ក្រចេះ: អភិបាលខេត្ត​ក្រចេះ​បាន​ជំរុញ​ឲ្យ​សង្គម​ស៊ីវិល សមាគម​ និង​សហគមន៍​នៅ​មូលដ្ឋាន ប្រមាណ​ ១៥២ ​ស្ថាប័ន​នៅក្នុង​ខេត្ត​នេះ​ត្រូវគោរព​អនុវត្ត​តាមច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អព្យាក្រឹតភាព ផ្នែក​នយោបាយ ដោយ​មិន​ពាក់ព័ន្ធ​ជាមួយ នឹង​បដិវត្តន៍​ពណ៌​ ខណៈ ដែល​អង្គការ​សង្គម​ស៊ីវិល​និយាយ ថា អាជ្ញាធរ​នៅតែ​រំខាន​ដល់​ការបំពេញ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​។

ការជំរុញ​របស់ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ធ្វើ ឡើង​ក្នុង​វេទិកា​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ក្រោម​ប្រធានបទ «​ការពង្រឹង​កិច្ចសហការ​រវាង​អង្គការ​សង្គម​ស៊ីវិល និង​រាជរដ្ឋាភិបាល សំដៅ​សម្រេច​ឲ្យ​បាន​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​កម្ពុជា​» កាលពី​ព្រឹក​ថ្ងៃទី​ ១៩ ខែ សីហា​ឆ្នាំ​ ២០១៩ ​ដែល មាន​ការចូលរួម​ពី​លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ និង​បណ្តា​មន្ទីរអង្គភាព​ចំណុះ​សាលាខេត្ត​ និង​ពី​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សហគមន៍​មូលដ្ឋាន​ចំនួន​ ១៥២ ​ស្ថាប័ន​ក្នុង​ខេត្ត​នេះ​។

លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅក្នុង​វេទិកា​សហគមន៍​មូលដ្ឋាន​មួយចំនួន​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​របស់​ពួកគេ និង​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ស្វែងរក​ដំណោះស្រាយ​ដែល​ក្នុងនោះ​មាន​បញ្ហា​ការ​រុករាន​ដីព្រៃ​ និង​ទន្ទ្រាន​យក​ដី​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំណាកស្រុក និង​បទល្មើស​នេសាទ​។

ប៉ុន្ដែ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ដែល​អង្គការ​នេះ​ក៏​មាន​តំណាង​ប្រចាំ​នៅ​ខេត្ត​ក្រចេះ​ផងដែរ​នោះ បាន​ចាត់​ទុក​ការរៀបចំ​វេទិកា​របស់​អាជ្ញាធរ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ថា នៅតែ​មិន​បាន​ជួយ​អ្វី​ដល់​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​មូលដ្ឋាន​ដែល​ធ្វើការ​ទាក់ទង​នឹង​សិទ្ធិមនុស្ស​ និង​ការតស៊ូ​មតិ​នោះ​ទេ ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​បន្ត​រឹតត្បិត​សកម្មភាព​បំពេញ​ការងារ​របស់​ពួកគេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ថា​បើ​ការបង្កើត​ឡើង​ដោយ​មាន​ការយក​ចិត្តទុកដាក់ ហើយ​ទទួលយក​ព័ត៌មាន​នឹង​បញ្ហា​ទាំង​អស់ហើយ និង​មន្ត្រី​ដែល​មាន​តួនាទី​អនុវត្ត​ទាំងអស់​ត្រូវ​ធ្វើតាម​សេចក្តី​ណែនាំ​របស់​ក្រសួងមហាផ្ទៃ វា​នឹង​មិនមាន​បញ្ហា​ទេ តែ​ពួកគេ​មិនបាន​អនុវត្តតាម​ការណែនាំ​នោះទេ​។ យើង​នៅតែ​ឃើញ​មាន​មន្ត្រី​តាម​ឃ្លាំង​មើល និង​រំខាន​ដល់​ការធ្វើសកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើឲ្យ​មាន​ការព្រួយបារម្ភ​ដល់​អ្នក​ចូលរួម​»​។

ទោះ​យ៉ាងណា​លោក​អភិបាល​ខេត្ត វ៉ា ថន បាន​ថ្លែង​ថា​៖ «​យើង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​ក្នុង​ភាព​ជា​ដៃគូ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ខេត្ត និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។ បញ្ហា​ដែល​បាន​លើកឡើង​គឺ​ខាង​សហគមន៍​ព្រៃឈើ និង​នេសាទ​ពី​ការ​រុករាន​ និង​ទន្ទ្រាន​យក​ដី​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំណាកស្រុក​ហើយ​បទល្មើស​នេសាទ​ដែល​ទាមទារ​ឲ្យ​រដ្ឋអំណាច​យើង​ជួយ​ចុះបង្ក្រាប​ និង​ដោះស្រាយ​»​។

ទន្ទឹម​នឹង​នេះដែរ​លោក​ក៏បាន​ជំរុញ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ បន្ត​ពង្រឹង​សាមគ្គីភាព​ និង​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​ប្រកបដោយ​ឆន្ទៈ​ស្មោះត្រង់​ជាមួយ​រាជរដ្ឋាភិបាល​ចូលរួម​គោរព​អនុវត្ត​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រកាន់ខ្ជាប់​នូវ​អព្យាក្រឹតភាព​ផ្នែក​នយោបាយ​ដោយ​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​បដិវត្តន៍​ពណ៌​។

លោក​បន្តថា​៖ «​ឲ្យ​តែ​ (​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នៅ​មូលដ្ឋាន​) ​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ប្រកាន់ខ្ជាប់​នូវ​អព្យាក្រឹតភាព​ និង​តម្លាភាព​កុំ​តែ​ធ្វើ​ការងារ​បណ្តើរ​លួច​ធ្វើ​រៀបចំ​ផែនការ​បដិវត្តន៍​បណ្តើរ​»​។

លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​។

បើ​យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងមហាផ្ទៃ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ១៥ ​សីហា​ក្រសួង​នឹង​រៀបចំ​វេទិកា​ស្ដីពី​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ទី ៣ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី ២៩ ​ខែ​សីហា​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍនភាព​នៃ​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​នាពេល​កន្លងមក​ពោល​គឺ​ពិនិត្យ​អំពី​លទ្ធផល​ដែល​បាន​អនុវត្តតាម​ស្មារតី​ក្នុង​វេទិកា​លើក​ទី ២ ​កន្លង​មក ។

ការរៀបចំ​វេទិកា​របស់​អាជ្ញាធរ​រាជធានី-ខេត្ត ដើម្បី​ពិគ្រោះយោបល់​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក ស ខេង ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ធ្វើ​វេទិកាសាធារណៈ​ជាមួយ​​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដើម្បី​ជួយ​​ដោះស្រាយ​បញ្ហា​ប្រឈម និង​ផ្តល់​សេវាសាធារណៈ​កាន់តែ​មាន​ប្រសិទ្ធភាព​៕