កំ​ពតៈ អភិបាល​ខេត្ដ​កំពត ​លោក ជាវ តា​យ កំពុង​ពិចារណា​ដកហូត ​ឬ​មិន​ដកហូត​ដី​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជាង ៤៥ ហិកតា នៅ​ភូមិ​បឹង​តាព្រាម ​សង្កាត់​ត្រើយ​កោះ​ ក្រុងខេត្ត​កំពត​ ដែល​បច្ចុប្បន្ន​ដី​នេះ ​ស្ថិត​ក្នុង​សមុទ្រ ​ដោយ​ត្រូវបាន​ហាម​ឃាត់​ការកាន់កាប់​ដោយ​ច្បាប់​កម្ពុជា។

បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​ឃើញថា​ ដី​ដែល​បាន​បោះបង្គោល​ចូលក្នុង​សមុទ្រ ​គឺមាន​ប្លង់​ត្រឹមត្រូវ​តាមច្បាប់ ​ហើយ​ដី​នេះ ត្រូវបាន​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ម្ចាស់​ដី​តាំងពី​ឆ្នាំ ២០០៨។ លោក ​ជាវ តាយ ​បាន​អះអាងថា ​លោក​កំពុង​ពិចារណា​ និង​សិក្សា​តាម​ផ្លូវ​ច្បាប់ ដើម្បី​ដកហូត​ដី​នេះ​ត្រឡប់​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​វិញ។

លោកប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា​៖ «ខ្ញុំ​កំពុងមាន​វិធានការលើ​បញ្ហា​នេះ ​សូម​ទុកពេល​ឲ្យ​ខ្ញុំ​បន្តិច​សិន។ ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ហើយ»។

លោក ​ម៉ម ស៊ាប​ មេភូមិ​បឹង​តា​ព្រាមប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ពី​ម្សិ​ល​មិញ​ថា ​ដី​នេះ​ពិតជា​ត្រូវ​បាន​រដ្ឋាភិបាលប្រគល់​ជូនទៅ​ប្រជា​ពលរដ្ឋ​ទាំង​ ១២ គ្រួសារ​កាន់​កាប់​ស្របច្បាប់​មែន​ បន្ទាប់​ពី​ពួកគេ​ បានស្នើ​កែប្រែ​ប្រភេទ​ដី​នេះ ​ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ ​ឬ​ទេសចរណ៍​កែច្នៃ ​ដើម្បី​ទ្រទ្រង់​ជីវ​ភាព។ លោក​បាន​ថ្លែង​​បន្តថា ​បន្ទាប់មក ​នៅ​ឆ្នាំ ២០០៨ ​ពួកគេ​ក៏បាន​ស្នើសុំ​កាន់​កាប់​ដី​នេះ​តែម្តង។

លោកអះអាង​ថា​ បច្ចុប្បន្ន​ ដី​ពលរដ្ឋ​ទាំង ១២ គ្រួសារ​នេះ ត្រូវបាន​លក់​ទៅ​ឲ្យ​ឈ្មួញ​អ្នក​មាន​មួយ​ចំនួន។

លោក​មេធាវី ​សុក សំអឿន​ បាន​បញ្ជាក់ថា ​ជាទូទៅ​ច្បាប់​កម្ពុជា ​ឆ្នេរ​សមុទ្រ ​ឆ្នេរ​ទន្លេ​ ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​មិនទាន់​អាច​អនុញ្ញាត​ឲ្យ​មានការ​កាន់កាប់​ជា​កម្មសិទ្ធិ​ឯកជន​របស់​បុគ្គល​ណា​ម្នាក់​នោះ​ទេ។

លោក ​សេង ឡូត ​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដីនគ​រូប​នី​យ​​កម្ម​ និង​សំណង់​ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​ ដោយ​អះអាងថា​ វា​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ដែន​ដី ​ហើយ​លោកក៏​មិន​បាន​ដឹង​រឿង​នេះ​ដែរ។

លោក ប៊ី វ​ណ្ណី មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក ប្រចាំ​ខេត្តកំពត ស្នើ​ឲ្យ​អាជ្ញាធរ ដកហូត​ដី​នេះ​ត្រឡប់​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​វិញ។ មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ​អះអាង​ថា បើ​ទោះ​ជា​ មានកម្ម​សិទ្ធិ​ស្រប​ច្បាប់​យ៉ាងណា​ដោយ ។

ការលើកឡើង​យ៉ាង​ដូច្នេះ ព្រោះតែ​លោកបាន​ដាក់​ការ​​សង្ស័យថា ការ​កាន់​​កាប់​ដី​នេះ​អាចមាន​បញ្ហា​លា​ក់​បាំង​ណាមួយ​នៅ​ពីក្រោយ​ចំពោះ​ការផ្តល់​សិទ្ធិ​កាន់កាប់​ពី​ស្ថាប័ន​ពាក់ព័ន្ធ ជុំវិញ​ការផ្តល់​សិទ្ធិ​ឲ្យ​មានការ​កាន់​កាប់​ដី​ក្នុង​សមុទ្រ៕