បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ថ្នាក់​ខេត្ត​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ត្រៀម​រៀបចំ​គ្រប់គ្រង និង​ចាត់ចែង​បូជា​សាកសព ដែល​មាន​ផ្ទុក​មេរោគ​កូវីដ ១៩។

លោក​បាន​លើក​ឡើង​ក្នុង​សេចក្តី​សម្រេច​នេះ​ថា​ ក្រុម​ការងារ​ថ្នាក់​ខេត្ត ដើម្បី​ត្រៀម​រៀបចំ គ្រប់គ្រង និង​ចាត់ចែង សាកសព​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​កូវីដ ១៩ មាន​តួនាទី និង​ភារកិច្ច​ក្នុង​ការ​ពិនិត្យ និង​តាមដាន​ព័ត៌មាន​ស្តីពី​ករណី​អ្នក​ជំងឺ​កូវីដ ១៩ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ជា​ប្រចាំ។

លោក អ៊ុំ រាត្រី បាន​បន្ត​ថា៖ «ក្រុម​ការងារ​ត្រូវ​ជ្រើសរើស​ទីតាំង​សម្រាប់​រៀបចំ​ឈាបនដ្ឋាន​បូជា​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ដោយ​គិតគូរ​ពី​សុវត្ថិភាព និង​មិន​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដទៃ​ឡើយ»។

ក្រុម​ការងារ​ក៏​ត្រូវ​រៀបចំ​ក្រុម​ការងារ​បូជា​សព និង​បញ្ចុះសព​សម្រាប់​សាសនា​អ៊ិស្លាម​ផង​ដែរ ហើយ​ការ​បូជា​សព​ត្រូវ​គោរព​តាម​វិធាន​ការ​របស់​ក្រសួង​សុខាភិបាល។

ក្រុម​ការងារ​នេះ ត្រូវ​រៀបចំ​ប្រគល់​អដ្ឋិធាតុ​ជូន​គ្រួសារ​សព ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​តាម​ទំនៀម​ទម្លាប់ ប្រពៃណី និង​សាសនា។

ជាមួយ​គ្នា​នេះ លោក អ៊ុំ រាត្រី បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​ថ្នាក់​ខេត្ត ដើម្បី​ត្រៀម​រៀបចំ​គ្រប់គ្រង និង​ចាត់ចែង​សាកសព ដែល​មាន​ផ្ទុក​មេរោគ​កូវីដ ១៩ រៀបចំ​កន្លែង​បូជា​សព​ជនជាតិ​ខ្មែរ​នៅ​ឈាបនដ្ឋាន​វត្ត​ខ្លែង​តំណ ស្ថិត​ក្នុងឃុំស្លក្រាម ស្រុក​ស្វាយចេក ឯ​ការ​រៀបចំ​កន្លែង​បញ្ចុះ​សព​ជនជាតិ​អ៊ិស្លាម​ត្រូវ​ធ្វើ​នៅ​វត្ត​ខ្លែងពណ៌ ក្នុង​ឃុំស្លក្រាម ស្រុក​ស្វាយចេក និង​ត្រូវ​អនុវត្តន៍​ភារកិច្ច​ផ្សេងៗ​ទៀត តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​ថ្នាក់​ដឹកនាំ​ខេត្ត។

លោក​បាន​បញ្ជាក់​ថា ចំពោះ​វិធានការ​បូជា​សព​ចំពោះ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ឆ្លង​នេះ ត្រូវ​បាន​លើកលែង​ចំពោះ​ជនជាតិ​ខ្មែរ​អ៊ិស្លាម និង​ជនជាតិ​ដើម​ភាគ​តិច ដោយ​ធ្វើ​ការ​បញ្ចុះ​សព​ឱ្យ​ស្រប​ទៅ​តាម​ជំនឿ ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​សាសនា​របស់​ពួក​គេ៕