
លោក កាំង វ៉ាន់ឌី មេឃុំចុងជាច។ រូបថត FN
ត្បូងឃ្មុំៈ អភិបាលខេត្តត្បូងឃ្មុំនឹងកោះហៅ មេភូមិ អនុភូមិ និងសមាជិកក្រុមប្រឹក្សាឃុំ ចុងជាចចំនួន ១៩ រូប ដើម្បីមកឆ្លើយបំភ្លឺនៅដើមខែក្រោយ ចំពោះពាក្យបណ្តឹងរបស់ពួកគេដែលស្នើសុំផ្លាស់ប្តូរមេឃុំចុងជាច លោក កាំង វ៉ាន់ឌី ចំពោះអ្វីដែលពួកគេចោទថា មេឃុំរូបនេះបានគាបសង្កត់ពួកគេ និងពលរដ្ឋ និងធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍក្នុងឃុំ។
លោក កេង ប៊ុនណ្ណា អ្នកនាំពាក្យសាលាខេត្តត្បូងឃ្មុំបានថ្លែងកាលពីថ្ងៃពុធថា បន្ទាប់ពីលោកអភិបាលខេត្តបានទទួលពាក្យបណ្តឹង និងបានពិនិត្យទៅលើបណ្តឹងរួចហើយ លោកអភិបាលខេត្តនឹងធ្វើការកោះហៅលោកមេឃុំចុងជាច និងមេភូមិ ព្រមទាំងសមាជិកក្រុមប្រឹក្សាដែលបានដាក់ពាក្យប្តឹង ដើម្បីធ្វើការបំភ្លឺពាក់ព័ន្ធនឹងករណីស្នើសុំផ្លាស់ប្ដូរមេឃុំចុងជាចចេញពីតំណែង។
លោកបញ្ជាក់ថា៖ «លោកនឹងធ្វើការអញ្ជើញភាគីទាំងសងខាង ទាំងលោក មេឃុំ និងមេភូមិដែលបានប្តឹងផ្តល់គ្នាហ្នឹងមកសួរនាំ មូលហេតុរបៀបម៉េច ហើយយើងនឹងមានវិធានការ និងចំណាត់ការតាមក្រោយ»។
ក្រុមប្រឹក្សាឃុំចុងជាច ម្នាក់ដែលបានចូលរួមដាក់ពាក្យប្តឹងហើយសុំមិនបញ្ចេញឈ្មោះថ្លែងថា មេភូមិ និងសមាជិកក្រុមប្រឹក្សាស្ទើរតែទាំងអស់នៃឃុំចុងជាច ស្រុកតំបែរ បាននាំគ្នាឈប់ចូលធ្វើការចាប់តាំងពីថ្ងៃទី ១៧ ខែមករា ដោយសារចង់ផ្លាស់ប្ដូរ មេឃុំចុងជាចចេញពីតំណែងដោយសារតែមេឃុំរូបនេះធ្វើការគាបសង្កត់ប្រជាពលរដ្ឋ និងស្តីបន្ទោសថ្នាក់ក្រោមដោយគំរាមដកចេញពីតំណែង។
លោកបានបន្ថែមថា៖ «ភាគច្រើនគឺពួកគាត់ (ក្រុមប្រឹក្សាមេភូមិ និងអនុភូមិ) មិនបានទៅធ្វើការនោះទេ។ គាត់មិនពេញចិត្តលោកមេឃុំដោយសារតែលោកមេឃុំគាត់ធ្វើការដោយមិនមានសីលធម៌ ដោយទម្លាក់កំហុស និងស្តីបន្ទោសដល់ថ្នាក់ក្រោម»។
បើយោងតាមបណ្តឹងដែលមានហត្ថលេខារបស់មេភូមិ អនុភូមិ និង ក្រុមប្រឹក្សាឃុំចំនួន ១៩ រូបចុះថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០ បានឲ្យដឹងថា ពួកគេទាំង ១៩ នាក់ សំណូមពរឱ្យលោកអភិបាលស្រុកតំបែរផ្លាស់ប្តូតំណែងមេឃុំចុងជាចលោក កាំង វ៉ាន់ឌី ចេញពីតំណែងដោយសារមេឃុំរូបនោះ បានធ្វើកំហុសឆ្គងជាច្រើននាពេលកន្លងមក ធ្វើឲ្យមន្ត្រីពិបាកធ្វើការជាមួយ។
បណ្តឹងបញ្ជាក់ថា៖ «(មេឃុំ) ធ្វើការស្តីបន្ទោសថ្នាក់ក្រោមដោយគំរាមដកចេញពីតំណែងក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកភូមិ ស្មៀនឃុំ គ្រូមតេ្តយ្យ សហគមន៍ជាដើម។ និយាយទម្លាក់កំហុសឲ្យមន្ត្រីក្រោមឱវាទរាយការណ៍ទៅថ្នាក់លើ។ ធ្វើឲ្យប៉ះពាល់សតិអារម្មណ៍របស់ពលរដ្ឋដោយមានការគាបសង្កត់ កោសរូស យកលុយពីពលរដ្ឋដែលមកទទួលសេវាផ្សេងៗ»។
ពាក្យបណ្តឹងបន្តថា៖ «(មេឃុំ) បំផុសបំផុល និងរារាំងការកសាងសមិទ្ធផលនានាតាមភូមិ។ ជាក់ស្តែងដូចភូមិជាចកើតមានរបាយការណ៍មេភូមិស្រាប់ និងការងារជាច្រើនទៀតដែលយើងខ្ញុំភ្ជាប់ របាយការណ៍មកជាមួយស្រាប់»។
ប៉ុន្តែលោក កាំង វ៉ាន់ឌី មេឃុំចុងជាច ថ្លែងថាមានម្នាក់ឈ្មោះឧកញ៉ា ឆាយ ជ្រាយ បានញុះញង់ឲ្យមន្ត្រីមេភូមិ អនុភូមិ និង ក្រុមប្រឹក្សាឃុំចំនួន ១៩ រូបធ្វើការស្នើសុំដករូបលោកចេញពីតំណែងដោយសារតែលោកបានរារាំង និងបានធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីឈើរបស់លោកឧកញ៉ារូបនោះ។
លោកបានបញ្ជាក់ថា៖ «ពាក្យបណ្តឹងនេះមានការញុះញង់ និងបំផុសបំផុលពីអ្នកមានអំណាចដែលនៅពីក្រោយខ្នង។ នេះគឺជារឿងអយុត្តិធម៌ចំពោះខ្ញុំ។ ខ្ញុំបានធ្វើការណែនាំមេភូមិ តែមិនមែនស្តីបន្ទោសនោះទេ។ គេចង់ធ្វើស៊ីរូបខ្ញុំ និងយកតំណែងរបស់ខ្ញុំ។ គេមិនពេញចិត្តការដឹកនាំរបស់យើង។ ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំ នឹងរកយុត្តិធម៌ជូនខ្ញុំ»។
មិនមានប្រភពទាក់ទងដើម្បីសុំការបំភ្លឺពីលោកឧកញ៉ា ឆាយ ជ្រាយ បានទេកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕