កំពត៖ ខេត្ត​កំពត​នឹង​ត្រូវ​មាន​អភិបាល​ខេត្ត​ថ្មី​បន្ទាប់​ពី​​ការ​គ្រប់​គ្រង​របស់​អភិបាល​បច្ចុប្បន្ន​ លោក ចាន់ ចេស្តា បាន​រយៈ​ពេល​តែ​ជាង​មួយ​ឆ្នាំ​កន្លះ​​។ នេះ​បើ​​តាម​ព្រះ​​រាជ​ក្រឹត្យ​​មួយ​​ដែល​បាន​ចុះហត្ថលេខា​​កាល​​ពី​​ថ្ងៃ​​អង្គារ​។

​ព្រះ​រាជ​ក្រឹត្យ​នេះ​តែង​តាំង​​លោក ជីវ តាយ​ ​ជា​អភិបាល​ខេត្ត​ថ្មី​ ​ហើយ​​បាន​បង្ហាញ​​ថា ​លោក ចេស្តា នឹង​ត្រូវ​ទៅ​​​ក្រសួង​​រុក្ខា​ប្រមាញ់​និង​នេសាទ​។

​លោក ចេស្តា ​ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ខេត្ត​កំពត​​កាល​ពី​ចុង​ខែ​​មីនា ឆ្នាំ​២០១៦​​​បន្ទាប់​ពី​កាន់​តំណែង​ជា​អភិបាល​​ខេត្ត​រង​​បាន​តែ​មួយ​សប្តាហ៍​។ ​លោក​កាល​ពី​ពេល​មុន​ជា​​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​។

​នៅ​ពេល​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​ លោក ចេស្តា មុន​ពេល​ដាក់​ទូរ​ស័ព្ទ​​ចុះ​បាន​ថ្លែង​ថា​​៖ «​​សូម​រង់​ចាំ​​រហូត​ទាល់​តែ​មាន​ពិធី​ផ្ទេរ​​ផ្លូវ​ការ​​។ ​ខ្ញុំ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​ខ្ញុំ​នឹង​ត្រូវ​បញ្ជូន​ទៅ​​កន្លែង​ណា​»​​។

​ប្រធាន​រដ្ឋ​បាល​ខេត្ត​ ​លោក ស៊ីម វុទ្ធា ​បាន​ថ្លែង​ថា​ ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ លោក ស ខេង​ ​នឹង​​ចូល​រួម​ជាអធិបតី​ភាព​​ក្នុង​ពិធី​ផ្ទេរ​តំណែង​​នៅ​ថ្ងៃ​សុក្រ​។ ​លោក​បាន​ថ្លែង​ថា លោក ចេស្តា​ «​មាន​សមត្ថ​ភាព​​»​។

​​ទោះ​យ៉ាង​ណា​ក្តី ​អតី​ត​មន្រ្តី​ជាន់ខ្ពស់​​ម្នាក់​នៅក្នុង​ខេត្ត​​ ដែល​សុំ​​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​ថ្លែង​ថា ការ​ឡើង​កាន់​តំណែង​យ៉ាង​​លឿន​​របស់​លោក ចេស្តា ​​និង​ភាព​ទំនង​ជា​មិនមាន​​បទ​ពិសោធ​​បាន​ធ្វើ​ឲ្យ​​​នរណា​ម្នាក់​ខឹង​។

​លោក​បាន​កត់​សម្គាល់​​ថា ​លោក​មិន​បាន​ដឹង​ថា​​​តើ​បញ្ហា​​នៅ​ថ្នាក់​ខេត្ត​​ជា​កត្តា​​នាំ​ឲ្យ​មាន​សេចក្តី​សម្រេច​ថ្នាក់​ជាតិ​​ក្នុង​ការ​បញ្ចប់​​​តំណែង​របស់​គាត់​នោះ​ទេ​។

​លោក តាយ​ ​ ដែល​​បច្ចុប្បន្ន​មាន​តំណែង​ជា​អភិបាល​រង​ខេត្ត​កណ្តាល​ នៅ​ពេល​ទាក់​ទង​​កាល​​ពី​ថ្ងៃពុធ​​ ​បាន​កត់​សម្គាល់​​ថា​ បទ​ពិសោធ​រយៈ​ពេល ​១១ ​ឆ្នាំ​របស់​លោក​​ធ្វើ​ការ​​ក្នុង​ខេត្ត​​​កណ្តាល​​ ​បាន​ថ្លែង​ថា៖«​​ខ្ញុំ​នឹង​បម្រើ​ជាតិ​និង​ប្រជា​ជន​។ គ្មាន​អ្វី​លើស​ពីនេះ​ទៀតទេ​»៕ PS