កំពតៈ អភិបាលខេត្ដកំពត លោក ជាវ តាយ ព្រមានចាត់វិធានការដល់អ្នកបោះបង្គោលរំលោភយកដីសមុទ្រ បើរកឃើញស្របពេលក្រុមការងារដែលបង្កើតឡើងដើម្បីស្រាវជ្រាវលើករណីនេះនៅមិនទាន់បិទបញ្ចប់ ដែលអ្វីទាំងនេះ សង្គមស៊ីវិល សាទរបើពិតជាមានចំណាត់ការលើជនប្រព្រឹត្តល្មើស ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់មែន។
កាលពីចុងសប្តាហ៍មុន មានក្រុមហ៊ុន ១ ឈ្មោះ BLUE STAR REAL ESTATE Co.,Ltd បានផ្សព្វផ្សាយ និងបង្ហោះលើបណ្តាញសង្គម ជុំវិញការលក់អចលនទ្រព្យនិងលក់ដីដែលបានបោះបង្គោលចូលសមុទ្រ ទំហំជាង ១ ហិកតា ស្ថិតនៅសង្កាត់ត្រើយកោះ ក្រុង-ខេត្ត កំពត ដោយអះអាងថា ម្ចាស់ដីមានប្លង់ត្រឹមត្រូវ។
ការបង្ហោះរូបប៉ុន្មានសន្លឹក ដែលបង្ហាញពីបង្គោលសសរព្រោងព្រាត នៅក្នុងទឹកសមុទ្រដ៏ធំល្វឹងល្វើយផុតកន្ទុយភ្នែកនោះក៏ត្រូវបានអ្នកលេងបណ្តាញទំនាក់ទំនងសង្គម និងមជ្ឈដ្ឋានទូទៅ រិះគន់រហូតឈានមានការបង្កើតក្រុមការងារចម្រុះខេត្ត ដើម្បីចុះស៊ើបអង្កេតជុំវិញបញ្ហានេះ។
តែយ៉ាងណា រហូតមកដល់ថ្ងៃអង្គារនេះ ក្រុមចុះស្រាវជ្រាវការបោះបង្គោលចូលសមុទ្រ ដែលដឹកនាំដោយលោក នៃ គង់ អភិបាលរងខេត្តកំពត នៅមិនទាន់ទទួលបានព័ត៌មានយ៉ាងណានោះទេ ខណៈភ្នំពេញប៉ុស្តិ៍បានទាក់ទងទៅកាលពីម្សិលមិញ លោក នៃ គង់ អភិបាលរង ខេត្តកំពត បានបដិសេធការធ្វើអត្ថាធិប្បាយ ដោយអះអាងថា កំពុងបូកសរុបករណីនេះ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញយ៉ាងខ្លីថា ៖ «ចាំខ្ញុំរួចដៃ បាទ ចាំខ្ញុំតេទៅវិញ ខ្ញុំកំពុងបូកសរុបការងារហ្នឹង»។
លោក ជាវ តាយ អភិបាលខេត្ដកំពត បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា ក្រុមការងារឆ្នេរបានចុះទៅមើលហើយដោយកំពុងធ្វើរបាយការណ៍ឡើងមកលើ ហើយលោកក៏មិនទាន់ទទួលបានព័ត៌មានលម្អិតដែរ។ ប៉ុន្តែយ៉ាងណា លោក ជាវ តាយ បានបញ្ជាក់ថា ជនល្មើសក្នុងការរំលោភបោះបង្គោលចូលសមុទ្រនេះ បើរកឃើញថា ពិតជាល្មើសមែន នោះនឹងមានវិធានការតាមច្បាប់។
លោកបានបញ្ជាក់ថា៖ «យើងមិនអនុញ្ញាតឲ្យនរណាធ្វើអ្វីដែលល្មើសច្បាប់ទេ ព្រោះខេត្តយើងជាសេនាធិការរបស់រដ្ឋាភិបាល ហើយក៏ជាតំណាងឲ្យរដ្ឋាភិបាល។ អ៊ីចឹងលិខិតបទដ្ឋានគតិយុត្តណាដែលមាន ឬក៏ច្បាប់ទម្លាប់ដែលមានហើយ នៅល្មើលត្រូវតែចាត់វិធានការ។ ប៉ុន្តែក្រុមការងារកំពុងតែធ្វើកិច្ចការនេះ»។
កាលថ្ងៃចន្ទ លោក កែវ សុជាតិ ប្រធានក្រុមហ៊ុន BLUE STAR REAL ESTATE Co.,Ltd ដែលបានផ្សព្វផ្សាយបន្តលក់អចលនទ្រព្យនិងលក់ដីដែលបានបោះបង្គោលចូលសមុទ្រពីម្ចាស់ដីនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ទីតាំងដីខាងលើមាន ម្ចាស់ដី អះអាងថា មានប្លង់ដីត្រឹមត្រូវ ហើយជាតំបន់ដីភក់សមុទ្រទទួលរងសម្ពាធទឹកជោរ និងនាចនៅពេលទឹកសមុទ្រជោរឡើង មើលទៅឃើញផ្ទៃទឹកសមុទ្រល្វឹងល្វើយ។ ប៉ុន្ដែក្រោយមានផ្ទុះព័ត៌មានរិះគន់លើបណ្ដាញសង្គមហ្វេសប៊ុកច្រើនពេក លោកបានសុំឲ្យម្ចាស់ផ្អាក ការលក់ដីនេះហើយ។
លោក ណាក់ សុវណ្ណារី អតីតអភិបាលក្រុងកំពត បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដោយបង្ហាញនូវការភ្ញាក់ផ្អើលលើបញ្ហាបោះបង្គោលរំលោភសមុទ្រនេះប៉ុន្តែលោកមិនដឹងពីសាច់រឿងនោះទេ។
លោក ប៊ី វ៉ាន់នី បុគ្គលិកអង្កេតផ្នែកសិទ្ធិមនុស្សនៃអង្គការសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តកំពត បានលើកឡើងថា យោងតាមច្បាប់ភូមិបាល និងការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក បានហាមឃាត់ការបំពាន និងរំលោភយកដីសមុទ្រ។
លោក ថា៖ «បើករណីពិតស្នើឲ្យមានវិធានការ និងស្វែងរកជនទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់។ យើងឃ្លាំមើលការអនុវត្តច្បាប់ ហើយបើត្រឹមត្រូវ យើងគាំទ្រ»៕