កោះកុង/កំពតៈ អភិបាលខេត្ត​នៅ​តាម​មាត់សមុទ្រ​បាន​ប្រកាស​ជំហរ​ប្តេជ្ញា​បន្តធ្វើ​ការទប់ស្កាត់​បទល្មើស​ចាក់ដី​បំពាន​នៅ​តាម​តំបន់ឆ្នេរ ដោយ​បាន​ណែនាំ​ឲ្យ​មន្ត្រី​មូលដ្ឋាន​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​តឹងរ៉ឹង​បន្ថែម​ទៀត និង​ត្រូវ​រាយការណ៍​បើ​មាន​បទល្មើស​កើតឡើង ដើម្បី​ចៀសវាង​ការទទួល​ពិន័យ​។

ការប្រកាស​ជំហរ​របស់​អាជ្ញាធរខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ធ្វើ​ឡើង បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ថ្ងៃ​ទី​ ២២ ខែធ្នូ បាន​បញ្ជា​ទៅ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​អភិបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​ ៤ មាន​ខេត្តកោះកុង កំពត កែប និង​ខេត្ត​ព្រះសីហនុ​ដោយ​ធ្វើ​យ៉ាងណា ការពារ​តំបន់ឆ្នេរ​ឲ្យ​បាន​ពី​ការរំលោភបំពាន​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​៖ «​ពិតមែន​ហើយ​យើង​មាន​គណៈកម្មការ​ឆ្នេរ​ដែល​មាន​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ជា​ប្រធាន និង​មាន​រដ្ឋមន្ត្រី​មួយ​ចំនួន​ធ្វើជា​អនុប្រធាន ក៏ប៉ុន្តែ​ភារកិច្ច​ទទួល​ខុសត្រូវ​ត្រូវតែ​ជា​គណៈ​អភិបាលខេត្ត​នីមួយៗ​ត្រូវ​ទទួល​ខុសត្រូវ​មើល​ឲ្យ​បាន​ដិតដល់​ឲ្យ​បាន​ល្អិតល្អន់​។ ហាម​ចាក់ដី​នៅ​ទីកន្លែង​ណា​ដែល​គ្មាន​ការអនុញ្ញាត​»​។

លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​នៅក្នុង​ឆ្នាំ ២០១៩ ​នេះ​អាជ្ញាធរខេត្ត​បាន​ចុះបង្ក្រាប និង​ទប់ស្កាត់​ការរំលោភបំពាន​តំបន់ឆ្នេរ និង​ការចាក់ដី​ចូល​សមុទ្រ ដើម្បី​ទន្ទ្រាន​យក​ដី ចំនួន ២ ​ករណី​។ លោកស្រី​បាន​បន្តថា បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុន​ចំនួន​បទល្មើស​នេះ​មាន​ការថយចុះ ហើយ​នៅ​ឆ្នាំ​ ២០២០ ​ខាងមុខ​ខេត្ត​នឹង​អនុវត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។

លោកស្រី​ថា​៖ «​យើង​នឹង​បន្ត​អនុវត្ត​ច្បាប់​បន្ត​ពង្រឹង​ការត្រួតពិនិត្យ​បន្ថែមទៀត ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ជាមួយ​នឹង​អង្គភាព​ពាក់ព័ន្ធ និង​គណៈកម្មាធិការ​ឆ្នេរ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បន្ថែមទៀត​»​។ ជាមួយ​នឹង​ការប្រកាស​នេះ​លោកស្រី​ ភូថង បាន​លើក​ឧទាហរណ៍​ករណី​ចាក់​លុប​សមុទ្រ​ពី​សំណាក់​មន្ត្រី​យោធា​ផ្កាយ ២ ដែល​ករណី​នេះ​មន្ត្រី​មូលដ្ឋាន​បាន​ចូលរួម​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​បាន​ប្តឹង​ដោយផ្ទាល់​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​។

លោក ជាវ តាយ អភិបាល​ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​ទាំងនេះ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​ចូលរួម​ឲ្យ​បាន​សកម្ម និង​ត្រូវ​រាយការណ៍​មក​ថ្នាក់​ខេត្ត​បើ​ឃើញ​មាន​ករណី​រំលោភបំពាន​កើតឡើង​នៅក្នុង​តំបន់​របស់​ខ្លួន​។ លោក​បន្តថា​ចាប់ពី​នេះ​ទៅ​គឺ​មិនអាច​បណ្តែត​បណ្តាយ​បាន​នោះទេ ចំពោះ​ការរំលោភបំពាន​តំបន់ឆ្នេរ​។

លោក​ថា​៖ «​បទល្មើស​ដែល​ចាក់ដី​លើ​តំបន់ឆ្នេរ​ហ្នឹង​មិនមាន​អ្នកណា​ប្រាប់​យើង​មុន​ទេ ដូច្នេះ​រដ្ឋបាល​ខេត្ត​មាន​វិធានការ អ្នកណា​ដែល​ល្មើសច្បាប់​គឺ​អនុវត្ត​ច្បាប់ បើ​ទោះ​មាន​ករណី​ចាក់​ចូល​បន្តិចបន្តួច​ក៏​តម្រូវ​ឲ្យ​កាយ​វិញ​ដែរ​»​។ លោក​ថា​៖ «​ដូច​រាល់​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​យើង​តែង​ដាក់​គោលដៅ​នៅ​តំបន់​រដ្ឋបាល​ណា​ដែល​កើតឡើង គឺ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​មិន​អាច​ឆ្លើយថា មិនដឹង​ទេ​»​។

បើ​តាម​លោក ជាវ តាយ នៅក្នុង​ឆ្នាំ ២០១៩ បទល្មើស​រំលោភបំពាន​តំបន់ឆ្នេរ​សមុទ្រ​មាន​ការកើនឡើង​ជាង​ឆ្នាំ​ ២០១៨ ហើយ​ការកើនឡើង​នេះ​ដោយសារ​តែ​កត្តា​ដី​ក្នុង​តំបន់​នេះ​មាន​ការឡើងថ្លៃ​ដែល​ធ្វើឲ្យ​ឈ្នួញ និង​ប្រជាពលរដ្ឋ តែង​វាតទី​ទន្ទ្រាន​ព្រែក ឆ្នេរសមុទ្រ ដើម្បី​យក​ដី​។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ថ្លែង​ថា​ក្នុង​នាម​លោក​ជា​អ្នកតំណាង​ពលរដ្ឋ​ម្នាក់​លោក​នឹង​បន្ត​ឃ្លាំមើល​បន្តទៀត​។ លោក​ថា​៖ «​ចំពោះ​ការឃ្លាំមើល​តំបន់ឆ្នេរ​ទាំង​ ៤ ខេត្ត ខ្ញុំ​មិន​បោះបង់​ទេ ទោះបី​មាន​ការបញ្ជា​ពី​សម្តេចតេជោ​យ៉ាងនេះ​ក្តី​។ ខ្ញុំ​នៅតែ​ដាក់​ភ្នែក​ខ្ញុំ​ទាំង​គូ នៅឯ​ខេត្ត​ទាំង​ ៤ ​នោះ​ដើម្បី​ពិនិត្យមើល​ការចាក់​រំលោភបំពាន​យក​តំបន់ឆ្នេរ​ហើយ​ចំពោះ​ករណី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នេះ ខ្ញុំ​គាំទ្រ ព្រោះ​ថា​បើ​មាន​បទល្មើស​គឺ​យើង​ត្រូវ​ធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប​»​។

បន្ថែម​ពីនេះ​លោក​ ស្រស់ ​ស្នើសុំ​ «​កុំ​ពន្យារពេល​ក្នុង​ការបង្ក្រាប​គឺ​មានន័យថា ធ្វើឲ្យ​ក្តៅ​ដូច​នៅ​ខេត្ត​កោះកុង​អ៊ីចឹង ព្រោះ​កាលណា​តែ​យើង​ពន្យារពេល​គឺ​ធ្វើ​ឲ្យ​រឿង​ស្ងប់ស្ងាត់​ដែល​ធ្វើឲ្យ​ជនខិលខូច​បន្ត​ការចាក់​លុប​ទៀត​។​...​គឺ​ចង់​ឲ្យ​អាជ្ញាធរខេត្ត​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ឃ្លាំមើល​ឲ្យ​បាន​ដិតដល់​»៕