
ម៉ូតូជិះឆ្លងកាត់មុខកាស៊ីណូមួយកន្លែងក្នុងខេត្តបន្ទាយមានជ័យ នាពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ បានចេញសេចក្ដីសម្រេចបិទកាស៊ីណូទាំងអស់ដែលមានទីតាំងនៅក្នុងខេត្តជាបណ្ដោះអាសន្ន ក្រោយពីបានរកឃើញមានអ្នកផ្ទុកមេរោគកូវីដ ១៩ ១៧១ នាក់។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីសម្រេចនោះ មិនបានបញ្ជាក់ពីពេលវេលានៃការបើកឱ្យកាស៊ីណូទាំងនោះដំណើរការឡើងវិញនោះទេ។
សេក្តីសម្រេចនេះបញ្ជាក់ថា៖ «ត្រូវបានបិទអាជីវកម្មកាស៊ីណូក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី»។
លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យថ្លែងថា ការផ្អាកអាជីវកម្មកាស៊ីណូនៅក្នុងខេត្តនេះ ផ្តើមចេញពីការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ពីអ្នកលេងនៅក្នុងកាស៊ីណូ។
លោក ឈឿន ក្រៃយ៉ុង ថ្លែងថា៖ «ដោយមើលពីការផ្ទុះនេះ រដ្ឋបាលខេត្តក៏បានសម្រេចផ្អាករាល់កាស៊ីណូដែលកំពុងធ្វើអាជីវកម្មនៅក្នុងក្រុងប៉ោយប៉ែតទាំងអស់។ បើមិនមានការពាក់ព័ន្ធទេ គឺមិនមានការបិទកាស៊ីណូនេះដែរ»។
លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី ២៣ ខែឧសភា មន្ទីរសុខាភិបាលបានរកឃើញជំងឺរលាកសួតលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលបានទៅព្យាបាល។ បន្ទាប់ពីនោះមក មន្ទីរបានរកឃើញអ្នកផ្ទុកជំងឺកូវីដ ១៩ ចំនួន ១៧១ ករណី គិតត្រឹមថ្ងៃ ទី ២៧ ខែមេសានេះ៕