បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អះអាងថា រដ្ឋបាលខេត្ត​​បាន​ព្យាយាម​ចរចា​ជាមួយ​ភាគី​ថៃ​អស់ហើយ ដើម្បី​ឲ្យ​កម្មករ​អូស​រទេះ និង​អាជីវករ​កម្ពុជា​អាច​ចេញចូល​តាម​ច្រកព្រំដែន​បាន ប៉ុន្តែ​សំណើ​នេះ​ត្រូវ​ថៃ​បដិសេធ​ក្រោម​ហេតុផល​ជំងឺ​កូវីដ​ ១៩ ខណៈ​ស្ទើរ​រាល់ថ្ងៃ​មាន​ពលរដ្ឋ​ខ្មែរ​ពី​ ១០ ​ទៅ​ ២០ ​នាក់​បាន​លួច​ឆ្លងដែន​ចូល​ប្រទេស​នេះ​។

ការអះអាង​យ៉ាង​ដូច្នេះ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ​» ​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​ដែល​មាន​អ្នកចូលរួម​ជិត​ ៤០ ​នាក់​។

លោក​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា​៖ «​ខេត្តបន្ទាយមានជ័យ​យើង ប្លែក​ពី​គេ​ទូទាំង​ប្រទេស ហើយ​បញ្ហា​ប្រឈម​គឺ​កម្មករ​អូស​រទេះ​នេះឯង ព្រោះ​ពេល​ច្រក​ប៉ោយប៉ែត​បើក​ធម្មតា គាត់​ដឹក​ទំនិញ គាត់​យក​ទៅ​ដឹក​ជាមួយ​ក្រុម​កម្មករ​អូស​រទេះ ដោយ​មិន​សូវ​ប្រើប្រាស់​តាម​រថយន្ត​ទេ​។ ការធ្វើ​ដូច្នេះ​ក៏​មាន​ផលប្រយោជន៍​ដែរ គឺ​បាន​ផលប្រយោជន៍​ទៅ​បងប្អូន​កម្មករ​ដែល​អូស​រទេះ​នោះ ពួកគាត់​ជា​កម្មករ​ក្រីក្រ និង​ពិការ​ដែរ​»​។

លោក​បន្តថា ដោយសារ​មកទល់​ពេល​នេះ​ប្រទេស​ថៃ​នៅតែ​បិទ​ប្រទេស​របស់គេ ដោយសារ​បញ្ហា​កូវីដ​ ១៩ និង​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ ឬ​ជនបរទេស ចេញ​​ចូល​ប្រទេស​គេ​ទេ បើ​ទោះ​អាជ្ញាធរ​កម្ពុជា​បាន​ព្យាយាម​ចរចា​យ៉ាងណា ក៏​ថៃ​មិន​ព្រម​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​និយាយ​ឲ្យ​ចំ ខ្ញុំ​បាន​ព្យាយាម​ទៅ​ប្រជុំ​ផ្ទាល់​ជាមួយ​អភិបាលខេត្ត​ស្រះកែវ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​សំណូមពរ​ថា ពី​មុន​រទេះ​ ១ ​មាន​គ្នា​ក៏​ ១០ ​នាក់​ដែរ ដើម្បី​រុញ​រទេះ​នេះ​ទៅបាន ប៉ុន្តែ​ពេលនេះ​រទេះ​ ១ ​មាន​គ្នា​តែ​ ៤ ​នាក់​ ក៏​គេ​មិន​អនុញ្ញាត​ដែរ ដោយសារ​តែ​មនុស្ស​ចូល​ប្រទេស​គេ​។ ​នេះ​គឺជា​ការហាមឃាត់​ពី​ខាង​ភាគី​ថៃ យើង​ក្នុង​នាម​អាជ្ញាធរ ព្យាយាម​ខំ​ជួយ​ណាស់ ប៉ុន្តែ​គេ​មិន​អនុញ្ញាត​យើង​តែប៉ុណ្ណោះ​»​។

ពាក់ព័ន្ធ​នឹង​ការ​ឆ្លងដែន​ចេញចូល​វិញ​លោក អ៊ុំ រាត្រី បាន​អះអាង​ថា បច្ចុប្បន្ន​នៅតែ​មាន​ពលរដ្ឋ​ខ្មែរ​ត្រឡប់​ពី​ថៃ​ចន្លោះ​ពី​ ២០០ ​នាក់ ​ទៅ​ ៣០០ ​នាក់​ក្នុង​ ១ ​ថ្ងៃ និង​មាន​ពលរដ្ឋ​កម្ពុជា​ចន្លោះ​ពី​ ១០ ​ទៅ​ ២០ ​នាក់ ​នៅ​តែ​ព្យាយាម​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ​វិញ​តាម​ច្រករបៀង​តូចៗ ខណៈ​សកម្មភាព​នេះ​ត្រូវបាន​ហាមឃាត់​ និង​ត្រូវ​ថៃ​ចាប់​បញ្ចូន​ត្រឡប់​មកវិញ​ស្ទើរ​រាល់ថ្ងៃ​។

លោក​ថា​៖ «១៥៣ ​គីឡូម៉ែត្រ​ (​ព្រំ​ជាប់​ប្រទេស​ថៃ​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​) ​បើ​ខ្ញុំ​មិន​ច្រឡំ​ទេ គឺ​ដូចជា​មាន​ជាង​ ៥០ ​ច្រក​ (​របៀង​)​។ ​ប៉ុន្តែ​ច្រក​ទាំងអស់​នេះ​គឺ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ចេញ-ចូល​ទេ គឺ​សម្រាប់​សមត្ថកិច្ច គាត់​ត្រួតពិនិត្យ និង​ឈរជើង​ដែល​កន្លែង​ខ្លះ​មាន​នគរបាល​ព្រំដែន កន្លែង​ខ្លះ​កងទ័ព​គាត់​ឈរជើង ហើយ​មិនមែន​មាន​ន័យថា ការឈរជើង​នោះ ប្រជាពលរដ្ឋ​អាច​ចេញចូល​ (​ឆ្លងដែន​) ​បាន​ទេ​»​។

ការប្រកាស​បិទ​ច្រក និង​ពន្យារពេល​បិទ​ប្រទេស​របស់​រដ្ឋាភិបាល​ថៃ​បាន​ធ្វើឲ្យ​ក្រុមកម្មករ​អូស​រទេះ​រាប់រយ​នាក់ និង​ក្រុមអាជីវករ​មួយ​ចំនួន​ផង​បាន​ប្រកាស​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ខ្មែរ​អន្តរាគមន៍​ទៅ​ភាគី​ថៃ សុំ​បើកទ្វារ​ព្រំដែន​ឡើង​វិញ​។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ហាមឃាត់​ដោយ​មាន​​ទាំង​កម្លាំង​ចាំ​រារាំង​ផង​។

លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រចាំ​នៅ​ច្រក​ប៉ោយប៉ែត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​​ប្រសិន​បើ​អាជ្ញាធរ​កម្ពុជា​ពិតជា​បាន​លើក​ពី​កង្វល់​របស់​កម្មករ​ទៅ​កាន់​អាជ្ញាធរ​ថៃ​មែន​គឺជា​រឿង​ល្អ​។

ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា​អាជ្ញាធរ​​កម្ពុជា​ពិតជា​បាន​លើ​បញ្ហា​នេះ​ទៅ​ចរចា​ជាមួយ​ថៃ​នោះ​ទេ ព្រោះ​​ថា​ក្នុង​របាយការណ៍​ភាគី​ថៃ​មិន​មាន​បញ្ជាក់​ពី​ការទាមទារ​ពី​​កម្ពុជា​ក្នុង​បញ្ហា​នេះ​ទេ​។

លោក​បាន​បន្តថា​៖ «​ក្នុងអំឡុង​ពេលនេះ កម្មករ​អូស​រទេះ និង​ក្រុមអាជីវក​ដែល​ផ្ញើ​អាយុជីវិត​ និង​របស់ទ្រព្យ​នៅក្នុង​ទឹកដី​ថៃ មិន​ត្រឹម​តែ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូវីដ ​១៩ ប៉ុណ្ណោះ​ទេ ពួកគាត់​កំពុង​ជួបប្រទះ​បញ្ហា​ខ្វះខាត​ជីវភាព​ខ្លាំង ព្រោះ​តែ​មិនអាច​ស្វែង​ចំណូល ហើយ​ប្រឈម​នឹង​បំណុល​ថែមទៀត​»​។

បន្ថែម​ពីនេះ​លោក​ ពុទ្ធិ បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គួរ​ហាម​រថយន្ត​ដឹកទំនិញ​របស់​​ថៃ​ឲ្យ​តឹងរ៉ឹង​ជាង​នេះ ខណៈ​ទំនិញ​​កម្ពុជា​ដឹក​ចូល​ទៅ​ប្រទេស​ថៃ​ មាន​ភាពរឹតត្បិត​ខ្លាំង ប៉ុន្តែ​ពេល​​ភាគី​ថៃ​ដឹក​មក​កម្ពុជា​វិញ ហាក់​មិន​មាន​ការរឹតត្បិត​នោះ​ទេ​៕