ភ្នំពេញៈអភិបាល​ខេត្ត​ចំនួន​ពីរ​រូប​​​ រួម​មាន​អភិបាល​ខេត្ត​ក្រចេះ​ ​ដែល​បានចុះ​​ទៅ​មើល​​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​​រវាង​អ្នក​តវ៉ា​ និង​នគរ​បាល​​ កាល​ពី​ខែ​មីនា ​​នឹង​ត្រូវ​​ផ្ទេរ​ចេញ​​ពី​តំណែង​​នា​សប្តាហ៍​នេះ​។

​ក្រុម​មន្រ្តី​ កាល​ពី​ថ្ងៃ​​ទី ២៤ ខែ​មេសា បាន​ថ្លែង​ថា ការ​ផ្ទេរ​នេះ​ គឺ​ជា​​ការ​ឆ្លាស់​វេន​ ​​ដោយ​សារ​អ្នក​ទាំង​ពីរ​ជិត​ដល់​ឬ​ដល់​អាយុ​ចូល​និវត្តន៍​។

​លោក ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ​បាន​អះ​អាង​ថា ​អភិបាល​ខេត្ត​ប៉ៃ​លិន លោក កើត​ សុធា បាន​ដល់​អាយុ​ចូល​និវត្ត​ន៍​ ប៉ុន្តែ​បាន​ទទួល​ស្គាល់​​ថា អភិបាល​ខេត្ត​ក្រចេះ​លោក សរ ចំរុង ​នៅ​ក្រោម​អាយុ​ចូល​និវត្តន៍​។ ​លោក សុភ័គ បាន​ថ្លែង​ពាក់​ព័ន្ធ​​នឹង​អាយុ​ចូល​និវត្ត​ន៍​របស់​លោក ចំរុង​ ថា៖ «​​វា​គ្រាន់​តែ​មាន​​ការ​ខុស​គ្នា​បន្តិច​បន្តួច​។ ​ក្រសួង​មហា​ផ្ទៃ​ នឹងរក​កន្លែង​ឲ្យ​ពួក​គេ​​ធ្វើ​ការ​»។

​បើ​យោង​តាម​ឯក​សារ​​មួយ​ចុះ​ថ្ងៃ​ទី​ ២០ ខែ​មេសា ​និង​ទទួល​បាន​​កាល​ពី​ថ្ងៃ​​ទី ២៤ ខែ​មេសា​​ ​លោក ចំរុង​ នឹង​ត្រូវ​ជំនួស​ដោយ​​​អភិបាល​រង​បច្ចុប្បន្ន​ ​លោក វ៉ា ថន ដែល​នឹង​ត្រូវ​ចូល​​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២៧ មេសា​​។ ​

សារព័ត៌​មាន​​ Fresh News ដែល​ជា​សារព័ត៌មាន​គាំ​ទ្រ​រដ្ឋា​ភិបាល​ ​បាន​រាយការណ៍​​​ថា លោក សុធា ​នឹង​ត្រូវ​ជំនួស​ដោយ​​អភិបាល​រង​​របស់​លោក គឺ​លោក ផាន ចាន់​ថុល ដែល​នឹង​ត្រូវ​ផ្ទេរ​តំណែង​នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា​នេះ​​។

​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ លោក សុខ ឥសាន ​បាន​ថ្លែងថា ​ការ​ផ្ទេរ​នេះ​ មិន​គួរ​មើល​ឃើញ​ថា​ ជា​ការ​បណ្តេញ​ចេញ​នោះ​ទេ​។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «​នេះ​ជា​ការ​វិនិច្ឆ័យ​អវិជ្ជ​មាន​»។ លោក​បាន​ហៅ​ការ​ផ្ទេរ​ពី​​សាលា​ខេត្ត​ ទៅ​ក្រសួង​មហា​ផ្ទៃ​​ថា ​ជា​​ការ​ដំឡើង​ឋានៈ​។

​លោកក៏​​បាន​បន្ថែម​ថា ​របាយការណ៍​​មិន​ច្បាស់​លាស់​​ ដែល​រាយការណ៍​​ថា ការ​ដក ​លោក ចំរុង​​ ​ពាក់​ព័ន្ធ​នឹង​​ការ​ប៉ះ​ទង្គិច​នៅ​​ក្នុង​ខេត្ត​ក្រចេះ​ គឺ​កើត​ចេញ​ពី​«​ការ​វិភាគ​អគតិ​»​៕ PS ​