណង​ចំនួន​ ១៥០០០ ​ដុល្លារ​សម្រាប់​ដី​ ៣ ​ហិកតា​របស់​អ្នកស្រី​។ «​ជីវិត​របស់​ខ្ញុំ​ត្រូវ​បាន​ផ្លាស់ប្តូរ​ទាំង​ស្រុង​កាលពី​មុន​ខ្ញុំ​មាន​អង្ករ​ទុក​ហូប ខ្ញុំ​ចិញ្ចឹម​សត្វ​ខ្ញុំ​មាន​សម្លៀកបំពាក់​សមរម្យ​។ ប៉ុន្តែ​ឥឡូវ​នេះ​ជីវិត​របស់​ខ្ញុំ​ផ្លាស់ប្តូរ​ទាំង​ស្រុង ខ្ញុំ​ត្រូវ​ទិញ​អង្ករ​ពី​អ្នកដទៃ​ហើយ​មិនមែន​តែ​ខ្ញុំ​ទេ​អ្នកភូមិ​ដទៃៗ​ទៀត​នៅ​ក្នុង​សហគមន៍​របស់​ខ្ញុំ ក៏​អ៊ីចឹង​ដែរ ខ្ញុំ​ពិតជា​ខឹង​ខ្លាំង​ណាស់ ចំពោះ​អ្នក​ដែល​សន្យា ប៉ុន្តែ​មិន​គោរព​តាម​ការសន្យា​»៕ PS/NS