ត្បូងឃ្មុំ៖ រដ្ឋបាល​ខេត្ត​ត្បូងឃុំ សម្រេច​បិទ​ការ​ចេញ​ចូល​បណ្តោះអាសន្ន​នូវ​ភូមិ​រកាធំ ឃុំ​ជីរោទ៍​ទី១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដោយហេតុ​មាន​អ្នក​វិជ្ជមា​កូវីដ ១៩ ចំនួន ២ នាក់ ដែល​បាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រីឯ​ការ​សម្រេច​បើក​ភូមិ​ឡើង​វិញ​នោះ មិន​បាន​កំណត់​ពី​កាលបរិច្ឆេទ​នោះ​ទេ រហូត​ដល់​មាន​ការ​សម្រេច​ជា​ថ្មី។

យោង​តាម​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ របស់​លោក ជាម ច័ន្ធសោភ័ណ អភិបាល​ខេត្ត​ត្បូងឃ្មុំ។

យោង​តាម​សេចក្តី​សម្រេច​ដដែល​នេះ​ក៏​បាន​សម្រេច​លើកលែង ក្នុង​ករណី​ចាំបាច់​មួយ​ចំនួន​រួមមាន​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​លក់​ម្ហូប​អាហារ ឬ​គ្រឿង​ឧបភោគ​បរិភោគ និង​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ការ​ធ្វើ​ដំណើរ​ដោយ​មាន​បញ្ហា​សុខភាព​បន្ទាន់ ការ​ធ្វើ​ដំណើរ​ទៅ​បង្ហាញ​ខ្លួន​ឱ្យ​មន្ត្រី​សុខាភិបាល ធ្វើ​ការ​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូវីដ ១៩ និង​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ តាម​កាល​កំណត់ ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិកពេទ្យ​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន មន្ត្រី​រាជការ ក្រុម​ពន្លត់​អគ្គិភ័យ ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ដើម្បី​បំពេញ​បេសកកម្ម​កងកម្លាំង​ និង​ការ​ធ្វើ​ដំណើរ​ដោយ​មាន​មូលហេតុ​ចាំបាច់​បន្ទាន់​ផ្សេងៗ​ទៀត ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក ចេង ប៊ុណ្ណារ៉ា អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ និង​ជា​អ្នក​ទទួល​បន្ទុក​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ នេះ​ថា សម្រាប់​អ្នក​កើត​ជំងឺ​កូវីដ ១៩ ចំនួន ២ នាក់ នេះ​ត្រូវ​បាន​ដឹក​យក​មក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ផ្សេង​ទៀត នឹង​ត្រូវ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ ១៩ បន្ថែម​ទៀត។

លោក ចេង ប៊ុណ្ណារ៉ា រហូត​មក​ដល់​ពេល​នេះ ខេត្ត​ត្បូងឃ្មុំ​បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវីដ ១៩ មាន​ជាង ២០ នាក់ ក្នុង​នោះ​ក៏​មាន​ការ​ព្យាបាល​ជា​បណ្តើរៗ​ហើយ ដែល​សល់​ប្រមាណ ៤ ទៅ ៥ នាក់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ស្លាប់​នោះ​ទេ​៕